ស្រវឹងស្រា ចុះបេះស្លឹកឈូក លង់ឈ្លក់ទឹកស្លាប់ ព្រឹកឡើង ទើបប្្រទះឃើញ
ភ្នំពេញ : បុរសចំណាស់ម្នាក់
បានលង់ទឹកឈ្លក់ស្លាប់ ត្រូវបានសាច់ញាតិប្រទះឃើញ សពអណ្តែតទឹកប្រឡាយ
បន្ទាប់ពី ស្រវឹងស្រា ចេញបាត់ពីផ្ទះតាំងពីល្ងាច រហូតដល់ព្រឹកឡើង
ទើបប្រទះឃើញសពតែម្តង កាលពីវេលាម៉ោង ៨និង៣០នាទី ព្រឹកថ្ងៃទី២៦ ខែមិថុនា
ឆ្នាំ២០១៤ ស្ថិតនៅក្នុងប្រឡាយទឹក តាមបណ្តោយផ្លូវជាតិលេខ៣ មុខពេទ្យឥណ្ឌា ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
បុរសដែលបានលង់ទឹកស្លាប់ មានឈ្មោះ យិន ធី
ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ កសិករ ដើរបេះ បន្លែ ស្លឹកឈូកលក់ រស់នៅភូមិ
ដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមការអះអាង ពីសាច់ញាតិ បានឲ្យដឹងថា
មុនពេលកើតហេតុ កាលពីវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី២៥ ខែមិថុនា ជនរងគ្រោះ
បន្ទាប់ពីផឹកស្រាស្រវឹងទោទន់ បានជិះកង់ចាកចេញពីផ្ទះបាត់ ពុំមានកូនចៅ
ឬសាច់ញាតិណាចាប់អារម្មណ៍ ឡើយ ដោយជាទម្លាប់ ជនរងគ្រោះ ដើរបេះ បន្លែ
ឬបេះស្លឹកឈូកយកទៅលក់ រហូតដល់យប់ មិនឃើញជនរងគ្រោះ វិលត្រឡប់ទៅផ្ទះ
កូនចៅក៏នាំគ្នាស្វែងរក តែមិនឃើញ រហូតដល់ព្រឹកឡើងថ្ងៃទី២៦ ខែមិថុនា
ញាតិជិតខាង បានទៅប្រាប់ថា ឃើញកង់ជនរងគ្រោះ ដាកបញ្ឈរនៅ មាត់ប្រឡាយទឹក
កន្លែងកើតហេតុខាងលើ ក៏បាននាំគ្នា មកចុះរាវរក អស់រយៈពេល ជាច្រើនម៉ោង
ទើបប្រទះឃើញ ជនរងគ្រោះ បានឈ្លក់ទឹកស្លាប់បាត់ទៅហើយ ។
សាកសពបន្ទាប់ពី កូន ក្មួយ ប្រទះឃើញ
ស្លាប់អណ្តែតផ្កាប់មុខ ក្នុងទឹក ត្រូវបាន សាច់ញាតិ នាំគ្នា ចុះសែងលើកយក
មកដាក់លើគោក រង់ចាំសមត្ថកិច្ចធ្វើការពិនិត្យ និងកោសល្យវិច័យ
រួចក្រុមគ្រួសារដឹកយក ទៅធ្វើបុណ្យតាមប្រពៃណី ។
តាមការពិនិត្យ ពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា
ជនរងគ្រោះ ខណ:ដែលស្រវឹងស្រា បានចុះបេះស្លឹកឈូក ដោយទឹក ប្រឡាយខាងលើ
ជាប្រឡាយទឹកស្អុយ ហើយមានភក់ជម្រៅត្រឹមក្បាលជង្គង់ ធ្វើឲ្យជនរងគ្រោះ
ពេលដែលចុះទៅ ណាខ្លួន ស្រវឹងផងនោះ ធ្វើឲ្យផុងជើងដួលផ្កាប់មុខងើបមិនរួច
ឈ្លក់ទឹកស្លាប់តែម្តង ៕
_____________
ផ្តល់សិទ្ទិដោយ៖dap-news.com