ផ្អើលថាគេចាប់ពង្រត់ក្មេងសិស្សសាលា , តាមពិតត្រូវទាហានថៃចាប់ ពេលពួកវាលួចឆ្លងដែន
ដំបូងឡើយមានសាក្សីនិយាយថា ខ្លួនឃើញមនុស្សរុញកង់ក្មេងសិស្សសាលាចេញ ហើយអូសក្មេង៣នាក់នោះឡើងរថយន្តនីសាន់១បាំងកន្លះ នៅលើថ្នល់ជាតិលេខ៥ ក្នុងក្រុង កាលពីថ្ងៃព្រឹក។ ដល់ម៉ោងជាង ១១ ថ្ងៃព្រឹក ស្ត្រីជាជីដូននៃក្មេងទាំង៣ បានទៅសាលារៀន មិនឃើញចៅ និងត្រូវគ្រូប្រាប់ថា ពុំបានឃើញ ក្មេងសិស្សទាំង៣ មករៀនទេ។ ជីដូនក៏ភ័យ និង ប្ដឹងសមត្ថកិច្ច អោយជួយរកចៅខ្លួន។ ក្មេងទាំង៣ រស់នៅបីបាច់ដោយជីដូននៅសង្កាត់អូរអំបិល ព្រោះឪពុកម្ដាយវា ទៅស៊ីឈ្នួលធ្វើការនៅប្រទេសថៃ។
លោកវរសេនីយ៍ សិទ្ធិ ឡោះ ស្នងការរង និងជានាយការិយាល័យកណ្ដាលនគរបាលព្រហ្មទណ្ឌ ខេត្តបន្ទាយមានជ័យ ប្រាប់គេហទំព័រ CEN ល្ងាចថ្ងៃទី២៧ ឧសភាថា: ទទួលបានដំណឹងនេះ នគរបាលខេត្ត ក្រុង ស្រុក និងវរការពារព្រំដែនប្រទាក់ក្រឡាគ្នាស្រាវជ្រាវជាបន្ទាន់។ ទីបំផុតនគរបាលក្រុងប៉ោយប៉ែត វរ៩១១ និងនគរបាលប៉ុស្តិ៍ច្រកទ្វារប៉ោយប៉ែត បានឲ្យដឹងថា ក្មេង៣នាក់នោះ ស្ថិតក្នុងចំណោមជនជាតិកម្ពុជា ៨នាក់ ត្រូវទាហានឈុតខ្មៅថៃឃាត់ខ្លួន នៅស្រុកអារញ្ញខេត្តស្រះកែវ រួចបញ្ជូនត្រឡប់មកកម្ពុជាវិញនៅល្ងាចថ្ងៃទី២៧ ឧសភានេះ។
ក្មេងសិស្សសាលាបឋមសិក្សាអូរអំបិលទាំង៣នាក់នោះ បើយោងលោកវរសេនីយ៍ សិទ្ធិ ឡោះ អោយដឹងថា ១:ឈ្មោះ សុខ វិសាល ភេទប្រុស អាយុ១២ឆ្នាំ , ២:ឈ្មោះ សុខ ណងមី ភេទស្រី អាយុ៦ឆ្នាំ និងឈ្មោះ ចាន់ រតនា ហៅថេត អាយុ៦ឆ្នាំ ភេទប្រុស។ ពួកគេរស់នៅជាមួយជីដូននៅភូមិ-ឃុំ អូរអំបិល ក្រុងសិរីសោភ័ណ ដោយឪពុកម្ដាយធ្វើការនៅប្រទេសថៃ។
សមត្ថកិច្ចនិយាយថា ការពិតគ្មាននរណាចាប់ពង្រត់ក្មេងៗទាំងនេះទេ គឺពួកវានឹកឱពុក ម្តាយពេកក៏នាំគ្ទៅរកឱពុកម្តាយនៅថៃហើយត្រូវសមត្ថកិច្ចថៃ ចាប់បញ្ជូនមកវិញ។
លោក ឈីម វុទ្ធី នាយប៉ុស្តិ៍នគរបាលសង្កាត់អូរអំបិល អោយដឹងថា ជីដូនបានទៅទទួលចៅវិញ ពីអង្គការកល្យាណមិត្ត នៅប៉ោយប៉ែត បន្ទាប់ពីទាហានឈុតខ្មៅថៃ បញ្ជូនពួកគេនិងជនជាតិខ្មែរដទៃទៀតមក សមត្ថកិច្ចកម្ពុជាវិញ។
ស្ត្រីឈ្មោះ សុខ ផាត អាយុ៥៦ឆ្នាំ ជាជីដូន , ស្រី្តឈ្មោះ ម៉ា វៀន អាយុ៥១ឆ្នាំ ជា អ៊ុំស្ត្រី នៃក្មេងទាំង៣ ប្រាប់គេហទំព័រ CEN ល្ងាចថ្ងៃទី២៧ ឧសភាថា ក្មេងៗពិតជាត្រូវបានបាត់រួចរកឃើញនៅស្រុកថៃ ហើយបានប៉ូលិស ប៉េអឹមនិងអង្គការជួយទាក់ទងប្រគល់អោយខ្លួនវិញ។ ពួកខ្លួនអរគុណសមត្ថកិច្ចទាំងអស់៕T/L
ក្មេងសិស្សសាលា
បឋមសិក្សាអូរអំបិល ក្រុងសិរីសោភ័ណ ៣នាក់ ដែលផ្អើលថា
គេចាប់ពង្រត់រួចត្រូវរកឃើញវិញ ព្រោះទាហានឈុតខ្មៅថៃចាប់ (រូប:
សូផុន)
ប្រភពពី CEN