ជម្លោះរវាងម្ចាស់ហាង និងភ្ញៀវ ព្រោះតែរឿង គិតលុយថ្លៃផឹកស៊ី ផ្អើលគេឯង

6/04/2014 0 Comments A+ a-

Pay_Drink_CEN_04_06_14-(1)ភ្នំពេញ: ភ្ញៀវ ​ចូលទៅ​ផឹកស៊ី បាន​ឈ្លោះប្រកែក​គ្នា ជាមួយ​ម្ចាស់​ហាង ដោយ​សារ​តែមាន ការ យល់ច្រឡំ​រឿង​លុយ ព្រោះ​ខាង​ម្ចាស់​ហាង​ថា ភ្ញៀវ​ផឹកស៊ី មិនទាន់​ឱ្យ​លុយ ប៉ុន្តែ​ភ្ញៀវ​ប្រាប់ថា បានឱ្យ​លុយ​ទៅ​កូនចៅ​ម្ចាស់​ហាង​រួចហើយ​។ 
​ហេតុការណ៍​នេះ បាន​បង្ក​ឱ្យ​ការភ្ញាក់ផ្អើល កាលពី​ម៉ោងជាង ៧ យប់ ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៤ នៅក្នុង​ហាង​ផឹកស៊ី​យីហោ កាហ្វេ​មេ​ឌា នៅ​ជិត​កន្លែង​ធ្វើ ស្លាក​លេខ​ចាស់ ផ្លូវ​លេខ​២១១ ស្ថិតនៅក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​
​ប្រភពព័ត៌មាន នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរស ចំនួន​៥​នាក់ បាន​ចូលទៅ​ផឹកស៊ី​នៅ​ហាង​ខាងលើ ក្រោយ​ផឹកស៊ី​រួចរាល់ បុរស​ម្នាក់ ក្នុងចំណោម​បុរស​៥​នាក់ មិន​ចង់ឱ្យ​ពួកម៉ាក​ចេញ​លុយ ក៏​ដើរ​សំដៅទៅ​នារី​ម្នាក់ ហើយ​បាន​ដក​លុយ ក្រដាស​៥០ ដុល្លារ​មួយ​សន្លឹក ដាក់ចូល​ទៅក្នុង​សៀវភៅ​គិតលុយ ហើយ​បាន​ដើរមក​តុ​វិញ ដើម្បី​ចាំ​អាប់​លុយ (​មិនដឹងថា​អស់ប្រាក់​ប៉ុន្មាន​ទេ​)​។ មួយសន្ទុះ​ក្រោយមក ​មិនឃើញ​បុគ្គលិក ក្នុង​ហាង​យកលុយ មក​អាប់​ ក៏​ទៅ​សួរនាំ​។ ពេលនោះ ភាគី​ម្ចាស់​ហាង បាន​និយាយ​ទៅកាន់​ភ្ញៀវ​ថា មិនទាន់​គិតលុយ​ឱ្យ​ហាង​ទេ តែ​ភ្ញៀវ​បាន​ប្រាប់ថា ឱ្យ​លុយ​ទៅ​បុគ្គលិក​ស្រី​រួចហើយ ទើប​បង្កឱ្យមាន​ការឈ្លោះ ប្រកែក​គ្នា​តែម្តង​។​
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ចុះមក​សម្រួល នៅក្នុង​ហេតុការណ៍​នេះដែរ ហើយ​ក្រុម​ភ្ញៀវ​ដែល​រង​ការចោទប្រកាន់ថា ផឹកស៊ី​មិនទាន់​ឱ្យ​លុយ បាន​សំណូមពរ ដល់​សមត្ថកិច្ច សុំឱ្យ​ហាង​ឆែក​កាមេរ៉ា​សុវត្ថិភាព ប៉ុន្តែ​ម្ចាស់​ហាង​ថា មិនបាច់​ឆែក​ទេ ព្រោះ​កន្លែង​ឱ្យ​លុយ​នោះ នៅ​ចំហៀង​មិនអាច​មើលឃើញ​ទេ​។ ចុងក្រោយ ​ភាគី​ខាង​ម្ចាស់​ហាង បាន​ប្រាប់​ទៅ​ភាគី​ភ្ញៀវ​ថា ឲ្យ​ទៅ​ស្បថ​ទាំងអស់គ្នា រួច​ខាង​ម្ចាស់​ហាង ព្រម​អាប់​លុយ​ឲ្យ​៕V/s
ទិដ្ឋភាពនៅកន្លែងកើតហេតុ ដែលភ្ញៀវ​ចូលទៅ​ផឹកស៊ី បាន​ឈ្លោះប្រកែក​គ្នា ជាមួយ​ម្ចាស់​ហាង ដោយ​សារ​តែមានការយល់ច្រឡំ​រឿង​លុយ
ប្រភពពី CEN