ទឹម រដ្ឋា មិនស្ងប់​អារម្មណ៍ នៅ​ពេល​ឮព័ត៌មាន​ថា មាន​ជម្លោះជា​មួយ ញ៉ែម សំអូន និងយ៉ាន លីនដា

5/24/2014 0 Comments A+ a-

ភ្នំពេញ៖ តារាសម្តែង និង ពិធីការិនីល្បីឈ្មោះ ក្នុងពិភពសិល្បៈកញ្ញា ទឹម រដ្ឋា កាលពីថ្មីៗកន្លងនេះ ត្រូវបានមហាជនដឹងថា នាងបានវេចបង្វេច ចាកចេញពីស្រុកខ្មែរ ឆ្ពោះទៅសម្តែង និងដើរម៉ូដនៅប្រទេសទីពីរ គឺទឹកដីប្រទេស អូស្រា្តលី រួមជាតារាប្រុស-ស្រី របស់ខ្មែរ ជាច្រើនដួង ដែលមានលោក ញ៉ែម សំអូន និង អ្នកនាង យ៉ាន លីនដា ជាភរិយា ជាអ្នកដឹកនាំ ក្រុមបង្ហាញម៉ូដទាំងនេះ ។
ប៉ុន្តែក្រោយពេលទៅដល់ និងស្នាក់នៅសម្តែង ក្នុងប្រទេសអូស្រាលី មិនទាន់ដល់ថ្ងៃត្រឡប់មកវិញផង ស្រាប់ តែលេចធ្លាយដំណឹង ពីការរង្គោះរង្គើរ ចំណងមិត្តភាព រវាងប្រធានក្រុម គឺលោក ញ៉ែម សំអូន ជាមួយនឹងសមាជិករួមការងារគឺ កញ្ញា ទឹម រដ្ឋា ព្រោះតែរឿងមិនផ្តល់តម្លៃឲ្យគ្នា ទៅវិញទៅមក និងការបែងចែក ពេលវេលាមិនច្បាស់លាស់ ក្នុងពេលបំពេញការងារ រហូតធ្វើឲ្យ រដ្ឋា អន់ចិត្តទ្រាំមិនបាន ក៏សម្រេចចិត្តឡើងយន្តហោះមក ស្រុកខ្មែរវិញតែម្នាក់ឯងមុនពេលកំណត់។
ផ្អែកតាមប្រភពព័ត៌ កៀកកិតពីរង្វង់អ្នកសិល្បៈ បានលើកឡើងថា ក្នុងអំឡុងពេលកំពុងស្នាក់នៅសម្តែងក្នុងទឹកដីអូស្ត្រាលី តារាសម្តែងរូបស្រស់ កញ្ញា ទឹម រដ្ឋា បានផ្ទុះជម្លោះពាក្យសម្តី នឹងគ្នាយ៉ាងក្តៅគគុក ជាមួយនឹងប្តីប្រពន្ធលោក យ៉ែ ម សំអូន និងយ៉ាន លីនដា ដែលជាមេក្រុមដឹកនាំ តារាស្រី-ប្រុស របស់ខ្មែរ ចេញទៅសម្តែង និងដើរម៉ូដ នៅទីនោះ ទើបបានជា រដ្ឋា ជិះយន្តហោះមកស្រុកខ្មែរ តែម្នាក់ឯងមុនគេ បង្កប់ដោយកំហឹងក្ដីឆេះងំពេញទ្រូង។
ជួបជាមួយ គេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤ នេះ កញ្ញា ទឹម រដ្ឋា បានឆ្លើយបដិសេធ និង ច្រានចោល ជុំវិញដំណឹងលេចឮនេះថា "បញ្ហានេះខ្ញុំដូចជា អត់យល់សោះ ព្រោះអីខ្ញុំ និង បងញ៉ែម សំអូន មិនដែលមានរឿងឈ្លោះ ប្រកែកគ្នាទេ។ ខ្ញុំនឹងគាត់ នៅតែរាប់អានគ្នា ជាធម្មតា មិនដែលមានរឿងនេះកើតឡើងផងហ្នឹង..!"។
កញ្ញា ទឹម រដ្ឋា បាននិយាយបន្តថា "ខ្ញុំសូមឲ្យសារព័ត៌មាន LookingTODAY ជួយបកស្រាយឲ្យផង កុំឲ្យបញ្ហាយល់ច្រឡំនេះ មានតទៅទៀត ព្រោះថា បើនៅតែមានបញ្ហា យល់ទ្រឡំនេះ ខ្ញុំមានអារម្មណ៍ មិនសប្បាយចិត្តទាល់តែសោះ។ ខ្ញុំសូមបញ្ជាក់ថា កាលដែលខ្ញុំមកស្រុកខ្មែរមុនគេ គឺដោយសារដល់ពេលកំណត់ ត្រូវវិលត្រឡប់មកវិញ..គ្មានជម្លោះជាមួយអ្នកណាឡើយ..!។
តារាសម្តែងស្រី មានប្រជាប្រិយភាព កញ្ញា ទឹម រដ្ឋា បន្តទៀតថា "ខ្ញុំមិនដែលមានជម្លោះ អ្វីកើតឡើង ជាមួយនឹងបង ញ៉ែម សំអូន និងប្រពន្ធគាត់នោះឡើយ។ ម្យ៉ាងទៀត កាលដែលខ្ញុំត្រឡប់ មកមុនគេនោះ ព្រោះខ្ញុំចុះកុងត្រា(កិច្ចសន្យា) តែរយៈពេលពីរសប្តាហ៍ ប៉ុណ្ណោះ ។ ចំណែកពួកគាត់កុងត្រា រយៈពេល ៤ សប្តាហ៍។ ដូច្នេះខ្ញុំត្រូវតែ ត្រឡប់មកខ្មែរមុនគេ តាមការកំណត់អ៊ីចឹងហើយ រឿងដែលគេនិយាយថា ខ្ញុំផ្ទុះជម្លោះនោះ វាមិនមែនជា ការពិតទេ..!"៕