ចាប់ខ្លួនមេខ្យល់ ២នាក់ រត់ការនាំនារី ក្រមុំ ទៅយកប្ដី នៅអូស្ដ្រាលី

6/03/2014 0 Comments A+ a-


go to austalia
កណ្ដាល ៖ កម្លាំងនគរបាលស្រុកខ្សាច់ កណ្ដាល កាលពីល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០១៤ បានឃាត់ខ្លួនមេខ្យល់ ២នាក់ ជាប់ ពាក់ព័ន្ធនឹងសកម្មភាពជួញដូរ និងរត់ការនាំ នារីក្រមុំ ២នាក់ ទៅយកប្ដីនៅអូស្ដ្រាលី ។
មន្ដ្រីនគរបាលស្រុកខ្សាច់កណ្ដាល បាន ឱ្យដឹងថា ក្រោយពីមានការស្រាវជ្រាវតាម ជំនាញរបស់ខ្លួនរួចមក កម្លាំងនគរបាលបាន ឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យ ២ នាក់ ស្រីម្នាក់ ប្រុសម្នាក់ នៅភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្ដ កណ្ដាល ។
បើតាមសមត្ថកិច្ចជនសង្ស័យទាំង២នាក់ រួមមាន ទី១ ឈ្មោះ រឿន រុន ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ តាកែវទី១ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល និងស្ដ្រីម្នាក់ទៀតឈ្មោះ រី អាយុ ៣០ឆ្នាំ រស់នៅភូមិតង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម ។ ដោយឡែកជនរងគ្រោះ ទាំង ២នាក់ ដែលសមត្ថកិច្ចបានជួយសង្គ្រោះ នោះរួមមានទី១ ឈ្មោះ យ.ស.ន អាយុ ១៩ឆ្នាំ មុខរបរ កសិករ ស្រុកសន្ទុក ខេត្ដ កំពង់ធំ និងម្នាក់ទៀត ឈ្មោះ ជ.ស.រ អាយុ ១៧ឆ្នាំ មុខរបរ កសិករ រស់នៅស្រុកជា មួយគ្នា ។
បើតាមសមត្ថកិច្ច កាលពីកន្លះខែមុន ជនសង្ស័យឈ្មោះ រី បានទៅនិយាយលួង លោមជនរងគ្រោះ ឱ្យយកប្ដីនៅប្រទេស អូស្ដ្រាលី លុះដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០១៤ ជនសង្ស័យរូបនេះបាននាំជនរង គ្រោះទាំង ២នាក់ ទៅដេកនៅកំពង់ចាម លុះដល់ ៣ថ្ងៃក្រោយ វេលាម៉ោង ៥ព្រឹក ជនសង្ស័យបានដឹកជនរងគ្រោះ មកភ្នំពេញ ហើយប្រគល់ទៅឱ្យជនសង្ស័យម្នាក់ទៀត ឈ្មោះ រឿន រុន ត្រូវដឹកបន្ដទៅវិហារសួគ៌ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅទីនោះតែម្ដង។ ជនរងគ្រោះទាំង២នាក់ ត្រូវបានជនសង្ស័យ ខាងលើនាំទៅធ្វើលិខិតឆ្លងដែនរួចហើយ គោលបំណង នាំទៅអូស្ដ្រាលី ដើម្បីរៀប ការដោយខុសច្បាប់នៅទីនោះ ។ បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ ត្រូវបានឃុំខ្លួនជា បណ្ដោះអាសន្ន នៅអធិការនគរបាលស្រុក ខ្សាច់កណ្ដាល ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ។ ដោយឡែកនារីរងគ្រោះទាំង ២នាក់ ត្រូវ បានសមត្ថកិច្ច ប្រគល់ទៅឱ្យក្រុមគ្រួសារ ត្រឡប់ទៅវិញ ៕
_______________
ផ្តល់សិទ្ទិដោយ៖dap-news.com