ក្រុមរដ្ឋាករទឹកស្វយ័ត ជីកផ្លូវដាក់លូ និងទុយោ បាក់ដីសង្កត់កម្មករ ស្លាប់ម្នាក់
ភ្នំពេញ ៖ កម្មកររបស់
អង្គភាពរដ្ឋាករទឹក ស្វយ័តក្រុង ភ្នំពេញ ៣នាក់ ត្រូវដីបាក់សង្កត់
កប់នៅក្នុងរណ្ដៅ ជាងកន្លះម៉ោង ទំរាំកាយ យកចេញ ក្រោយពីពួកគេកំពុងតែជីករណ្ដៅ
ដាក់លូនិងទុយោ កាលពីវេលាម៉ោង២រសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៤
ស្ថិតនៅតាមផ្លូវវ៉េងស្រេង ក្នុងភូមិដំណាក់ធំ៣ ក្រុមទី៣ សង្កាត់ស្ទឹងមានជ័យ
ខណ្ឌមានជ័យ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួស២នាក់។
សាក្សីនៅកន្លែងកើតហេតុ បាននិយាយ ថា មុនដំបូងក្រុមការងាររបស់អង្គភាព រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
បាននាំគ្នាជីករណ្ដៅ នៅតាមផ្លូវវ៉េងស្រេង ដើម្បីដាក់ប្រព័ន្ធលូ និងទុយោ
ប៉ុន្ដែពេលពួកគេ កំពុងតែជីកនោះ ស្រាប់តែដីបាក់សង្កត់ពួកគេ កប់ជាងកន្លះម៉ោង
ទំរាំក្រុមការងាររបស់ ខ្លួនកាយដីយកចេញបាន ។
បើតាមប្រភពពព័ត៌មានពីសាក្សីនៅ
ក្នុងហេតុការណ៍នេះ ជនរងគ្រោះឈ្មោះអ៊ុក សុខហេង អាយុ២៨ឆ្នាំ មានស្រុកកំណើត
នៅខេត្តតាកែវ បានស្លាប់ ពេល កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ
រីឯពីរនាក់ផ្សេងទៀតរងរបួសស្រាល ។
ក្រោយកើតហេតុ ជនរងគ្រោះដែលរង របួសធ្ងន់ ត្រូវបានដឹកបញ្ជូនភ្លាមៗទៅកាន់ មន្ទីរពេទ្យ ដើម្បីសង្គ្រោះប៉ុន្តែបានស្លាប់នៅពេលបញ្ជូនទៅ។
ក្រោយកើតហេតុ លោក ហៀក ចាន់លាង អភិបាលរងខណ្ឌមានជ័យ បានដឹកនាំមន្រ្តី មួយចំនួន ចុះទៅពិនិត្យមើល នៅកន្លែងកើតហេតុផងដែរ៕
លោក ហៀក ចាន់លាង ចុះទៅពិនិត្យនៅកន្លែងកើតហេតុ
____________
ផ្តល់សិទ្ទិដោយ៖dap-news.com