Giggs ដឹក​នាំ​ផង ចូល​លេង​​ផង ខណៈ​យុវជន​១៨ឆ្នាំ​ស៊ុត​ចូល​២គ្រាប់​ក្នុង​ប្រកួត​ដំបូង

5/07/2014 0 Comments A+ a-

អ្នក​ចាត់ការ​ បណ្ដោះអាសន្ន​ Ryan Giggs របស់ Manchester United បាន​ចូល​លេង​​២០នាទី​ចុង​ក្រោយ​​​នា​ការ​ប្រកួត​ចុង​ក្រោយ​នៅ Old Trafford នេះ ក្នុង​ជ័យជម្នះ ៣-១ លើ Hull City យប់​មិញ​នេះ។
ខ្សែ​ប្រយុទ្ធ​១៨ឆ្នាំ Wilson ស៊ុត​បញ្ចូល​ទី​ក្នុង​ការ​បង្ហាញ​មុខ​លើក​ដំបូង​របស់​ខ្លួន​
មិន ​ខុស​ពី​ Sir Alex Ferguson នោះ​ទេ Giggs បាន​ផ្ដល់​ឱកាស​ដល់​យុវជន​របស់​ក្លិប​​បង្ហាញ​ខ្លួន​ក្នុង​​ប្រកួត​បិទ​ឆាក​ នៅ​ក្នុង​ដី​ ជាក់ស្ដែង​កីឡាករ​វ័យ​ក្មេង​ដល់​ទៅ​៣នាក់​​បាន​ជាប់​ឈ្មោះ​ក្នុង​ជំនួប​យប់​ មិញ។ James Wilson វ័យ​១៨ឆ្នាំ, Tom Lawrence (១៩ឆ្នាំ) បាន​ចូល​លេង​ក្នុង​ម្រើស​១១នាក់​ដំបូង ខណៈ​ Michael Keane មាន​ឈ្មោះ​ក្នុង​កៅអី​បម្រុង។
Wilson បាន​ធ្វើ​ឲ្យ​ថ្ងៃ​បង្ហាញ​ខ្លួន​លើក​ដំបូង​នេះ ក្លាយ​ជា​ថ្ងៃ​មិន​អាច​បំភ្លេច​បាន ដោយ​អាច​ស៊ុត​បញ្ចូល​ទី​២គ្រាប់​នៅ​នាទី​៣១ និង​នៅ​នាទី​៦១។ ចំណែក​គ្រាប់​ទី​៣ វិញ ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ទើប​ជា​ពី​របួស Robin van Persie នៅ​នាទី​៨៦ ក្រោយ​ទទួល​បាល់​បញ្ជូន​ពី​​អ្នក​ចាត់ការ​បណ្ដោះ​អាសន្ន វ័យ​៤០ឆ្នាំ​ Giggs។ រី​ឯ​មួយ​គ្រាប់​របស់ Hull ធ្វើ​បាន​ដោយ​ Matty Fryatt នៅ​នាទី​៦៣។
អ្វី ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ទៀត គឺ​ Nemanja Vidic ក៏​បាន​បង្ហាញ​ខ្លួន​នៅ​​លើ​ទឹក​ដី​ Old Trafford ជា​លើក​ចុង​ក្រោយ​ផង​ដែរ មុន​ផ្លាស់​ទៅ Inter Milan ពេល​ចប់​រដូវ​កាល។ ខ្សែ​ការពារ​សញ្ជាតិ​ស៊ែប​ដែល​ផ្ទេរ​មក​កាន់ Man Utd តាំង​ពី​ឆ្នាំ​២០០៥​រូប​នេះ បាន​ប្ដូរ​ចូល​លេង​ជំនួស Phil Jones ដែល​របួស​ស្មា​នៅ​នាទី​២២។
បន្ទាប់​ពី​ ការ​ប្រកួត​លើក​ចុង​ក្រោយ​នៅ Old Trafford នេះ ក្រុម​ការពារ​តំណែង​ជើង​ឯក​ដែល​កំពុង​ឈរ​នៅ​លេខ​៧​ក្នុង​តារាង​បច្ចុប្បន្ន នឹង​ត្រូវ​ប្រកួត​បិទ​រដូវ​កាល​នៅ​ផ្ទះ Southampton នា​ថ្ងៃ​ទី​១១ ខែ​ឧសភា​សប្ដាហ៍​ក្រោយ៕
Vidic បង្ហាញ​ខ្លួន​លើក​ចុង​ក្រោយ​នៅ​ Old Trafford មុន​ផ្លាស់​ទៅ Inter Milan
Van Persie ស៊ុត​បញ្ចូល​ទី​ក្រោយ​ជា​ពី​របួស
Jones រង​របួស​ស្មា​ក្រោយ​លេង​បាន​២០នាទី
អ្នក​ចាត់ការ​បណ្ដោះ​អាសន្ន Giggs ប្ដូរ​ចូល​ជំនួស​ Lawrence នាទី​៧០
វីដេអូ​ហាយឡាយ​នៃ​ការ​ប្រកួត៖
វីដេអូ Giggs និយាយ​ក្រោយ​ចប់​ការ​ប្រកួត៖
ដោយ៖ សុខ សុវត្ថិ
ប្រភព៖ bbc