អង្គរក្ស លោកផ្កាយ៣ បាញ់២គ្រាប់ បង្អួតស្រី ស្រុកគីរីវង្ស

6/12/2014 0 Comments A+ a-


T-0310
តាកែវ ៖ អង្គរក្សលោកផ្កាយ៣ម្នាក់ បន្ទាប់ពីផឹកស៊ីស្រវឹង ជាមួយមន្រ្តីនគរបាល ស្រុកគីរីវង្សមួយក្រុម រួចមក ក៏បានដកកាំភ្លើងខ្លីបាញ់ឡើងលើ២គ្រាប់ បង្អួតស្រីស្នេហ៍ ក៏ប៉ុន្តែ បានធ្វើឲ្យប្រជាពលរដ្ឋមាន ការភ័យខ្លាចយ៉ាងខ្លាំង ។
ហេតុការណ៍បាញ់បោះសេរី ដែលបង្កឡើងដោយអង្គរក្សលោកផ្កាយ៣នេះ បានកើតឡើង កាលពីវេលា ម៉ោងប្រមាណ ៥ ល្ងាច ថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ២០១៤ នៅមុខហាងយីហោ ម្លប់ស្វាយជ្រោះផ្អោក ដែលស្ថិតនៅក្នុងភូមិជ្រោយស្លែង ឃុំគីរីចុងកោះ ស្រុកគីរីវង្ស។
យោងតាមសាក្សីឃើញហេតុការណ៍នេះ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញនគរ បាលមួយក្រុមប្រមាណ ១០នាក់ មកពីប៉ុស្តិ៍ព្រៃតាម៉ៅ នគរបាលអធិការដ្ឋានស្រុកគីរីវង្ស អតីតមេប៉ុស្តិ៍ កំណប់ លោក គឹម សំអាត មន្រ្តីអង្គរក្សលោកផ្កាយ៣ និងមាននារីវ័យក្មេង២នាក់ផង បានមកផឹកស៊ីនៅ ហាងខាងលើ តាំងពីថ្ងៃត្រង់រហូតដល់ម៉ោងប្រមាណជិត ៥ល្ងាចក៏នាំគ្នាគិតលុយ ។  លុះគិតលុយចេញ ហើយ អង្គរក្សលោកផ្កាយ៣ ក៏បានទាញកាំភ្លើងខ្លីមិនស្គាល់ម៉ាក បាញ់ឡើងលើចំនួន២គ្រាប់ ដើម្បីបង្អួតស្រីស្នេហ៍ថា នៅក្នុងស្រុកគីរីវង្សនេះ គ្មាននរណាម្នាក់ហ៊ានបាញ់បោះដូចជារូបគេនោះទេ។ បន្ទាប់ពីបាញ់ហើយ អង្គរក្សរូបនោះរួមនឹងបក្ខពួក ជាមន្រ្តីនគរបាល ស្រុកគីរីវង្ស ប្រមាណ១០នាក់ ក៏បាន ជិះចេញយ៉ាងរំភើយគ្មានខ្លាចរអារអ្វីនោះទេ ។
តាមមន្រ្តីនគរបាលម្នាក់ បានលួចបង្ហើបប្រាប់ថា ជនដែលបាញ់បោះសេរី និងគ្មាននរណាហ៊ានចាប់ខ្លួន នោះ ឈ្មោះ លីវ ពង់សិលា អាយុ ៣៣ឆ្នាំ ជាអង្គរក្សលោកផ្កាយ៣ និងម្យ៉ាងទៀត ជនបាញ់បោះបានផឹកស៊ីជាមួយមន្រ្តីនគរបាលស្រុក និងអតីតមេប៉ុស្តិ៍កំណប់ លោក គឹម សំអាត ដែលល្បីល្បាញថា ជាបុរសខ្លាំងប្រចាំស្រុកគីរីវង្សថែមទៀតផង ដូច្នោះហើយរឿងអី ដែលត្រូវ ចាប់ខ្លួនជនបាញ់បោះនោះ ៕
________________________
ផ្តល់សិទ្ធិដោយ៖ Lookingtoday