អង្គការ​អន្តរជាតិ៖ កម្ពុជា​និង​អូស្ត្រាលី​គួរ​លុប​ចោល​ គម្រោង​បញ្ជូន​និង​ទទួល​ជន​ភៀស​ខ្លួន

5/03/2014 0 Comments A+ a-


amnesty-international-450អង្គការ ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) អំពាវនាវ​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា និង​អូស្ត្រាលី អោយ​បោះ​បង់​ចោល​កិច្ច​ព្រម ព្រៀង​នៃ​គម្រោង​បញ្ជូន និង​ទទួល​ជន​ភៀស​ខ្លួន។
អង្គការ​នេះ​បាន​ហៅ​គម្រោង​បញ្ជូន​ជន​ភៀស​ខ្លួន​មក​កម្ពុជា ថា​ជា​ការ​រុញ​ច្រាន​ក្រុម​អ្នក​ទាំង​នោះ​ទៅ​ក្នុង​ស្ថានភាព​ប្រថុយប្រថាន។
នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ផ្សព្វផ្សាយ​កាល​ ពី​ថ្ងៃ​ទី​១ ខែ​ឧសភា អង្គការ​លើក​លែង​ទោស​អន្តរជាតិ បាន​ស្នើ​អោយ​ភាគី​ទាំង​ពីរ​ពិចារណា​ឡើង​វិញ និង​ថា កិច្ច​ព្រមព្រៀង​បញ្ជូន​ជន​ភៀស​ខ្លួន​មក​កម្ពុជា មិន​គួរ​អោយ​កើត​មាន​ឡើយ។
នាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​ អង្គការ​លើក​លែង​ទោស​អន្តរជាតិ អ្នកស្រី រីឆាត បេនណែត (Richard Bennette) បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ថា ប្រទេស​ទាំង​ពីរ​គួរ​ពិចារណា​ពី​ចំណុច​ប្រឈម​នានា ដែល​អាច​កើត​ឡើង​ពី​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ទាំង​នោះ៖ «ប្រទេស​ អូស្ត្រាលី គួរ​បញ្ឈប់​គម្រោង​នោះ​ទៅ ដ្បិត​វា​ជា​ទណ្ឌកម្ម​ទៅ​លើ​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន និង​ពុំ​គួរ​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ជំរំ​ជន​ភៀស​ខ្លួន​នោះ ត្រូវ​ឋិត​នៅ​ក្រោម​ប្រទេស​ដ៏​ក្រីក្រ​មួយ​ឡើយ។ កម្ពុជា គួរ​តែ​ស្វែង​យល់​ពី​ភាព​ប្រឈម​ធ្ងន់ធ្ងរ​មួយ​ចំនួន​ជុំវិញ​ការ​ចាត់​ចែង​ គម្រោង​នេះ និង​ត្រូវ​ច្បាស់​ថា ថា​តើ​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ឬ​នៅ? កម្ពុជា មាន​សមត្ថភាព​មាន​កម្រិត​ក្នុង​ការ​ទទួល​យក​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន និង​កំពុង​តែ​តស៊ូ ដើម្បី​ការ​គោរព និង​ការពារ​សិទ្ធិ​ពលរដ្ឋ​ខ្លួន​ឯង»
សំណើ​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ផ្សព្វផ្សាយ​ថា រដ្ឋាភិបាល​កម្ពុជា បាន​ព្រមព្រៀង​ជា​គោលការណ៍​ចំពោះ​សំណើ​របស់​ប្រទេស​អូស្ត្រាលី ដែល​ស្នើ​បញ្ជូន​ជន​ភៀស​ខ្លួន។
មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​ការ​ គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​បដិសេធ​អធិប្បាយ​ករណី​នេះ​ទេ ដោយ​បង្វែរ​អោយ​ទៅ​សួរ​ក្រសួង​ការ​បរទេស វិញ។
មន្ត្រី​នៃ​ក្រសួង​ការ​បរទេស ធ្លាប់​បញ្ជាក់​ថា ការ​ព្រមព្រៀង​ដែល​បាន​ផ្សព្វផ្សាយ​គ្រាន់​តែ​ជា​គោលការណ៍​ប៉ុណ្ណោះ ពុំ​ទាន់​ជា​ផ្លូវ​ការ​ឡើយ និង​ត្រូវ​រង់ចាំ​ការ​សិក្សា​បន្ថែម​ទៀត។
ទាក់ទិន​នឹង​ករណី​នេះ ឧត្ដម​ស្នងការ​រង​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ អ្នកស្រី ហ្វ្លាវា ផាន់សៀរី (Flavia Pansieri) បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​ឧសភា នៅ​ពេល​បញ្ចប់​បេសកកម្ម​របស់​អ្នកស្រី​នៅ​កម្ពុជា ថា ជន​ទាំង​ឡាយ​មិន​គួរ​ត្រូវ​បញ្ជូន​មក​កម្ពុជា ដោយ​មិន​គិត​ពី​ស្ថានភាព​គតិយុត្តិ​របស់​ពួក​គេ​ទេ។ លើស​ពី​នេះ ពួក​គេ​មាន​សិទ្ធិ​ទទួល​បាន​ការ​ការពារ​ពី​ការ​មិន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស ​ដើម​វិញ។ ស្រប​គ្នា​នេះ កម្ពុជា ត្រូវ​គោរព​តាម​កាតព្វកិច្ច​ក្នុង​នាម​ជា​ភាគី​នៃ​អនុសញ្ញា​អន្តរជាតិ ស្ដីពី​សិទ្ធិ​ជន​ភៀស​ខ្លួន៕
ប្រភពពី វិទ្យុអាស៊ីសេរី