សេដ្ឋី​វៀតណាម ជាប់គុក​៣០​ឆ្នាំ​ចំពោះ​ការ​ឆបោក​

6/10/2014 0 Comments A+ a-


vnokតុលាការ ​វៀតណាម​មួយ​កាលពី​ថ្ងៃ​ចន្ទ បាន​ដាក់គុក​សេដ្ឋី​និង​ជា​អតីត​ធនាគារិក​ម្នាក់​សំរាប់​រយៈពេល​៣០​ឆ្នាំ​ ចំពោះ​ការពាក់​​ព័ន្ធ​ក្នុង​រឿងអាស្រូវ​ហិរញ្ញវត្ថុ​ជា​បន្តបន្ទាប់​ដែល​មាន ​តំលៃ​១,១​ពាន់​លាន​ដុល្លារ​។​

​លោក​ង្វៀន ឌឹ​ក គៀន​( Nguyen Duc Kien )​សេដ្ឋី​ធនាគារ​អាយុ​៥០​ឆ្នាំ​រូប​នេះ ត្រូវបាន​រកឃើញ​ទោសកំហុស​ពី​បទ​បន្លំ​លុយ គេច​​ពន្ធ និង​ការធ្វើ​ពាណិជ្ជកម្ម​ខុសច្បាប់  ដែល​បាន​បណ្តាល​ឲ្យមាន​ផលវិបា​ក​ដ៏​ធ្ងន់ធ្ងរ នេះ​បើ​យោងតាម​ការប្រកាស​សាលក្រម​នៅ​តុ​​លា​ការ​ប្រជាជន​ក្រុង​ហាណូយ​។​
ប្រធាន​តុលាការ លោក បាន​និយាយថា “ ជនជាប់ចោទ​នេះ មិន​មាន​ភាពស្មោះត្រង់ ដូច្នេះ ត្រូវ​ទទួល​ការដាក់ទណ្ឌកម្ម​ជាខ្លាំង​​ទៅតាម​ទោស​ឧក្រិដ្ឋ​របស់​គាត់​”​។​
​លោក​ង្វៀន ឌឹ​ក គៀន ដែល​បាន​បដិសេធ​ការចោទប្រកាន់​នេះ ក្រៅ​ពី​ត្រូវ​កាត់ទោស​ឲ្យ​ជាប់គុក​ចំនួន​៣០​ឆ្នាំ ក៏​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​៣,៥​លាន​ដុល្លា​។​
​សេដ្ឋី​ធនាគារ​រូបនេះ ត្រូវបាន​កាត់ទោស​ជាមួយនឹង​ចុងចោទ​ចំនួន​៧​នាក់​ផ្សេង​ទៀត​ដែល​ជា​ធនាគារិក​ នៅ​ធនាគារ​ពាណិជ្ជកម្ម​អាស៊ី​(ACB)​។​
​លោក​ង្វៀន ឌឹ​ក គៀន និង​ជន​សមគំនិត​របស់គាត់ ត្រូវបាន​ចោទប្រកាន់​ថា​បាន​ធ្វើ​បាត់បង់​លុយ​ចំនួន​៦៧​លាន​ដុល្លា​តាមរយៈ​ ការ​ដាក់​និង​ដក​លុយ​ពី​ធនាគារ​ផ្សេង​និង​ការវិនិយោគ​ខុសច្បាប់​។​
​រដ្ឋាភិបាល​កុំម្មុយនីស្ត​វៀតណាម និយាយថា​ខ្លួន​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រុះរើ​មួយ​ដើម្បី​ពង្រឹង​ ប្រព័ន្ធ​ធនាគារ​និង​ហិរញ្ញវត្ថុ​ដែល​​មាន​បញ្ហា​របស់​ខ្លួន ក្រោយ​ជួប​រឿងអាស្រូវ​ជា​បន្តបន្ទាប់​ដែល​មិន​ត្រូវបាន​ចាប់អារម្មណ៍​ក្នុង​ អំឡុង​ពេល​ប្រទេស​មាន​កំណើន​សេដ្ឋ​​កិច្ច​លឿន​ពី​ឆ្នាំ​២០០៣​ដល់​២០០៧​។​
​កង្វះ​ការត្រួតពិនិត្យ និង​ការអោយប្រាក់​ខ្ចី​ងាយៗ ភាគច្រើន​ទៅអោយ​បណ្តា​ក្រុមហ៊ុន​រដ្ឋ បាន​នាំអោយ​វៀតណាម​ជួប​បំណុល​មិន​ដំណើរការ​ជា​ច្រើន ។​
លោក​គៀន ត្រូវបាន​គេ​រកឃើញ​ថា​បាន​ជួញដូ​រមាស​និង​ភាគហ៊ុន​ខុស​ច្បាប់​ចំនួន​២១,៥​ លាន​លាន​ដុង​(១​ពាន់​លាន​ដុល្លារ​)​និង​​បាន​គេច​ពន្ធ​២៥.០០០​លាន​ដុង​ តាមរយៈ​ក្រុមហ៊ុន​វិនិយោគ​ចំនួន​៦​របស់លោក​។​
លោក ​ង្វៀន ឌឹ​ក គៀន សេដ្ឋី​ធនាគារ​នេះ​ឈរ​ស្តាប់​សាលក្រម នៅ​តុលាការក្រុង​ហាណូយ​កាលពី​ថ្ងៃ​៩​មិថុនា​។​លោក ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​ចំនួន​៣០​ឆ្នាំ ពី​បទ​បន្លំ​លុយ ការ​គេចពន្ធ និង ការធ្វើ​ពាណិជ្ជកម្ម​ខុសច្បាប់
ប្រភពពី CEN