ពល​ការិនី​ខ្មែរ​ម្នាក់​ដែល ​ទៅ​ធ្វើការ​តាម​ផ្ទះ​នៅ ​ម៉ា​ឡេ​ស៊ី​ក្លាយជា​ស្ត្រី​ពិការ​

5/03/2014 0 Comments A+ a-


go to maly​ ខេត្តកំពង់ឆ្នាំង​ ៖​ ស្ត្រី​ខ្មែរ​ទៅ​ធ្វើ​ការងារ​ជា​អ្នកបម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ មួយ​ចំនួន​បាន​សមប្រកប​តែ​មួយ​ចំនួន​ គឺ​មិន​ដូច្នោះ​ឡើយ​ ។​ ស្ត្រី​វ័យក្មេង​មួយ​ចំនួន​ដែល​ចាក​ចេញពី​ស្រុក​កំណើត​ដោយ​កម្លាំង​ពលំ​ មាំមួន​ ភាគច្រើន​ត្រឡប់​មក​វិញ​ដោយ​មាន​ជំងឺ​ជាប់​ខ្លួន​ទាំង​ផ្លូវ​កាយ​ ផ្លូវចិត្ត​ ឬ​ឈាន​ដល់​ពិការ​ក៏​មាន ​។​
​នាង​ឈ្មោះ​ ទូច​ ណៃ​ ដែល​ពេល​នេះ​នាង​មាន​អាយុ​២៧​ឆ្នាំ​ហើយ​ រស់នៅ​ក្នុងភូមិ​ត្រពាំង​ក្របៅ​ ឃុំ​ខ្លុង​ពពក​ ក្នុងស្រុក​ទឹកផុស​ ខេត្តកំពង់ឆ្នាំង​ ។​ នាង​រំលឹក​ដោយ​សំឡេង​តិចៗ​ល្វើយៗ​ថា​ ភ្នែក​នាង​ពិការ​ដោយសារ ​ទារុណកម្ម​នៅ​ពេល​នាង​ធ្វើ​ជា​អ្នកបម្រើ​តាម​ផ្ទះ​ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​។​ ស្របគ្នា​នេះ​ ត្រចៀក​របស់​នាង​ម្ខាង​ក៏​ពិការ​ស្ដាប់​លែង​ឮ​។​ លើស​ពី​នេះ​ សតិ​របស់​នាង​ក៏​មិន​ប្រក្រតី​ភ្លេចមុខភ្លេចក្រោយ​ ។​​
កាលពី​៤​ឆ្នាំ​មុន​ នាង​គឺ​សិស្ស​ម្នាក់​ក្នុង​ចំណោម​សិស្ស​ជា​ច្រើន​ទៀត​នៅ​ក្នុង​វគ្គ​បណ្ដុះ​ បណ្ដាល​ជំនាញ​ធ្វើ​ជា​ជំនួយការ​មេផ្ទះ​ដែល​នឹង​ត្រូវ​បញ្ជូន​ទៅ​ធ្វើការ​ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ដោយ​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ម៉ា​ឡេ​ស៊ី​ ឈ្មោះ​ យូ​ម៉ែ​ន​ រី​សស់​ (Human​ resource)​។​
​នាង​បាន​ចាក​ចេញពី​ភូមិកំណើត​ គឺ​ឃ្លាតឆ្ងាយ​ពី​គ្រួសារ​ និង​កូនប្រុស​ដែល​ទើប​មាន​អាយុ​ ២​ឆ្នាំ​។​ នោះ​ក៏​ដោយសារ​នាង​ចង់បាន​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​ ម្យ៉ាង​ចង់​ផ្គាប់ចិត្ត​ម្ដាយក្មេក​ ដែល​តែង​ប្រាថ្នា​អោយ​នាង​មាន​ប្រាក់​ចំណូល​ច្រើន​។​
នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ នាង​បាន​ទៅ​ធ្វើការ​នៅ​ក្នុង​គ្រួសារ​ មួយ​ជាប់​សែ​ស្រឡាប​ចិន​ ដែល​នាង​តែង​សង្ឃឹមថា​ គឺជា​ទ្រនំ​ទី​២​របស់​នាង​អាច​នឹង​អោយ​នាង​មាន​សេចក្ដីសុខ​ និង​ឈាន​ទៅ​សម្រេច​គោលដៅ​ដែល​ចង់បាន​ គឺ​ប្រាក់​ចំណូល​បន្ថែម​បំពេញ​ភាព​ខ្វះខាត​ក្នុង​គ្រួសារ​។​ ផ្ទុយ​ទៅ​វិញ​ ទីនោះ​ហើយ​ដែល​ផ្លាស់​ប្ដូរជីវិត​របស់​នាង​ អោយ​កាន់តែ​ដុនដាប​ជាង​ពេល​នាង​រស់នៅ​ក្នុងស្រុក​កំណើត​ទៅ​ទៀត​។​
ទូច​ ណៃ​ ត្រូវ​ធ្វើការ​សព្វបែបយ៉ាង​ក្នុងផ្ទះ​ ត្រូវ​ថែទាំ​ក្មេង​តូចៗ​ និង​ស្ត្រី​ចំណាស់​ម្នាក់​។​ ជា​ញឹកញាប់​ ពេល​យប់​ដែល​នាង​ត្រូវ​សម្រាក​ បែរជា​ត្រូវ​អង្គុយ​ពេញ​មួយ​យប់​នៅ​ពេល​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ប្រើ​អោយ​ នាង​ច្របាច់​គក់​ ដើម្បី​អោយ​គាត់​បាន​សម្រាន្ត​លង់លក់​ទៅ​វិញ​ ។​
​ក្នុង​ពេល​ដែល​ម្ចាស់ផ្ទះ​មាន​បញ្ហា​ផ្នែក​សេដ្ឋកិច្ច​ នាង​ត្រូវ​ចេញ​ទៅ​រើស​សម្ភារដែល​អ្នក​នៅ​ក្នុងភូមិ​ផង​របង​ជាមួយ​លែង​ ប្រើប្រាស់​នោះ​ យក​ទៅ​អោយ​ម្ចាស់ផ្ទះ​ទុក​លក់ដូរ​បន្ថែម​ទៀត​។​ ដើរ​រើស​អេ​ត​ចាយ​កណ្ដាល​យប់​ នាង​តែង​ភ័យ​ខ្លាច​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតឡើង​ចំពោះ​ស្ត្រី​ទន់​ ខ្សោយ​ដូច​រូប​នាង​។​នៅ​ពេល​មាន​បញ្ហា​ណាមួយ​ក្នុងផ្ទះ​ អ្នក​ដែល​ត្រូវ​រង​គ្រោះ​មុនគេ​ គឺ​រូប​នាង​ ដោយ​មាន​ចាប់តាំងពី​ការ​គំហក​ ជេរ​ប្រមាថ​ រហូត​ដល់​ការ​វាយដំ​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ​ ។​
​ទុក្ខសោក​របស់​ ទូច​ ណៃ​ ត្រូវ​កប់​លាក់​ទុក​នៅ​ក្នុងផ្ទះ​ដែល​នាង​ទៅ​បម្រើ​ការ​អោយ​នោះ​ មិន​ដែល​ត្រូវ​ទម្លាយ​អោយ​អ្នក​ណា​ដឹង​ឡើយ​ ព្រោះ​សេរីភាព​ក្នុង​ការ​និយាយ​ស្ដី​ក៏​ត្រូវ​ថៅកែ​ហាមឃាត់​។​ កិច្ចសន្យា​របស់​នាង​ត្រូវ​បញ្ចប់​នៅ​ពេល​នាង​ធ្វើការ​បាន​ ២​ឆ្នាំ​ ប៉ុន្តែ​នាង​មិន​អាច​ត្រឡប់​មក​វិញ​ឡើយ​ ដោយ​ថៅកែ​មិន​បាន​រៀបចំ​អោយ​នាង​មក​វិញ​ទេ​ គឺ​នាង​ត្រូវ​បន្ត​នៅផ្ទះ​នោះ​រយៈពេល​ ២​ឆ្នាំ​ទៀត​។​ នាង​ត្រូវ​អនុញ្ញាត​អោយមក​វិញ​នៅ​ពេល​ភ្នែក​ចាប់ផ្ដើម​ងងឹត​ ឯ​ត្រចៀក​ក៏​ស្ដាប់​លែង​ច្បាស់​ និង​មិន​អាច​ដឹង​ខុស​ត្រូវ​ដូច​មុន​ទៀត​។​
​នាង​ ទូច​ ណៃ​ បាន​មក​ដល់​ស្រុក​ខ្មែរ​វិញ​ដោយ​ពុំ​មាន​ប្រាក់​កាស​ជាប់​ខ្លួន​ ដូច​ក្ដី​ស្រមៃ​របស់​នាង​កាលពីមុន​ពេល​នាង​ចាក​ចេញពី​ស្រុក​កំណើត​ ឡើយ​។​
ស្ថានភាព​របស់​ នាង​ ទូច​ ណៃ​ ត្រូវ​អ្នក​ភូមិ​ដឹង​ស្ទើរ​គ្រប់​គ្នា​ ដ្បិត​នាង​មាន​ស្មារតី​ធម្មតា​នៅ​មុន​ពេល​ប្រទេស​ម៉ា​ឡេ​ស៊ី​ មិនមែន​មិនសូវ​ដឹង​ខុស​ត្រូវ​ដូច​ពេល​នេះ​ឡើយ​។​
ទាក់ទិន​នឹង​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការងារ​តាម​ ផ្ទះ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ នេះ​ ស្ទើរ​រៀងរាល់ថ្ងៃ​តែង​មាន​ក្រុម​គ្រួសារ​ដាក់​ពាក្យបណ្ដឹង​ទៅ​អង្គការ​ មិនមែន​រដ្ឋាភិបាល​ អោយ​ជួយ​តាម​រក​កូនចៅ​ ឬ​សាច់ញាតិ​ និង​ធ្វើ​យ៉ាងណា​អោយ​ពួក​គេ​បាន​វិល​មក​ស្រុក​កំណើត​វិញ​ បន្ទាប់​ពី​ចប់​កិច្ចសន្យាការងារ​ជា​ច្រើន​ឆ្នាំ​ ហើយ​នៅ​តែ​មិន​ទាន់​វិល​មក​វិញ​។​
គិត​មក​ដល់​ពេល​នេះ​ គឺ​មាន​រយៈពេល​ជាង​ ៣​ឆ្នាំ​ហើយ​ដែល​រដ្ឋាភិបាល​កម្ពុជា​ ប្រកាស​ផ្អាក​នាំ​ពល​ការិនី​ទៅ​ធ្វើការ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ បន្ទាប់​ពី​កើត​មាន​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​ផ្នែក​នេះ​ ដោយ​រួម​ទាំង​ការ​រំលោភ​បំពាន​សិទ្ធិ​ពួក​គេ​ធ្ងន់ធ្ងរ​ ទាំង​មុន​ពេល​បញ្ជូន​ ពេល​ទៅ​ធ្វើការ​ និង​ក្រោយ​ពេល​ត្រឡប់​មក​វិញ​។​ គម្រោង​នាំ​ស្ត្រី​ធ្វើ​ការងារ​តាម​ផ្ទះ​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ត្រូវ​អះអាង​ថា​ អាច​នឹង​ចាប់ផ្ដើម​ឡើង​វិញ​នៅ​ពេល​ភាគី​ទាំង​២​អាច​ព្រមព្រៀង​គ្នា​ ក្នុង​បទដ្ឋាន​ច្បាប់​ការពារ​ក្រុម​ស្ត្រី​ទាំងនោះ​ពី​ការ​រំលោភ​បំពាន​ ទាំងឡាយ ​៕