វិភាគទស្សនៈសង្គម៖ខ្យល់អាស៊ី''សុបិន្ត និងការពិត មិត្តឬសត្រូវ''
សង្គ្រាមត្រជាក់“Cold
War”បានកើតឡើងចន្លោះពីឆ្នាំ១៩៤៧ដល់ឆ្នាំ១៩៩១
វាជាការប្រឈមមុខដាក់គ្នារវាងមហា អំណាចប្លុកខាងលិច មានអាមេរិក
សម្ព័ន្ធភាពយោធានណាតូ
និងសម្ព័ន្ធមិត្តមួយចំនួនទៀតជាមួយប្លុកខាងកើត ដែលមានសហភាពសូវៀត
រួមនឹងសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការWarsaw Pact។
ការបញ្ចប់ទៅនៃសង្គ្រាម ត្រជាក់
គឺដោយសារតែការដួលរលំទៅនៃប្រទេសសូវៀត (បច្ចុប្បន្នគឺ រូស្ស៊ី)
ព្រោះសោះខ្យល់ ស្វិតក្រពះដោយសារតែសង្គ្រាមវាតទី(Lebensraum)
ផ្ទៃដីធំធេង ប្រជាជនច្រើន ជាពិសេសការចំណាយលើការផលិតអាវុធ
នុយក្លេអ៊ែរ។
ពាក្យសង្គ្រាមត្រជាក់នេះ គឺបង្កើត
ឡើងដោយអ្នកនិពន្ធជាតិអង់គ្លេស ដោយសារមហាអំណាចពីរគឺអាមេរិក
និងសូវៀត ដែលមានអាវុធប្រល័យលោក ហើយគំរាមបំផ្លាញគ្នាទៅវិញទៅមក
(Mutual Assured Destruction - MAD)
តែមិនដែលបានពើបប្រទះប្រយុទ្ធគ្នាក្នុងសមរភូមិជាក់ស្តែងណាម្តង
ឡើយ។
ភ្លើងសង្គ្រាមត្រជាក់នេះ
រួមជាមួយមនោគមវិជ្ជាកុម្មុយនិស្តចិនសូវៀត មិនត្រឹមតែឆេះ
សេតវិមានវ៉ាស៊ីនតោន មូស្គូ ប៉េកាំងប៉ុណ្ណោះទេ
ថែមទាំងបានបក់មកដុតកំឡោចនៅអាស៊ីអាគ្នេយ៍
ដែលបានធ្វើឲ្យឆេះដល់រាជវាំងហ្វេប្រទេសវៀតណាម
និងអង្គរវត្តនគរខ្មែរផងដែរ។
ការទម្លាក់សម្តេចស៊ីហនុពីអំណាចដោយសេនាប្រមុខ លន់ នល់
និងការដណ្តើមអំណាចរបប លន់ នល់ពីសំណាក់ខ្មែរក្រហម គឺមកពីដើមហេតុ
អ្នកនយោបាយខ្មែរពេលនោះ បាននាំភ្លើងក្រៅចូលក្នុងផ្ទះ
គឺភ្លើងសង្គ្រាមត្រជាក់ និងការប្រជេញអំណាច
របស់មហាអំណាចដ៏ខ្លាំងក្លាក្នុងទសវត្សរ៍៦០
តាមរយៈមនោគមវិជ្ជាកុម្មុយនិស្តម៉ៅនិយម និងភាពល្ងង់ខ្លៅរបស់ខ្លួន
ដោយជឿបរទេសពេក។
នៅគ្រប់កិច្ចព្រមព្រៀងអនុសញ្ញា
សន្តិភាពតំបន់ និងអន្តរជាតិ ដូចជាធម្មនុញ្ញអង្គការសហប្រជាជាតិ
ធម្មនុញ្ញអាស៊ាន
ហើយនឹងច្បាប់ជាតិនៃប្រទេសមួយៗគឺតែងតែគោរពគោលការណ៍ស្មើភាព
គោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក
និងមិនលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗឡើយ
ក៏ប៉ុន្តែរដ្ឋភាគច្រើន ក៏តែងតែបានចុះកិច្ចព្រមព្រៀង
ទទួលយកនូវច្បាប់ គោលការណ៍ បទដ្ឋាន ស្តង់ដារអន្តរជាតិ ដូចជា
ការគោរពសិទ្ធិមនុស្ស អនុវត្តប្រជាធិបតេយ្យ រួមទាំងការបោះឆ្នោតដោយសេរី
ត្រឹមត្រូវ និងយុត្តិធម៌ មកអនុវត្តដែរ
ដូចនេះការរំលោភសិទ្ធិមនុស្សលើប្រជាជនមួយក្នុងប្រទេសមួយ
វាមិនមែនគ្រាន់តែជារឿងរបស់ប្រទេសនោះប៉ុណ្ណោះទេ
តែការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិទាំងមូល
ព្រោះអស្ថិរភាពក្នុងប្រទេសមួយ វាអាចរាលដាលដល់តំបន់
ហើយនឹងពិភពលោកទាំងមូលផងដែរ ជាពិសេសក្នុងសម័យសកលភាវូបនីយកម្ម
ត្រូវការគ្នាទៅវិញ ទៅមកលើគ្រប់វិស័យ ទាំងយោធា ទាំងបច្ចេកទេស
ទាំងសេដ្ឋកិច្ច ជាដើម។
បើអញ្ចឹងតើក្នុងនាមរដ្ឋមួយគួរ
ទទួលការរិះគន់ ការទូលន្មានពីប្រទេសដទៃឬអត់? ចម្លើយគឺ
អាចបានដរាបណាវាមិនធ្វើឲ្យប៉ះពាល់សន្តិសុខជាតិ
និងរំលោភលើអធិបតេយ្យភាពជាតិមួយ
តែប្រទេសមួយក៏មិនអាចចេះតែជ្រកក្រោមលេះក្នុងនាមខ្លួនឯងជារដ្ឋ
អធិបតេយ្យ ហើយចេះតែធ្វើទុក្ខបុកម្នេញរាស្ត្រខ្លួនឯង លួចសិទ្ធិ
បិទសិទ្ធិសេរីភាពរាស្ត្រនោះដែរ។ ដូចនេះ ក្នុងកាលៈទេសៈណាក៏ដោយ
យើងអាចយកបរទេសជិតឆ្ងាយយើង មកប្រើបាន ទុកជាដៃ ទុកជាជើង
ក៏ប៉ុន្តែមិនមែនជាក្បាលទេ មិនអាចដាច់ខាត។
កន្លងទៅមានអ្នកនយោបាយខ្មែរមួយក្រុម
ត្រូវបានគេមើលឃើញថាស្និទ្ធស្នាលជាមួយចិន
ហើយមួយក្រុមទៀតបត់ទៅរកអាមេរិក បើសិនជាយ៉ាងដូចនេះមែន
ក្រុមទាំងពីរ គឺខុសទាំងពីរ ពីព្រោះក្នុងនយោបាយការទូត
គ្មានទេប្រទេសដែលជាសត្រូវរហូត ហើយក៏គ្មានដែរ
ប្រទេសដែលជាមិត្តយើងរហូតនោះ។ សត្រូវរបស់មិត្តយើង
គឺជាសត្រូវរបស់យើង។ សត្រូវនៃសត្រូវរបស់យើង គឺជាមិត្តរបស់យើង។
ស្ថានទូតរាប់រយដែលតាំងក្នុងរាជធានីយើងនេះ មានបំណងសំខាន់
គឺមិនមែនគេមកដើម្បីជួយខ្មែរទេ
តែគេមកដើម្បីការពារប្រយោជន៍របស់ជនជាតិគេ ប្រទេសជាតិគេ។
កម្ពុជាចាប់យកចិន
ព្រោះមិត្តចិនឲ្យលុយចាយស្រួល តែមិត្តចិនចាប់យកកម្ពុជា
ព្រោះកម្ពុជា បានផ្តល់ប្រយោជន៍បីយ៉ាងធំសម្រាប់ចិន។
ទី១.កម្ពុជានៅជាប់វៀតណាម ចំណែកវៀតណាម ជាសត្រូវចិន
ក្នុងជម្លោះកោះស្ព្រាត់លី និងប៉ារ៉ាសែលនៃដែនសមុទ្រចិន
ដូចនេះបើសិនចិន វាយក្បាលវៀតណាម ចិននឹងឲ្យកម្ពុជាទៅវាយកន្ទុយ
គាបមុខ គាបក្រោយ។ ទី២. ខ្មែរសម្បូរ ធនធានធម្មជាតិ រ៉ែ ធ្យូងថ្ម
ប្រែង ឧស្ម័ន ដែលមិនទាន់បូមយក ដូចនេះដើម្បីជំរុញល្បឿន
សេដ្ឋកិច្ចយក្សចិន
ចាំបាច់ត្រូវប្រមូលថាមពលយកទៅចាក់បញ្ចូលម៉ាស៊ីនឧស្សាហកម្ម
ពិភពលោករបស់ចិន ព្រោះចិនជារោងចក្ររបស់ពិភពលោក។
ទី៣.ចិនអាចវិនិយោគនៅកម្ពុជាបានច្រើន អស់លុយតិច ចំនេញច្រើន
ព្រោះកម្រៃពលកម្មនៅកម្ពុជាថោក។ លើសពីនេះ
១០លាននាក់ក៏ជាទីផ្សារមួយដែរ ខ្មែរអាចដឹកទំនិញយកពីចិនមក
ហើយចិនអាចជញ្ជូនលុយយកទៅចិនវិញ។
ចំណែកអាមេរិកកាំងវិញ
ទាំងសម្ព័ន្ធមិត្តយោធា និងដៃគូរពាណិជ្ជកម្មក្នុងតំបន់អាស៊ីអាគ្នេយ៍
សម្រាប់អាមេរិក គឺប្រទេសថៃ
ព្រោះប្រជាជនជិត១០០លាននាក់ជាទីផ្សារធំ ជាប្រទេស ឧស្សាហកម្ម
ជាប្រទេសនៅជាប់អតីតឥណ្ឌូចិន គឺកម្ពុជា វៀតណាម ឡាវ
ដូចនេះដើម្បីទប់ឥណ្ឌូចិនកុំឲ្យធ្លាក់ចូលក្នុងដៃប្រទេសចិន
គឺអាមេរិកកាំងអាចប្រើថៃ ជាមូលដ្ឋានយោធា និងគំនាបសេដ្ឋកិច្ច។
ដូចនេះបើកម្ពុជា ចង់យកអាមេរិកធ្វើជាម្តាយ ក៏ម្តាយម្នាក់នេះ
មិនសូវជាចាប់អារម្មណ៍ដែរ
ព្រោះគេមានកូនសំណប់ចិត្តរបស់គេរួចហើយគឺថៃ។
ចុះបើចង់ប្រៀបធៀបពីតម្លៃរបស់
កម្ពុជាទៅនឹងវៀតណាមក្នុងក្រសែភ្នែករបស់អាមេរិក
តើមួយណាមានតម្លៃជាង? ប្រទេសវៀតណាម មានព្រំប្រទល់ជាមួយចិន
ជាប្រវត្តិសាស្ត្រ វៀតណាមនិងចិន វៀតណាមនិងអាមេរិក
ដូចជាសត្រូវស៊ូពូជអញ្ចឹង ព្រោះមួយឈ្លោះគ្នារឿងដែនកោះ មួយទៀត
ធ្លាប់ជួយវៀតណាមខាងត្បូងដុតភ្លើងសង្គ្រាមនៅវៀតណាមខាងជើង
ក៏ប៉ុន្តែដោយសារវៀតណាមឈ្លោះគ្នាជាមួយចិន
ទើបវៀតណាមក្លាយជាដុំពេជ្ររបស់អាមេរិក
ព្រោះកុំភ្លេចថានយោបាយអាមេរិកពេលនេះ គឺការហ៊ុំព័ទ្ធចិន ដូចនេះវៀតណាម
គឺជាសម្ព័ន្ធមិត្ត
និងជាមូលដ្ឋានយោធាដ៏ល្អបំផុតមួយនៅជាប់របងផ្ទះចិន។
ពេលនេះដោយមើលឃើញថា
ចិនកាន់តែលាតត្រដាងដែនប្រមាញ់របស់ខ្លួន ទាំងឥទ្ធិពល សេដ្ឋកិច្ច យោធា
បច្ចេកទេស ក្នុងតំបន់អាស៊ី នាំមុខឥណ្ឌាវ៉ាឈ្នះជប៉ុន
ទើបអាមេរិកបែរចេញពីមជ្ឈឹមបូព៌ា និងសមុទ្រអាត្លង់ទិច
មកតំបន់អាស៊ី និងសមុទ្រប៉ាស៊ីហ្វិចវិញម្តង។
សរុបមក ក្នុងទំនាក់ទំនងអន្តរជាតិ
និងការបរទេសជាមួយចិន និងអាមេរិក គឺកម្ពុជា
មិនអាចចាប់មួយចោលមួយបានទេ មិនអាចចាប់ចិន ចោលអាមេរិក
ហើយក៏មិនអាចចាប់អាមេរិក ចោលចិនដែរ តែត្រូវយកចិនមកធ្វើដៃស្តាំ
រីឯអាមេរិកមកធ្វើដៃឆ្វេង ប្រើបានទាំងពីរ ម្នាក់ជួយលុយ ធ្វើផ្លូវ
សង់ស្ពាន វិនិយោគ នាំចេញ ឲ្យកាំភ្លើង ឲ្យរថពាសដែក
ហើយម្នាក់ទៀតជួយសិទ្ធិមនុស្ស មើលប្រជាធិបតេយ្យ ពង្រឹងនីតិរដ្ឋ
បង្រៀនបច្ចេកទេស បង្វឹកទាហាន ម្នាក់ជួយផ្នែករឹង
ម្នាក់ទៀតជួយផ្នែកទន់ ម្នាក់ជួយក្នុង ម្នាក់ជួយក្រៅ
ហើយបើក្នុងពេលវេលាពិបាកសម្រេចចិត្ត ក្នុងចិត្តយកចិនទីមួយ
ដាក់អាមេរិកកាំងទីពីរ តែដៃឆ្វេងចាប់អាមេរិក ដៃស្តាំចាប់ចិនដដែល។
ដូចនេះ មានតែយកទាំងពីរទេ ទើបកម្ពុជាបានសុខហើយចំណេញច្រើន។
ហេតុដូចនេះ
បើមើលអំពីជំហរនយោបាយរបស់បក្សកាន់អំណាច និងបក្សប្រឆាំងកន្លងទៅ
គឺសុទ្ធតែខុស។ យើងជាកូនបាល់ គេងាយចាប់ ងាយប្រលែង ងាយគ្រវែងចោល។
ល្អបំផុតគឺ ពង្រឹងខ្លួនឯង
ទី១.ប្រែក្លាយពលរដ្ឋ១៤លានឲ្យទៅជាកម្លាំងដែកថែប
ចាប់ផ្តើមពីវិស័យអប់រំ ទី២.បំពេញ់ក្រពះរាស្ត្រ បង្កើនទ្រព្យនគរ
ទំនើបកម្មសេដ្ឋកិច្ចនិងឧស្សាហកម្ម ទី៣.ពង្រឹង
និងពង្រីកសមត្ថភាពយោធា មានអាវុធគ្រប់គ្រាន់ បច្ចេកទេសទំនើប
ទាហានខ្លាំងក្លា មានវិន័យ បើមានតែចំនួនតែគ្មានវិន័យ
គឺជាទាហានចាញ់ ហើយឈរនៅកណ្តាល អព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ
តាមផ្លូវសម្តេចតា បានគូសទុកឲ្យ នៅតែជាផ្លូវដែលខ្មែរបានសុខជាងគេ
បើមិនអញ្ចឹងនៅពេលដែលយើងអស់ប្រយោជន៍ដើម្បីគេ
ច្បាស់ជាកម្ពុជាក្លាយជាស្ពៃហើយ។ គ្មានបរទេសណាស្រលាញ់ខ្មែរ
ជាងខ្មែរទេ។ ដីខ្មែរ នគរខ្មែរ ក៏មិនដែលរីកដែរ
នៅគ្រប់ពេលដែលអ្នកនយោបាយ ដណ្តើមអំណាចគ្នាដោយហិង្សានោះ។
សម្តេចឪទ្រង់មានបន្ទូលថា“ខ្មែររួបរួមគ្នា ប្រែថាខ្មែរខ្លាំង”៕