បញ្ហាប្រឈមចំពោះការកែ ទម្រង់ការប្រលងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ
00:00
ក្រសួងអប់រំបានប្រកាសថា
ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅឆ្នាំនេះ
មិនធ្វើឡើងតាមសាលាវិទ្យាល័យនៅតាមទីរួមស្រុកនានាដូចឆ្នាំមុនៗ
ឡើយ។ ក្រសួងនឹងប្រមូលផ្តុំមណ្ឌលប្រលងទាំងអស់មកនៅទីរួមខេត្ត
និងប្រជុំស្រុកជិតទីរួមខេត្តជំនួសវិញ។ ក្រៅពីនោះ
គ្រូបង្រៀនដែលធ្លាប់តែផ្លាស់វេនគ្នាពីខេត្តមួយទៅខេត្តមួយ
នៅរដូវប្រលងម្តងៗនោះ ក៏លែងបានឆ្លងខេត្តទៀតដែរ
គឺគ្រូបង្រៀនទាំងអស់ត្រូវធ្វើមេប្រយោគក្នុងខេត្តតែម្ដង។
មេប្រយោគឆ្នាំនេះ នឹងទទួលបានប្រាក់ឧបត្ថម្ភទ្វេដងលើសឆ្នាំមុន
តែពួកគាត់នឹងប្រឈមមុខផ្លូវច្បាប់តាំងពីពិន័យរដ្ឋបាលរហូតដល់ជាប់
គុក បើសិនណាហ៊ានយកជំរិតទារលុយសិស្សដូចឆ្នាំមុនៗនោះ។
លើសពីនេះទៀត ក្រសួងអប់រំបានសហការនឹងអង្គភាពប្រឆាំងអំពើពុករលួយ
ហើយអំពាវនាវស្វែងរកដៃគូសង្កេតការណ៍ការប្រលងទូទាំងប្រទេសថែមទៀត
ផង។
រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា
លោកបណ្ឌិត ហង់ ជួនណារ៉ុន នៅថ្ងៃទី២១ ខែឧសភា មានប្រសាសន៍ថា
ក្រសួងនឹងរៀបចំសិក្ខាសាលាតាមខេត្តមួយចំនួនដើម្បីផ្សព្វផ្សាយពី
យុទ្ធសាស្ត្រកំណែទម្រង់នេះ។ លោកបន្តថា យុទ្ធសាស្ត្រថ្មីនេះ
គឺដើម្បីលើកស្ទួយគុណភាពអប់រំនៅកម្ពុជា
តាមពាក្យស្លោកមួយដែលលើកឡើងថា អ្នកចេះគឺជាប់។
លោកបញ្ជាក់ថា
អ្នកដែលពាក់ព័ន្ធក្នុងការប្រព្រឹត្តអំពើពុករលួយនៅពេលប្រលង
នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៖«ចាប់ផ្តើមដោយ
ម៉ឺងម៉ាត់ ហើយផ្ញើសារឲ្យសិស្សហ្នឹងដឹង
ហើយឥឡូវមិនទាន់ដឹងនៅឡើយទេ។
អ៊ីចឹងនៅពេលប្រលងហ្នឹងធ្វើយ៉ាងម៉េចឲ្យដឹងថា ធ្វើមែន
មិនមែនធ្វើមួយឆាវៗទេ»។
ទន្ទឹមនឹងនេះ
មន្ត្រីសង្គមស៊ីវិលមួយចំនួនប្រកាសរួចជាស្រេចហើយថា
ពួកគេសាទរចំពោះយុទ្ធសាស្ត្រ ប្រឆាំងអំពើពុករលួយនៅពេលប្រលងនេះ។
ប៉ុន្តែចំណុចដែលគួរឲ្យបារម្ភនោះនៅត្រង់ថា យុទ្ធសាស្ត្រនេះ
បែរនាំអាចនាំឲ្យសិស្សប្រលងធ្លាក់កាន់តែច្រើនទៅវិញ។ មួយវិញទៀត
យុទ្ធសាស្ត្របែងចែកពិន្ទុប្រលងនោះ
ក៏នាំឲ្យសិស្សភាគច្រើនមិនសូវយកចិត្តទុកដាក់ចំពោះការសិក្សា
អក្សរសាស្ត្រជាតិទៀតផង។
នាយកវិទ្យាស្ថានសម្រាប់ការអភិវឌ្ឍជាតិ លោក
សេង ឫទ្ធី ឲ្យដឹងថា នៅឆ្នាំនេះ សិស្សភាគច្រើននិយមតាមគ្នា
ជ្រើសយកមុខវិជ្ជាវិទ្យាសាស្ត្រពិតដែលផ្តោតសំខាន់លើការសិក្សា
មុខវិជ្ជាគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យាជាដើម។
សម្រាប់ពិន្ទុភាសាខ្មែរវិញក៏បានតិចដែរ។
លោក សេង ឫទ្ធី បរិយាយថា
ពិន្ទុតិចនេះហើយដែលធ្វើឲ្យអក្សរសាស្ត្រជាតិធ្លាក់ចុះ។
លោកបញ្ជាក់ថា កំណែទម្រង់ឆ្នាំនេះ
ក៏នឹងធ្វើឲ្យសិស្សភាគច្រើនប្រលងធ្លាក់ច្រើនដោយជៀសមិនរួចឡើយ៖ «ឆ្នាំ
យើងរំពឹងថា នឹងជាប់តិចខុសពីឆ្នាំមុន។
ឆ្នាំរាល់ដងអំពើពុករលួយច្រើន គាប់ជួនវិញ្ញាសាធ្លាយផង
ក្រសួងយកច្រើនផង ធ្វើម៉េចក៏ច្រើនដែរ»។
ប្រជាពលរដ្ឋម្នាក់នៅខេត្តបន្ទាយមានជ័យ
ឲ្យដឹងថា
សិស្សនៅតាមខេត្តមិនអាចបត់បែនទាន់កម្មវិធីកំណែទម្រង់ការប្រលងនៅ
ពេលនេះទេ។ លោកបន្តថា បើវិញ្ញាសាតឹងខ្លាំង
សិស្សធ្វើមិនចេញនឹងសូកលុយគ្រូ
បើសូកមិនបានមានតែធ្លាក់មួយមុខប៉ុណ្ណោះ៖«ដូចជាតឹងពេកហើយថា
ជាប់ប៉ុណ្ណាយកប៉ុណ្ណឹងនោះ ព្រោះថា
វាអយុត្តិធម៌ចំពោះសិស្សនៅជនបទណាស់។ ដូចគណិតវិទ្យាអ៊ីចឹង
កន្លែងខ្លះហៅឲ្យសិស្សកត់។
ឆ្នាំដំបូងគួរតែក្រសួងដាក់វិញ្ញាសាកុំតឹងពេក កុំធូរពេក
កុំដាក់សុទ្ធតែស្តង់ដារ សិស្សវាធ្វើអត់ត្រូវ វាសូកហើយ
បើធ្វើត្រូវមិនសូកទេ»។
ពលរដ្ឋម្នាក់ទៀតរស់នៅរាជធានីភ្នំពេញ
បានទម្លាក់កំហុសទាំងអស់ទៅលើរដ្ឋាភិបាលរបស់លោក ហ៊ុន សែន តែម្ដង
ដែលដឹកនាំប្រទេសជាង
៤អាណត្តិទៅហើយនៅតែមានអំពើពុករលួយជាប្រព័ន្ធ
និងជាពិសេសបង្រៀនកូនរបស់គាត់ឲ្យចេះសូកលុយគ្រូតាំងពីរៀន
ថ្នាក់មត្តេយ្យទៀតផង។
លោកបន្តថា លោកមិនមានជំនឿថា កំណែទម្រង់នេះសម្រេចបានជោគជ័យទេ៖ «ស្រុក
ខ្មែរយើងវាទូទៅហើយ សូកលុយតាំងពីតូចដល់មហាវិទ្យាល័យ
បណ្ដុះបណ្ដាលការសូកហ្នឹងហើយ សមត្ថភាពសិស្សហ្នឹងមិនមានប៉ុន្មានទេ»។
ចំណែកឯសិស្សនៅតាមវិទ្យាល័យមួយចំនួននៅ
រាជធានីភ្នំពេញ ដែលវិទ្យុអាស៊ីសេរីជួបសម្ភាស បានអះអាងស្រដៀងគ្នាថា
ពួកគេបានខំរៀនរួចហើយ ដើម្បីត្រៀមប្រលងពេលខាងមុខ។
ប៉ុន្តែពួកគេនឹងត្រៀមដាក់លុយតាមខ្លួនដែរ ដើម្បីទុកសូកគ្រូ
បើសិនជាគ្រូតម្រូវឲ្យគេសូកនោះ។
ឆ្លើយនឹងសំណួរដែលសួរថា
តើពួកគេខ្លាចឬទេ
បើសិនជាអាជ្ញាធរចាប់ពួកគេដាក់គុកនៅពេលដែលសូកលុយគ្រូពេល
ប្រលងនោះ? សិស្សខ្លះឆ្លើយមិនចេញ ឯសិស្សខ្លះទៀតប្រាប់ថា
បើចេះចាប់មែនម៉េចមិនចាប់ពេលរៀនតែម្ដងទៅ ព្រោះថា រៀននៅភ្នំពេញ
ត្រូវបង់លុយឲ្យគ្រូរាល់ថ្ងៃ។
រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន
មានប្រសាសន៍ថា ការកែទម្រង់នេះ គឺក្រសួងមិនបារម្ភថា
សិស្សធ្លាក់ច្រើននោះទេ តែនេះជាមេរៀនដែលបញ្ជាក់ថា
សិស្សានុសិស្សមិនត្រូវរំពឹងអ្វីក្រៅពីការខិតខំរៀនដោយខ្លួនឯង
ដើម្បីបានប្រលងជាប់នោះឡើយ៖«មិនត្រឹមតែការប្រលងទេ
ប៉ុន្តែការរៀនសូត្រដែរ។
អ៊ីចឹងបើខ្លាចសិស្សធ្លាក់ហើយបន្ធូរបន្ថយវាបង្កើតវប្បធម៌មួយ
ឲ្យសិស្សលែងខំរៀនហើយ អ៊ីចឹងទេយើងឃើញសិស្សខំរៀន
បើសិស្សខំរៀនវាគោរពគ្រូហើយ»។
តំណាងសម្ព័ន្ធគណនេយ្យភាពសង្គមអាស៊ីបូព៌ា
និងអាស៊ីប៉ាស៊ីហ្វិក ប្រចាំនៅកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា
រដ្ឋាភិបាលកម្ពុជា គួរតែរៀបចំយុទ្ធសាស្ត្របង្ការជាមុន
ទទួលយកសិស្សដែលប្រលងធ្លាក់ទាំងនោះ
ជៀសវាងពួកគេបោះបង់ចោលការសិក្សាទៅចំណាកស្រុកជាដើមនោះ។
លោកបន្តថា រដ្ឋាភិបាលអាចចាត់ចែងរៀបចំសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ
និងរៀបចំឲ្យមានការប្រលងលើកទី២ជាដើម។ លោកបន្ថែមថា
កំណែទម្រង់នេះ
ជាវិញ្ញាសាមួយដែលវាស់ស្ទង់សមត្ថភាពរបស់រដ្ឋមន្ត្រីថ្មី
និងប្រជាប្រិយភាពរបស់បក្សកាន់អំណាចក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង
អំពើពុករលួយក្នុងវិស័យអប់រំ។
ទាក់ទងនឹងការកែទម្រង់ការប្រលងនេះ
អង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២១ ខែឧសភា
បានប្រកាសជាសាធារណៈ ដើម្បីប្រមូលមតិនានា
ជំរុញឲ្យការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅពេលប្រលងបាក់ឌុបមាន
ប្រសិទ្ធភាព។ អង្គភាពនេះ
ក៏បានចេញសេចក្ដីប្រកាសសូមឲ្យសាធារណជនទាំងអស់
ចូលរួមអង្កេតការណ៍ការប្រលងនេះដែរ។
អ្នកជំនាញសិក្សាការអភិវឌ្ឍសង្គម
រកឃើញថា អំពើពុករលួយក្នុងវិស័យអប់រំនៅកម្ពុជា
បណ្ដាលមកពីកត្តាចម្បងបំផុត គឺបណ្ដាលមកពីប្រាក់ខែគ្រូតិច
ហើយការស៊ីសំណូកពេលប្រលងនាឆ្នាំមុនៗនេះ
ហាក់បីដូចជារង្វាន់សម្រាប់គ្រូៗប្រចាំឆ្នាំយ៉ាងដូចច្នេះដែរ។
បញ្ហាដែលប្រឈមធំបំផុតក្នុងពេលប្រលងនោះ
គឺការបែកធ្លាយវិញ្ញាសាប្រលង
ហើយកំហុសនេះមិនមែនគ្រូបង្រៀនថ្នាក់ទាបជាអ្នកប្រព្រឹត្តឡើយ៕
ប្រភពពី វិទ្យុអាស៊ីសេរី