ក្រុមហ៊ុន​ស្ករ​ស​នៅ​អង់គ្លេស​លា ​ឈប់​ពី​សមាគម​ស្ករ​ស​ល្អ​ទាក់ទង​ សំណង​ពលរដ្ឋ​នៅ​កោះកុង

6/10/2014 0 Comments A+ a-


Sre-Ambel305ក្រុមហ៊ុន ថេត អែន ឡាល៍ (Tate & Lyle) ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុង (London) ប្រទេស​អង់គ្លេស បាន​ដក​ខ្លួន​ចេញ​ពី​សមាជិកភាព​នៃ​សមាគម​ស្ករ​ស​ល្អ ឬ​ហៅ​ថា Bonsucro។ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​នេះ​បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន ថេត អែន ឡាល៍ ដោះស្រាយ​សំណង​ជូន​ពលរដ្ឋ​ខ្មែរ​ក្នុង​ខេត្ត​កោះកុង ដែល​រងគ្រោះ​ដោយសារ​ការ​វិនិយោគ​ចំការ​អំពៅ​របស់​ក្រុមហ៊ុន​ឯកជន​មួយ​របស់​ ថៃ។
អ្នក​គ្រប់គ្រង​ទូទៅ​នៃ​សមាគម​ស្ករ​ស​ល្អ Bonsucro បាន​ជូន​ដំណឹង​ទៅ​អង្គការ​សមធម៌​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ក្រុមហ៊ុន​ទិញ​ស្ករស​ដ៏​ធំ​បំផុត​ឈ្មោះ ថេត អែន ឡាល៍ បាន​លា​ឈប់​ពី​សមាជិកភាព​របស់​សមាគម​ដើម្បី​គេចវេះ​ពី​បណ្ដឹង​ទាមទារ​ឲ្យ​ មាន​ការ​ទទួល​ខុស​ត្រូវ​ដោះស្រាយ​ករណី​សំណង​ជំងឺ​ចិត្ត និង​សំណង​ដីធ្លី​ដល់​ពលរដ្ឋ​ជាង ២០០​គ្រួសារ ក្នុង​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង។
​សមាគម​ស្ករ​ស​ល្អ Bonsucro ជា​សមាគម​មួយ​ដែល​មាន​ការ​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ ហើយ​ជា​សមាគម​មួយ​ដែល​អនុញ្ញាត ឬ​បោះ​ត្រា​បញ្ជាក់​លើ​ផលិតផល​ស្ករ​ស​ទាំង​ឡាយ​ណា​ដែល​នាំ​ចូល​ទៅ​លក់​ក្នុង ​បណ្តា​ប្រទេស​នានា ក្នុង​សហគមន៍​អឺរ៉ុប។ សមាគម​នេះ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទទួល​ទិញ​ស្ករ​ស ឬ​ក្រុមហ៊ុន​ផលិត​ស្ករស​ទាំង​អស់ គោរព​សិទ្ធិ​មនុស្ស ស្តង់ដារ​ការងារ និង​ការពារ​បរិស្ថាន។
ប្រធាន​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី មាន​ប្រសាសន៍​ថា កាល​ពី​ឆ្នាំ​២០១១ អង្គការ​របស់​លោក​បាន​ប្ដឹង​ទៅ​សមាគម Bonsucro ប្រឆាំង​ក្រុមហ៊ុន ថេត អែន ឡាល៍ ដោយសារ​ក្រុមហ៊ុន​នោះ​ទិញ​ស្ករ​សរ​ពី​ក្រុម​ថៃ ឈ្មោះ KSL ដែល​ដាំ​អំពៅ​ផលិត​ស្ករ​ស​ក្នុង​ខេត្តកោះកុង ហើយ​កំពុង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។
​លោក អៀង វុទ្ធី បន្ត​ថា ទោះបី​ក្រុមហ៊ុន ថេត អែន ឡាល៍ លា​ឈប់​ពី​សមាជិកភាព​របស់​សមាគម Bonsucro ក៏ដោយ ក៏​ក្រុមហ៊ុន​នេះ​មិន​អាច​រួច​ផុត​ពី​បណ្ដឹង​តាម​ផ្លូវ​ច្បាប់​នៅ​តុលាការ​ ក្នុង​ប្រទេស​អង់គ្លេស​នោះ​ដែរ។
​ក្រុមហ៊ុន​ដាំ​អំពៅ​ផលិត​ស្ករ​ស​របស់​ថៃ KSL បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​កម្ពុជា ក្នុង​ឆ្នាំ​២០០៦ ទំហំ​ជិត ២​ម៉ឺន​ហិកតារ ដែល​ដី​ទាំង​នោះ​បាន​ប៉ះ​ទង្គិច​ដល់​ដី​ចម្ការ និង​ដី​ភូមិ​ទំហំ​ជាង ១​ពាន់​ហិកតារ​របស់​ពលរដ្ឋ​ជាង ២០០​គ្រួសារ។
​ក្រុម​អ្នក​ស្រាវជ្រាវ​របស់​អង្គការ​សមធម៌​ កម្ពុជា រក​ឃើញ​ថា រហូត​មក​ដល់​ពេល​នេះ ក្រុមហ៊ុន ថេត អែន ឡាល៍ បាន​ចំណេញ​ពី​ផលិតផល​ស្ករ​ស​នៅ​កម្ពុជា ក្នុង​តម្លៃ​ជាង ១០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។
ក្រុម​មេធាវី​អន្តរជាតិ​បាន​ប្ដឹង​ក្រុមហ៊ុន ថេត អែន ឡាល៍ ទៅ​តុលាការ​ពាណិជ្ជកម្ម​នៅ​ប្រទេស​អង់គ្លេស ឲ្យ​សង​លុយ​ចំណេញ​ពី​ស្ករ​ស​ជាង ១០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​នោះ​មក​ឲ្យ​អ្នក​ភូមិ​វិញ ដោយសារ​ការ​ជួញដូរ​ផលិតផល​ស្ករ​ស​នេះ​ធ្វើ​ឡើង​ខុស​ពី​ក្រម​សីលធម៌​ ពាណិជ្ជកម្ម និង​ច្បាប់​អន្តរជាតិ។
​វិទ្យុ​អាស៊ីសេរី​នៅ​មិន​អាច​សុំ​ការ​បំភ្លឺ​ ពី​ក្រុមហ៊ុន ថេត អែន ឡាល៍ បាន​ទេ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៩ មិថុនា ​ទាក់ទិន​នឹង​ការ​លា​ឈប់​របស់​ក្រុមហ៊ុន ថេត អែន ឡាល៍ ពី​សមាគម​ស្ករ​ស​ល្អ Bonsucro នេះ។
មេធាវី​អាមេរិកាំង លោក ម៉ាក ម័រស្ទែន (Mark Moorstein) នៃ​ក្រុមហ៊ុន​មេធាវី រីស៍ ប្រួន (Rees Broome) ហើយ​ដែល​ជា​អ្នក​សកម្ម​ធ្វើ​កិច្ចការ​ក្នុង​ករណី​ទំនាស់​របស់​ពលរដ្ឋ​ស្រុក​ ស្រែអំបិល មាន​ប្រសាសន៍​ថា ក្រុមហ៊ុន ថេត អែន ឡាល៍ កំពុង​លាក់​កំបាំង​មិន​ហ៊ាន​ប្រឈម​មុខ​ក្នុង​ការ​ដោះស្រាយ ឬ​បង្ហាញ​សកម្មភាព​រក​ស៊ី​ជាមួយ​ក្រុមហ៊ុន​ដែល​កំពុង​រំលោភ​សិទ្ធិ​មនុស្ស​ ពី​ការ​វិនិយោគ​ចម្ការ​អំពៅ​នៅ​ខេត្ត​កោះកុង។
លោក ម៉ាក ម័រស្ទែន៖ «ខ្ញុំ​គិត​ថា នេះ​ជា​សញ្ញា​ដ៏​ច្បាស់លាស់​មួយ​ដែល​ក្រុមហ៊ុន ថេត អែន ឡាល៍ ខ្លួន​ឯង​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ឆ្លើយតប​ហើយ​មិន​ហ៊ាន​ចូល​រួម​ ដោះស្រាយ និង​បង្ហាញ​អំពី​សកម្មភាព​របស់​ខ្លួន»
​អង្គការ​សមធម៌​កម្ពុជា ឲ្យ​ដឹង​ថា ប្រសិនបើ​ក្រុមហ៊ុន ថេត អែន ឡាល៍ មិន​ចូល​ខ្លួន​ដោះស្រាយ​សង​សំណង​ដល់​ពលរដ្ឋ​ជាង ២០០​គ្រួសារ ក្នុង​ស្រុក​ស្រែអំបិល ប្រកប​ដោយ​តម្លាភាព​ទេ នោះ​ក្រុមហ៊ុន​នេះ​នឹង​ប្រឈម​មុខ​ក្នុង​សវនាការ​នៃ​តុលាការ​ពាណិជ្ជកម្ម​ ក្នុង​ឆ្នាំ​២០១៤​នេះ ដោយ​ជៀស​មិន​រួច៕
ប្រភពពី វិទ្យុអាស៊ីសេរី