ការធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ នឹង​ត្រូវ​យក​តម្លៃ​១​ម៉ឺន​រៀល ចាប់ពី​ខែ​កក្កដា ឆ្នាំ​២០១៤​

6/04/2014 0 Comments A+ a-

id-2014-06-03រាជរដ្ឋាភិបាល ​កម្ពុជា ប្រកាស​ថា​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ នឹង​ត្រូវ​យក​តម្លៃ​១​ម៉ឺន​រៀល ចាប់ពី​ថ្ងៃ​ទី​០១​ខែកក្កដា ឆ្នាំ​២០១៤ ដើម្បី​ជួ​សម្រាល​ការចំណាយ​ដែល​ជា​បន្ទុក​របស់​រដ្ឋាភិបាល​។​
​សេចក្តីជូនដំណឹង​របស់​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​២៧​ខែ​ឧសភា ឲ្យដឹងថា  ការ​យក​តម្លៃ​១​ម៉ឺន​រៀល​នេះ គឺ​ដើម្បី ​ជួយ​សម្រាល​​បន្ទុក​របស់​រដ្ឋ​ក្នុង​ការចំណាយ​ថវិកា​ជាតិ​សម្រាប់​ការ​ ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ ដែល​កន្លង​មក​រាល់​ការចំណាយ​ទាំងអស់ ជា​បន្ទុក​របស់​រដ្ឋ​ជួយ​គាំទ្រ​។ សេចក្តីជូនដំណឹង​បន្តថា ការ​យក​តម្លៃ​១​ម៉ឺន​រៀល​នេះ គឺ​ដើម្បី​ធានា​និរន្តរភាព​ដល់​ដំណើរ​ការងារ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ ​ខ្មែរ​តាមរយៈ​ការចូលរួម​ពី​សំណាក់​​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាមួយ​ រាជរដ្ឋាភិបាល ក្នុង​ការអនុវត្ត​កាតព្វកិច្ច​ជា​ពលរដ្ឋ​ខ្មែរ ដែល​ជា​គុណប្រយោជន៍​ដល់​ថវិកាជាតិ​។​
​ក្រសួងមហាផ្ទៃ ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​១៥​ឡើងទៅ និង​ប្រជាពលរដ្ឋ​ដែល​មាន​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​រួចហើយ ប៉ុន្តែ​អស់​សុពលភាព មេត្តា​ចូលរួម​គាំទ្រ​ដល់​ដំណើរការ​ផ្តល់​អត្តសញ្ញាណ​ប័ណ្ណ តាមរយៈ​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ត្រូវ​បង់ថ្លៃ​អាករ​ចំនួន​ មួយ​ម៉ឺន​រៀល​។​
​កន្លងទៅ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា គោលការណ៍​ក្រសួង​ចេញ នា​ពេល​ថ្មីៗ​នេះ សម្រាប់​អ្នកធ្វើ​អត្តសញ្ញាណប័ណ្ណ​ថ្មី គឺ​មិន​ត្រូវ​បាន​បង់លុយ​ទេ ហើយ​សម្រាប់​អ្នក​ខូច ឬ​បាត់​ដែល​ធ្វើ​ជា​លើក​ទី​ពីរ តម្រូវឲ្យ​បង់​លុយ​ម្នាក់​១​ម៉ឺន​រៀល​។
​យោងតាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ ចុះ​ខែកក្កដា​២០០៧ ប្រជាពលរដ្ឋ​ដែល​អាច​ធ្វើ​អត្តសញ្ញាណប័ណ្ណ​បាន ត្រូវ​មាន​អាយុ​ចាប់ពី​១៥​ឆ្នាំ​ឡើង​ទៅ ហើយ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​មាន​សុពលភាព​រយៈពេល​១០​ឆ្នាំ​។ នៅពេល​ផុត​សុពលភាព សា​ម៉ី​ខ្លួន​ត្រូវ​ស្នើសុំ​ធ្វើ​សាជាថ្មី​ឡើងវិញ​៕
ប្រភពពី vodhotnews.com