កងសន្តិសុខ ឃាត់​ប្រជាពលរដ្ឋ​ចូល​តវ៉ា​ខាង មុខ​ក្បួន​រថយន្ត​របស់​នាយក​រដ្ឋមន្ត្រី​​

6/10/2014 0 Comments A+ a-


hs1-2014-06-10កងសន្តិសុខ និង​កម្លាំង​សមត្ថកិច្ច​ប្រមាណ​ជា​១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ឃាត់​ប្រជាពលរដ្ឋ​ដែល​តវ៉ា​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ខណៈ​ក្បួន​ដង្ហែ​រថយន្ត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើដំណើរ​កាត់​តាម​ផ្លូវ​។​ ​ប្រជាពលរដ្ឋ​៥៨​គ្រួសារ​ដែល​មាន​ ទីលំនៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូន ពេញ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ប្រមូលផ្តុំ​គ្នា​នៅ​ខាង​មុខ​ផ្ទះ តវ៉ា​ទាមទារ​ឲ្យ​ទីស្តីការគណៈរដ្ឋមន្ត្រី ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ឲ្យ​ពួកគាត់​។​
​នៅវេលា​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី ក្បួន​រថយន្ត​របស់​លោក​នាយករដ្ឋមន្ត្រីដែលមកពីខេត្តកំពត បាន​ធ្វើដំណើរ​តាម​ផ្លូវ​សហព័ន្ធរុស្ស៊ី​។​ប្រជាពលរដ្ឋ​បន្ត​លើក​បដា ដោយ​ចង់ឲ្យ​នាយករដ្ឋមន្ត្រី​ឃើញ​ពី​ការត​វ៉ានេះ​។​អ្នក​តវ៉ា​គ្រាន់តែ​លើក​ បដា​ពេល​ក្បួន​រថយន្ត​របស់​នាយក​រដ្ឋមន្ត្រី​ឆ្លងកាត់​។ ការរារាំង​របស់​កង​សន្តិសុខ មិន​មាន​អំពើ​ហិង្សា​ណាមួយ​កើតឡើង​ទេ​។​
​អ្នក​តវ៉ា​បាន​លើកឡើង​ថា ពួកគេ​តវ៉ា​នៅថ្ងៃនេះ ដើម្បី​សុំ​ជំនួយ​ពី​លោកនាយក​រដ្ឋមន្ត្រី និង​ភិ​រយា​។  ប្រជាពលរដ្ឋ​ទាំង​៥៨​គ្រួសារ​មក​រស់នៅ​តំបន់​នេះ​តាំងពី​ឆ្នាំ​១៩៧៩​ មកម្ល៉េះ ហើយ​ក៏​ធ្លាប់​បាន​ស្នើសុំ​ប្លង់​កម្ម​សិទ្ធ​ដីធ្លី​ពី​សាលា​រាជធានី​ ភ្នំពេញ​អស់​រយៈពេល​៣​ឆ្នាំ​ហើយ តែ​សាលា​រាជធានី​ថា ដី​ដែល​ពួកគេ​កំពុង​រស់នៅ​ជា​ដី​របស់​រដ្ឋ​។ ពលរដ្ឋ​បាន​ចោទ​ជា​សំណួរ​ថា ប្រសិនបើ​ជា​ដី​របស់​រដ្ឋ ហេតុអ្វី​បានជា​សាលា​រាជធានី ព្រម​ប្រគល់​ប្លង់​ដី​កម្ម​សិទ្ធ​ទៅ​ឲ្យ​គ្រួសារ​ចំនួន​១០ ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​ភូមិ​៣​ដូចគ្នា​។​
​លោក ទិ​ត្យ សុធា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី  ប្រាប់​VOD​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​មិន​បានដឹង​ពី​ករណី​នេះ​ទេ ដោយ​បង្វែរ​សំណួរ​ទៅ​សួរ​សាលា​រាជធានី​ភ្នំពេញ​វិញ​។
​បើ​តាម​ប្រជាពលរដ្ឋ ពួកគាត់​បាន​តវ៉ា​រយៈពេល​៤​ថ្ងៃ​មក​ហើយ ប៉ុន្តែ​ពុំ​មាន​អាជ្ញាធរ​ចេញ​មុខ​មក​ដោះស្រាយ​នោះ​ទេ​។ ពួកគាត់​ព្រមាន​ថា នឹង​បន្ត​ការតវ៉ា​ជាថ្មី​ម្តងទៀត​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ រហូតដល់​មាន​ដំណោះស្រាយ​៕
ប្រភពពី vodhotnews.com