កម្ពុជាត្រៀម សាងសង់ផ្លូវ ល្បឿនលឿន២ខ្សែ ភ្នំពេញ-ព្រះសីហនុ និង ភ្នំពេញ-ហូជីម៉ិញ

5/27/2014 0 Comments A+ a-

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន លោកត្រាំ អ៊ីវតឹក បានថ្លែងនៅព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤ ថា កម្ពុជាមានគម្រោង សាងសង់ផ្លូវល្បឿនលឿន ពីរខ្សែ ដោយខ្មែរទី១ ពីភ្នំពេញ ទៅ ក្រុងព្រះសីហនុ និងទី២ ពីភ្នំពេញទៅ ក្រុងហូជីម៉ិញ ។
ថ្លែងប្រាប់អ្នកយកព័ត៌មាន ក្រោមពីបញ្ចប់ពិធីប្រគល់ -ទទួលឯកសារ ផែនការមេអភិវឌ្ឍន៍ផ្លូវ ល្បឿនលឿន កម្ពុជា ដែលជាជំនួយរបស់ វិទ្យាស្ថានផែនការ សិក្សាស្រាវជ្រាវរចនាប្លង់ គមនាគមន៍ខេត្តហឺណាន នៃ សាធារណរដ្ឋ ប្រជាមានិតចិន នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤ លោកត្រាំង អ៊ីវតឹក បានមានប្រសាសន៍ «យើងមានគម្រោងសង់ ផ្លូវល្បឿនលឿនពីរហើយ ទី១ទៅក្រុងព្រះសីហនុ ទី២ទីក្រុងហូជីម៉ិញ ហើយទៅ ក្រុងព្រះសីហនុ ជាក្រុមហ៊ុន ចិន ដែលគ្រោងវិនិយោគ ចំណែកទៅហូជីម៉ិញ គឺគ្រោងថាសហការ ជាមួយ ជប៉ុន ដោយវៀតណាមធ្វើខាងគាត់ ឯកម្ពុជាយើងធ្វើខាងយើង» ។
បើតាមលោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ការសាងសង់ផ្លូវ ល្បឿនលឿននេះសង់ឡើងមាន៤គន្លង ដែលអាចនឹង ចាប់ផ្តើម នៅឆ្នាំ២០២០ ខាងមុខ តែលោកមិនបានបញ្ជាក់ ច្រើនជាងនេះនោះទេ ដោយអះអាងថា កំពុង ស្ថិតក្នុងដំណាក់កាល សិក្សានៅឡើយ ។ ផ្លូវល្បឿនត្រូវការចំណាយច្រើន ក្នុងការសាងសង់ ដោយអាច ចំណោយ ១០លានដុល្លារអាម៉េរិក ក្នុងចំងាយផ្លូវ១គីឡូម៉ែត្រ ត្រូវសាងសង់លើផ្លូវថ្មី ហើយជាប្រភេទផ្លូវ បង់លុយ ។
លោករដ្ឋមន្ត្រីថ្លែងទៀតថា តាមការសិក្សាវិភាគ រូបមន្តបច្ចេកទេស កម្ពុជាត្រូវសាងសង់ផ្លូវ ល្បឿនលឿន ក្នុងរង្វង់ ២៣៣០គីឡូម៉ែត្រ នៅឆ្នាំ២០៤០ ដោយផ្អែកលើការអភិវឌ្ឍន៍ តំបន់ទីក្រុង កំរិតរីកលូតលាស់ នៃ សេដ្ឋកិច្ច កត្តាតំបន់ និងកត្តាផ្សេងៗទៀត ។ កម្ពុជាតត្រូវការ ទុនវិនិយោគចំាបាច់ ដើម្បីសម្រេច បានតាម ការគិតគូរ នេះប្រមាណ២៦ ពាន់លានដុល្លារ ។ សម្រាប់ផែនការរយៈពេលខ្លី ឆ្នាំ២០២០ កម្ពុជាត្រូវការសាង សង់ ផ្លូវល្បឿនលឿន ក្នុងរង្វង់ ៨៥០ គីឡូម៉ែត្រ ត្រូវការ ថវិកាប្រមាណ ៩ពាន់លានដុល្លារ ។
គួរបញ្ជាក់ថា ជាការពិតការីកលូតលាស់នៃ សេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ន ឈានដល់ដំណាក់ កាលនៃ ការគិតគូរ និងភាពចំបាច់នៃការរៀបចំ ផ្លូវល្បឿនលឿនេះព្រោះថា ផ្លូវល្បឿនលឿន គឺជារបកគំហើញថ្មីក្នុង សតវត្សទី២០ នៃ ការអនុវត្តបច្ចេកទេសថ្មី ក្នុងវិស័យដឹកជញ្ជូនឲ្យទទួលបាន ភាពជោគជ័យ ។ លក្ខណៈ ពិសេស នៃផ្លូវល្បឿនលឿន គឺបើកបរ បានក្នុងល្បឿនលឿន ចរាចរបានច្រើន ចំណេញពេលវេលា កាត់ បន្ថយការចំណាយ ការបើកបរមាន សុវត្ថិភាព និងកាត់បន្ថយការ បំពុលបរិស្ថាន ជាដើម ៕
www.lookingtoday.com