វិធីបំបាត់មុខខ្មូត ដោយសារមុន

6/03/2014 0 Comments A+ a-

លោកអ្នក មួយចំនួនពិតជាមាន ការព្រួយបារម្ភខ្លាំងណាស់ នៅពេលដែលមុខកើតមុន។ នៅពេលខ្លះអាចមានស្នាមជាំខ្មៅ ឬធ្វើឱ្យផ្ទៃមុខខូងៗ ខ្មូតស៊ីជាដើម ដែលមើលទៅមិនគួរជាទីគយគន់ ពីសំណាក់អ្នកដែលនៅជុំវិញខ្លួន។ ប៉ុន្ដែពេលនេះលោកអ្នកពិតជា អាចធ្វើឱ្យផ្ទៃមុខដែលមិនស្រស់ស្អាតនោះ ប្រែក្លាយទៅជាស្រស់ផូរផង់ ទៅបានដោយគ្រាន់តែអនុវត្ដនូវវិធីខ្លះៗ របស់អ្នកជំនាញ របស់យើងតែប៉ុណ្ណោះ។ សម្រស់ជាផ្នែកមួយនៃជីវិត របស់មនុស្សដែលមាន មនុស្សជាច្រើនតែងតែ ចង់បានវាមកដាក់លើខ្លួន ដើម្បីឱ្យខ្លួនទៅកាន់ភាពស្រស់ស្អាតមួយ នៃជីវិតសម្រស់។

គេហទំព័រសុខភាពកម្ពុជា បានសម្ភាសជាមួយលោកស្រី សិទ្ធិ ច័ន្ទហេង អ្នកជំនាញនៅសាលាបង្រៀន កែសម្ផស្បថបស្ដៃយ៍ អំពីបញ្ហានេះ។
មូលហេតុមុខកើតមុន
មូលហេតុដែលធ្វើឱ្យកើតមុន នោះមានច្រើនករណី។ ពេលខ្លះដោយសារតែចំណីអាហារ និងមានពេលខ្លះទៀតដោយសារ តែភាពខ្វះអនាម័យ។ មិនថាតែស្ដ្រីប៉ុណ្ណោះទេ សូម្បីតែបុរសក៏មានបញ្ហាមុខមុននេះដែរ។ ពេលខ្លះដោយសារការប្រើប្រាស់ផលិតផល អ្វីមួយដែលមិនត្រូវនឹងស្បែកមុខជាដើម។ ម្យ៉ាងវិញទៀតរោគមុនអាចបណ្ដាលមក ពីអ័រម៉ូនរបស់មនុស្សម្នាក់ៗមានការ ប្រែប្រួល ឬ អាចមកពីឈាមឡើងក្ដៅក៏អាចធ្វើឱ្យចេញមុនបានដែរ។
មុខខ្មូតដោយសារមុន
មុខដែលខ្មូតស៊ីបានភាគច្រើន ដោយសារតែពេលកើតមុន មិនបានញេចឱ្យបានត្រឹមត្រូវនិងមិនបានប្រើប្រាស់ផលិតផលអ្វី ដើម្បីជំនួយស្បែកមុខ និងមិនដឹងពីប្រភេទមុនដែលកើតជាដើម។ កាលណាចេះតែញេចយូរៗ ទៅក៏ធ្វើឱ្យផ្ទៃមុខឡើងក្រហូងៗ និងមានស្នាមមុខនោះទៀតផង។
វិធីព្យាបាលមុខខ្មូតដោយសារមុន
ការបំបាត់មុខខ្មូតដោយសារមុននេះ មានវិធី៣យ៉ាងដែលអាចធ្វើឱ្យ ផ្ទៃមុខស្រស់ស្អាតឡើងវិញបាន។
1 . វិធីទី១ វិធីទីមួយនោះ គឺធ្វើម៉ាស្សាក្នុងមួយសប្ដាហ៍ឱ្យបាន ពីរដងបើគ្មានពេលវេលា គ្រប់គ្រាន់អាចម្ដងក្នុងមួយសប្ដាហ៍។ បន្ទាប់មកទៀតត្រូវប្រើជា ឡូសិនជំនួយស្បែកមុខ ជួយភ្ជិតស្នាមមុន និងដើម្បីបណ្ដុះកោសិកាថ្មីឡើងវិញ។
2 . វិធីទី២ វិធីទីពីរវិញនោះ គឺដោយប្រើថ្នាំព្យាបាលមុខខ្មូត លាបតែពីរដងក្នុងមួយ សប្ដាហ៍ប៉ុណ្ណោះក៏អាចធ្វើឱ្យផ្ទៃមុខ ដែលមានស្នាមខ្មូតនោះ រលាយបាត់ផងដែរ។ ក្រៅអំពីការប្រើប្រាស់ថ្នាំនៅសល់ពេល៥ថ្ងៃទៀតគឺត្រូវប្រើប្រាស់ ឡេការពារស្បែកមុខ និងជំនួយផ្ទៃមុខបន្ថែមទៀត ទើបអាចទទួលលទ្ធផលបាន។
3 . វិធីទី៣ ចំណែកវិធីទី៣វិញនោះ គឺការម៉ាស្សាផាត់គ្រើមមុខ ជាធម្មតាកាលណាមុខកើតមុនធ្វើឱ្យស្រទាប់ផ្ទៃមុខ មានការបាត់បង់សភាពដើម និងមានសភាពគ្រើមមិនរាបស្មើជាដើម។ ដូច្នេះការម៉ាស្សាផាត់គ្រើមមុខនេះអាចធ្វើឱ្យផ្ទៃមុខរាបស្មើ និងគ្មានស្នាមប្រឡោះប្រហោង ស្នាមខ្មូតទៀតឡើយ។
ការព្យាបាលទាំងបីវិធីខាងលើនេះ វិធីដែលមានប្រសិទ្ធភាពជាងគេមានពីរវិធី គឺវិធីទី២ និងវិធីទី៣ដែលអាចធ្វើឱ្យផ្ទៃមុខប្លែក បើបានអនុវត្ដតាមវិធីនេះ ហើយក្នុងរយៈពេលខ្លីមានប្រសិទ្ធភាពខ្ពស់គួរកត់សម្គាល់។
ដំបូន្មានអ្នកជំនាញ
បើលោកអ្នកនាងកញ្ញាទាំង អស់មានបញ្ហាអំពីផ្ទៃមុខ ត្រូវទៅពិគ្រោះនិងធ្វើការព្យាបាលទៅតាម ទីកន្លែងណាដែលមានសុវត្ថិភាព បំផុត។ ម្យ៉ាងទៀត សូមតមចំណីអាហារមួយចំនួន ដែលអាចធ្វើឱ្យផ្ទៃមុខអ្នក អាចឡើងមុនបានត្រូវ បរិភោគអាហារណាដែលស្រស់ៗ ដូចជាបន្លែ ផ្លែឈើជាដើម។
អ្វីដែលបានរៀបរាប់ជូនខាងលើនេះ គ្រាន់តែជាចំណេះដឹងសម្រាប់ លោកអ្នកពិចារណាតែប៉ុណ្ណោះ។ សូមលោកអ្នកជ្រើសរើសយកអ្វីដែលលោកអ្នកយល់ថាល្អត្រឹមត្រូវ៕
អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com
Photo by LookingTODAY