កម្មករ​រោងចក្រ​ខេមបូ​ហិនសាំ ​បន្ត​ធ្វើ​កូដកម្ម​ទាមទារ​ដក​សហជីព

5/25/2014 0 Comments A+ a-


image (2)កម្មករ ​រោងចក្រ ខេមបូ​ហិនសាំ (Cambo Handsome) ក្នុង​សង្កាត់​ពោធិ៍សែនជ័យ ជាយ​រាជធានី​ភ្នំពេញ ធ្វើ​កូដកម្ម​អស់​រយៈពេល​ជាង ១​ខែ​មក​ហើយ នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ។ ចំណែក​ខាង​ភាគី​រោងចក្រ​វិញ​សន្យា​ថា នឹង​ដោះស្រាយ​បញ្ហា​នេះ តែ​ស្នើសុំ​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​ជា​ធម្មតា​ឡើង​វិញ​ជា​មុន​សិន។ ក៏ប៉ុន្តែ ក្រុម​កម្មករ​បាន​ហៅ​ការ​ពន្យារ​របស់​ខាង​ភាគី​រោងចក្រ​នៅ​ពេល​នេះ​ថា ជា​លេស​ដើម្បី​គេច​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ​ប៉ុណ្ណោះ។
00:00
កម្មករ​រាប់​ពាន់​នាក់​ដែល​បម្រើ​ការ​នៅ​ រោងចក្រ ខេមបូ​ហិនសាំ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​មុខ​រោងចក្រ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ទាមទារ​លុយ ៥% បន្ថែម​ពី​លើ​ប្រាក់​ខែ​ដែល​មាន​ស្រាប់ និង​ប្រាក់​អត្ថប្រយោជន៍​មួយ​ចំនួន​ទៀត ជាពិសេស កម្មករ​ក៏​ស្នើ​ឲ្យ​ភាគី​រោងចក្រ​បញ្ឈប់​សហជីព​មន្ត្រី​រាជការ​កម្ពុជា របស់ លោក ជួន មុំថុល ចេញ។
ថ្លែង​នៅ​ខាង​មុខ​រោងចក្រ ខេមបូ​ហិនសាំ សាខា​ទី​៣ កញ្ញា រាជ្យ សុភា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ឧសភា ថា មូលហេតុ​ដែល​កម្មករ​ធ្វើ​កូដកម្ម​ជាង ១​ខែ​នេះ ព្រោះ​តែ​ពួក​គេ​ទាមទារ​អត្ថប្រយោជន៍​មួយ​ចំនួន ដូចជា លុយ​ថ្លៃ​បាយ លុយ ៥% និង​ថ្លៃ​ធ្វើ​ដំណើរ។ រាជ្យ សុភា បន្ត​ថា បើ​ទោះ​ជា​នៅ​ពេល​នេះ ការ​ទាមទារ​របស់​កម្មករ​ហាក់​អស់​សង្ឃឹម តែ​ពួក​គេ​នៅ​បន្ត​ជម្នះ​បន្ត​ទៀត និង​មិន​រាថយ​ឡើយ។ ការ​ដែល​មិន​ពេញ​ចិត្ត​ជាង​នេះ​ទៅ​ទៀត​នោះ រាជ្យ សុភា ថ្លែង​ថា កម្មករ​រឹត​តែ​មិន​ចង់​បាន ហើយ​ទទូច​ជាង​ប្រាក់​អត្ថប្រយោជន៍ គឺ​ស្នើ​ឲ្យ​ភាគី​រោងចក្រ​បញ្ឈប់​សហជីព​មន្ត្រី​រាជការ​កម្ពុជា របស់ លោក ជួន មុំថុល ប្រចាំ​នៅ​ក្នុង​រោងចក្រ​នេះ​ចេញ ដោយ​ចាត់​ទុក​ថា សហជីព​នេះ​ក្រៅ​ពី​មិន​បាន​ជួយ​អ្វី​ដល់​កម្មករ​ហើយ ថែម​ទាំង​ប្រមាថ​ដល់​កម្មករ​ថែម​ទៀត​ផង៖ «សូម​ដក លោក ឡូយ លន់ ពីព្រោះ​គាត់​ហ្នឹង​មិន​បាន​ជួយ​ពួក​ខ្ញុំ ហើយ​គាត់​បែរ​និយាយ​បរិហារ​ពួក​ខ្ញុំ​ថា ពេល​ពួក​ខ្ញុំ​មិន​ចូល​ធ្វើ​ការ អ្នក​ដែល​ធ្វើ​កូដកម្ម​ហ្នឹង ពេល​រោងចក្រ​បិទ​សុទ្ធ​តែ​ទៅ​ធ្វើ​ស្រី​សំផឹង​ទាំងអស់។ អ៊ីចឹង​ពួក​ខ្ញុំ​ខំ​ធ្វើ​ការ ហើយ​មក​ជួប ពេល​គាត់​បរិហារ​កេរ្តិ៍​ពួក​ខ្ញុំ ហើយ​មើល​ងាយ​ពួក​ខ្ញុំ​យ៉ាង​ហ្នឹង អ្នក​ណា​មួយ​ក៏​ខឹង​ដែរ ពេល​គាត់​និយាយ​អ៊ីចឹង​នោះ»
ការ​តវ៉ា​របស់​កម្មករ​រោងចក្រ ខេមបូ​ហិនសាំ បាន​អូស​បន្លាយ​ជាង ១​ខែ​មក​ហើយ ចាប់​ពី​ថ្ងៃ​ទី​១៩ មេសា មក។
កូដកម្ម​នៅ​ពេល​នេះ បាន​បន្ត​ឡើង​កម្ដៅ​បន្ថែម​ទៀត​មួយ​កម្រិត ដោយ​ហេតុ​ថា កម្មករ​បាន​បន្ត​ប្រមូល​កៀរគរ​ពី​ក្នុង​រោងចក្រ​ផ្សេង ដែល​ជា​សាខា​តែ​មួយ ដើម្បី​ជំរុញ​ឲ្យ​ភាគី​រោងចក្រ​ព្រម​ទទួល​យក​គោលការណ៍​ដែល​ពួក​គេ​ស្នើ​ឡើង។
ចាប់​តាំង​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា ក្រុម​កម្មករ​មក​ពី​រោងចក្រ ខេមបូ​ហិនសាំ សាខា​ទី​២ បាន​ព្យាយាម​ទម្លាយ​ទ្វារ​របង​រោងចក្រ ខេមបូ​ហិនសាំ សាខា​ទី​៣ ដែល​កម្មករ​ភាគ​ច្រើន​នៅ​ក្នុង​សាខា​នេះ ព្រម​ចូល​រួម​ធ្វើ​កូដកម្ម​ដែរ ក៏ប៉ុន្តែ​ត្រូវ​បាន​ភាគី​រោងចក្រ​ចាក់​សោ​ទ្វារ​មិន​អនុញ្ញាត​ឲ្យ​កម្មករ​ ចូល​រួម​ឡើយ រហូត​ដល់​ម៉ោង​ចេញ​ពី​ធ្វើ​ការ។
កង​កម្លាំង​បង្ក្រាប​បាតុកម្ម និង​ក្រុម​សន្តិសុខ​អាវ​ខ្មៅ ដែល​ប្រដាប់​ដោយ​ខែល និង​ដំបង​គ្រប់​ដៃ ត្រូវ​គេ​ដាក់​ពង្រាយ​ដើម្បី​ទប់ស្កាត់​នៅ​ខាង​មុខ​រោងចក្រ​ទាំង​ពីរ​សាខា។ ចំណែក​អភិបាល​រង​ខណ្ឌ​ពោធិ៍សែនជ័យ បាន​បញ្ជា​ឲ្យ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ចេញ​ក្រៅ ដោយ​ពុំ​អនុញ្ញាត​ឲ្យ​បាន​ថតរូប​សកម្មភាព​កម្មករ​នៅ​ក្នុង​រោងចក្រ​នោះ​ឡើយ។
តំណាង​ភាគី​រោងចក្រ ខេមបូ​ហិនសាំ ជា​ជនជាតិ​កូរ៉េ​ខាង​ត្បូង បាន​ចេញ​មក​អន្តរាគមន៍​មួយ​សន្ទុះ ដោយ​ជួប​ក្រុម​កម្មការិនី​ដែល​ទម្លាយ​ទ្វារ​របង​ចូល​មក​ក្នុង មុន​នឹង​ត្រឡប់​ចូល​រោងចក្រ​វិញ។ តាម​រយៈ​អ្នក​បកប្រែ តំណាង​ភាគី​រោងចក្រ​ពុំ​បាន​បញ្ជាក់​ពី​ជំហរ​ក្នុង​ការ​ដោះស្រាយ​ឡើយ។ ផ្ទុយ​ទៅ​វិញ បាន​បញ្ជា​ឲ្យ​កម្មករ​ចេញ​ពី​បរិវេណ​រោងចក្រ មុន​នឹង​យក​កម្លាំង​បង្ក្រាប​បាតុកម្ម​ចូល​មក​ដល់៖«យើង​នាំ​គ្នា​ទៅ​ក្រៅ ​សិន​ទៅ។ គាត់​និយាយ​ថា អត់​ចង់​ឲ្យ​យើង​ធ្វើ​ខុស​ទេ។ កុំ​រុញ​ទ្វារ​គេ កុំ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​គេ គឺ​វា​ខុស​ច្បាប់។ មិន​មែន​គេ​មិន​ដោះស្រាយ​ទេ តាម​ពិត​ទៅ​ដល់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​ហើយ​តើ»
ចំណែក​ច្រក​ទ្វារ​របង​រោងចក្រ​ទាំង​ពីរ​សាខា ត្រូវ​កម្មករ​រុញ​ច្រាន​រហូត​របង​សាខា​រោងចក្រ ខេមបូ​ហិនសាំ ទី​២ បាន​ដួល​រលំ ខណៈ​សាខា​ទី​៣ ទ្រេត​រៀប​នឹង​ដួល​រំលំ ជា​ថ្នូរ​នឹង​ការ​ទាមទារ​ឲ្យ​ភាគី​រោងចក្រ​ចេញ​មុខ​ដោះស្រាយ។
វិទ្យុ​អាស៊ីសេរី ពុំ​អាច​សុំ​ការ​បំភ្លឺ​ពី លោក ជួន មុំថុល ប្រធាន​សហជីព​មន្ត្រី​រាជការ​កម្ពុជា និង​លោក ឡូយ លន់ តំណាង​សហជីព​ប្រចាំ​រោងចក្រ ខេមបូ​ហិនសាំ បាន​ទេ ដោយ​ព្យាយាម​តាម​ទូរស័ព្ទ​ជាច្រើន​ដង តែ​ពុំ​មាន​អ្នក​ទទួល។
ពាក់ព័ន្ធ​បញ្ហា​នេះ កាល​ពី​ថ្ងៃ​ទី​២៣ ឧសភា ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល បាន​ចេញ​បទបញ្ជា​ឲ្យ​កម្មករ​បញ្ឈប់​កូដកម្ម​ជា​បន្ទាន់ ហើយ​ចូល​ធ្វើ​ឡើង​វិញ​នៅ​ថ្ងៃ​ទី​២៤ ឧសភា។ ប្រតិកម្ម​ចំពោះ​សេចក្ដី​សម្រេច​នេះ ត្រូវ​បាន​ក្រុម​កម្មករ​អះអាង​ថា ដរាប​ណា​ការ​តស៊ូ​មតិ​មិន​បាន​ជោគជ័យ ពួក​គេ​នឹង​មិន​អនុវត្ត​ឡើយ៕
ប្រភពពី វិទ្យុអាស៊ីសេរី