ខុទ្ទកាល័យសម្តេច ជា ស៊ីម ប្រតិកម្មខ្លាំងនឹងតំណែងគូស្នេហ៍ យុគ ចិន្តា
ពិធីការិនីអ្នកនាង យុគ ចិន្តា។ រូបថត សេត គឹមសឿន
ភ្នំពេញៈ ខុទ្ទកាល័យសម្តេច ជា ស៊ីម
បានប្រតិកម្មភ្លាមៗពាក់ព័ន្ធទៅនឹងការលើកឡើងថា
គូស្នេហ៍របស់ពិធីការិនីល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ស៊ីធីអិន
អ្នកនាង យុគ ចិន្តា
គឺជាប្រធានក្រុមទីប្រឹក្សាសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម។
លោក គីម វ៉ា ជំនួយការខុទ្ទកាល័យសម្តេច ជា
ស៊ីម បានឲ្យដឹងថា ពាក់ព័ន្ធនឹងការលើកឡើងថា គូស្នេហ៍ពិធីការិនី យុគ
ចិន្តា ជាប្រធានក្រុមទីប្រឹក្សាសម្តេច ជា ស៊ីម នោះ ជារឿងមិនពិតទេ។
លោកបានបញ្ជាក់ថា
ប្រធានក្រុមទីប្រឹក្សារបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម
សព្វថ្ងៃនេះ គឺលោក យឹម លាង ។ រីឯគូស្នេហ៍របស់ពិធីការិនី យុគ ចិន្តា
មិនត្រូវបានគេស្គាល់
ឬក៏មានឋានៈតួនាទីអ្វីនៅក្នុងខុទ្ទកាល័យសម្តេច ជា ស៊ីម នោះទេ ។
បើ
យោងតាមការបង្ហើបឲ្យដឹងពីបុគ្គលិកក្នុងភោជនីយដ្ឋាន អម ឲ្យដឹងថា
បុរសសក់រួញអង្គាដីដែលក្រសោបបានបេះដូងពិធីការិនីស្រស់សោភា យុគ
ចិន្តា មានឈ្មោះថា វុទ្ធី បណ្ឌិត ហៅ សម័យ។ លោកជាអាណិកជនអាមេរិក
ដែលបានមករស់នៅក្នុងប្រទេសកម្ពុជាយូរគួរសមហើយ។ នៅពេលនេះ
បុរសម្នាក់នោះមានលំនៅនៅទីក្រុងតាខ្មៅ និងតែងចេញចូលផ្ទះ
និងហាងអ្នកនាង យុគ ចិន្តា ដោយកូនស្រីរបស់នាង យុគ ចិន្តា
បានហៅបុរសម្នាក់នោះថា ប៉ាៗ ពេញៗមាត់ទៀតផង។
ប្រភពដដែលឲ្យ ដឹងបន្តថា បុរសម្នាក់នោះ
ជាអ្នកបម្រើការងារនៅក្នុងផ្លូវរដ្ឋ តែមិនដឹងថា ស្ថិតក្នុងឋានៈ
ឬក៏តួនាទីអ្វីឲ្យច្បាស់នោះទេ។ គេបានដឹងត្រឹមតែថា
សង្សារអ្នកនាង យុគ ចិន្តា រូបនោះ មានឋានៈធំក្នុងជួររដ្ឋាភិបាល
និងតែងទទួលការងារភារកិច្ចចុះទៅប្រជុំការងារនៅតាមខេត្តជា
ញឹកញាប់។
ប៉ុន្តែកាលពីពេលថ្មីៗនេះ
មានសារព័ត៌មានមួយបានលើកឡើងច្បាស់ពីប្រភពព័ត៌មានមួយថា
បុរសគូស្នេហ៍អ្នកនាង យុគ ចិន្តា មានឋានៈ និងតួនាទីពិសេសមួយ
គឺជាប្រធានក្រុមទីប្រឹក្សារបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម
តែយ៉ាងណា ខុទ្ទកាល័យរបស់សម្តេច ជា ស៊ីម
បានបញ្ជាក់យ៉ាងច្បាស់នៅពេលនេះថា គឺមិនមែនទេ។
លោក គីម វ៉ា បាននិយាយថា៖
«ខ្ញុំចង់បញ្ជាក់ថា បុរសម្នាក់ថាជាគូស្នេហ៍អ្នកនាង យុគ ចិន្តា នោះ
មិនមែនជាប្រធានទីប្រឹក្សារបស់ សម្តេច ជា ស៊ីម ទេ។ បើនិយាយទៅ
គឺមិនធ្លាប់ឃើញឈ្មោះហ្នឹង ឬក៏មុខបុរសម្នាក់ហ្នឹងទេ។
ខ្ញុំមិនដឹងថា គាត់ធ្វើការងារនៅទីណា ឬមានឋានៈអ្វីនោះទេ»។ លោក
វ៉ា បានបញ្ជាក់ថា៖ «ប្រធានក្រុមទីប្រឹក្សាសម្តេច ជា ស៊ីម នៅពេលនេះ
គឺឯកឧត្តម យឹម លាង។
ដូច្នេះព័ត៌មាននោះវាអាចបណ្តាលឲ្យប៉ះពាល់កិត្តិយសយ៉ាងធ្ងន់ធ្ងរ
ចំពោះលោក យឹម លាង»។
យោងតាមលិខិតដែលចុះហត្ថលេខា
និងបោះត្រាដោយសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ដែលភ្នំពេញ ប៉ុស្តិ៍
ទទួលបាន បានឲ្យដឹងថា លោក យឹម លាង
ត្រូវបានតែងតាំងជាប្រធានក្រុមទីប្រឹក្សានិងជំនួយការសម្តេច
អគ្គមហាធម្មពោធិសាល ជា ស៊ីម តាំងពីឆ្នាំ២០១១
ហើយលោកក៏ជានាយករងខុទ្ទកាល័យសម្តេច ជា ស៊ីម ផងដែរ។
ដូច្នេះមានន័យថា បុរសគូស្នេហ៍អ្នកនាង យុគ
ចិន្តា មិនមានជាប់ពាក់ព័ន្ធនឹងតួនាទីទីប្រឹក្សាលោក ជា ស៊ីម ទេ។
ភ្លាមនោះមានការចោទសួរថា តើលោក វុទ្ធី បណ្ឌិត ហៅ សម័យ ជាអ្នកណា?
និងមានតួនាទីពិសេសអ្វីផ្សេងទៀតក្នុងជួររដ្ឋាភិបាល?
ទាក់ទិន នឹងព័ត៌មាននេះ អ្នកនាង យុគ ចិន្តា មិនអាចទាក់ទងសុំការបញ្ជាក់បានទេកាលពីម្សិលមិញ ដោយសារគ្មានអ្នកលើកទូរស័ព្ទ៕
_________________
ប្រភពពីភ្នំពេញប៉ុស្តិ