ប្តីប្រពន្ធវ័យក្មេងទើបរៀបការថ្មីថ្មោង ចង់បានលុយទៅបង់ថ្លៃសាលា បែកគំនិតលក់ថ្នាំញៀន
ជនសង្ស័យទាំង ២នាក់ប្តីប្រពន្ធ ដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ផលសេង សុគង់ អាយុ ២០ឆ្នាំ ជាប្តី និងឈ្មោះ ចែម និមល អាយុ ១៩ឆ្នាំ ជាប្រពន្ធ មានទីលំនៅ ក្នុងភូមិកៀនកេះ២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។ វត្ថុតាងដកហូតបាន មានថ្នាំញៀនយ៉ាម៉ា ៧៥គ្រាប់ និងថ្នាំញៀនប្រភេទ ម៉ាទឹកកក ១២កញ្ចប់ និងសម្ភារៈ ទូរស័ព្ទ ២គ្រឿង ម៉ូតូ ១គ្រឿង ប្រាក់ខ្មែរចំនួន ៣៥០០០រៀល។ ជនសង្ស័យបានសារភាពថា ពួកខ្លួនទើបរៀបការថ្មោងថ្មី គ្មានប្រាក់និងចង់រៀនអក្សរបន្ត ក៏ប្រថុយប្រឡូក ទិញថ្នាំញៀនយកមកលក់ ជាលើកដំបូងមិនទាន់លក់ផង ក៏ត្រូវនគរបាល ចាប់ឃាត់ខ្លួន។
លោក ហៀង ប៊ុនថា អធិការរងស្រុកថ្មគោល បានបញ្ជាក់ថា ការបង្ក្រាបឃាត់ខ្លួន ជនសង្ស័យនិងរឹបអូសថ្នាំញៀន បានច្រើននេះ គឺជាស្នាដៃលោកអធិការ ដែលបានរៀបចំគំរោង និងដាក់ផែនការម៉ត់ចត់ ទើបផែនការអនុវត្តបានរលូន។ ចំពោះជនសង្ស័យ ២នាក់ ប្តីប្រពន្ធនិងថ្នាំញៀន យ៉ាម៉ា ៧៥គ្រាប់ ម៉ាទឹកកក ១២កញ្ចប់ និងសម្ភារៈ សមត្ថកិច្ចបានកសាង សំណុំរឿងពីបទ លក់ចែកចាយ បញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្ត នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤ ដើម្បីចាត់ការបន្ត៕
ប្រភពពី វត្តភ្នំ