ទី​បំផុត Apple ឆ្លើយតប​ពី​សំណើ​ដាក់​ពុម្ព​និង​ក្ដារចុច​ខ្មែរ​នៅ​លើ iOS

5/07/2014 0 Comments A+ a-

ជា​ព័ត៌មាន​ដ៏​រីករាយ និង​ក៏​ជា​អ្វី​ដែល​ពលរដ្ឋ​ខ្មែរ​ទន្ទឹង​រង់ចាំ​នោះ​ដែរ ឥឡូវ​នេះ​មាន​ការ​ឆ្លើយតប​ជា​វិជ្ជមាន​ពី​ខាង Apple ហើយ​លើ​សំណើ​ដែលចង់​ឲ្យ Apple ពិចារណា​​ក្នុង​ការ​ដាក់​ពុម្ព​និង​ក្ដារចុច​ភាសា​ខ្មែរ​នៅ​លើ​ប្រព័ន្ធ​ដំណើរការ iOS។
តាម ​ក្រុម 4KhmeriPhone ដែល​ជា​ក្រុម​អភិវឌ្ឍ iOS ភាសា​ខ្មែរ និង​ជា​អ្នក​ជំរុញ​យ៉ាង​សកម្ម​សម្រាប់​យុទ្ធនាការ​ក្នុង​ការ​នាំ​ពុម្ព​និង​ ក្ដារចុច​ខ្មែរ​នៅ​លើ iOS បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ក្រុម 4KhmeriPhone បាន​ផ្ញើ​សំបុត្រ​អេឡិចត្រូនិក (E-Mail) ចំនួន​ពីរ​ផ្សេង​គ្នា​ទៅ​កាន់​មនុស្ស​សំខាន់​ពីរ​នាក់​របស់ Apple (លោក Tim Cook នាយក​ប្រតិបត្តិ និង​លោក Peter Lofting អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក font​ របស់​ក្រុមហ៊ុន Apple) ជាមួយ​ការ​ភ្ជាប់​ចំនួន​ហត្ថលេខា​គាំទ្រ​ ពេល​នេះ​មាន​ការ​ឆ្លើយតប​មក​វិញ​ហើយ​។
4KhmeriPhone បាន​បញ្ជាក់​ថា មួយ​ក្នុង​ចំណោម​ពីរ​​នាក់​បាន​ឆ្លើយតប​មក​វិញ ដោយ​​ក្នុង​នោះ​ក៏​បាន​​តម្រូវ​ឲ្យ​មាន​ការ​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​មួយ​ ចំនួន​​ទៀត ដើម្បី​ត្រូវ​តាម​ក្បួនខ្នាត​ស្តង់ដា​របស់ Apple។
4KhmeriPhone ក៏​បាន​​បន្ត​ទៀត​ថា ​ដោយ​ទទួល​បាន​ការ​ណែនាំបែប​នេះ​ក្រុម​ការងារ​របស់​ពួកគេ​ក៏​មិន​បង្អាក់​ ដំណើរការ​គឺ​បាន​កំពុង​តែ​ដំណើរការ​ស្វែង​រក​ឯកសារ​ផ្សេងៗ​ដែល​ពាក់ព័ន្ធទៅ​ តាម​លទ្ធភាព ជាមួយ​ការ​សង្ឃឹម​ថានឹង​អាច​ចងក្រង​ឯកសារ​ដែល​ពាក់ព័ន្ធ​បាន​ទាន់​ពេល និង​ត្រូវ​តាម​អ្វី​ដែល​ក្រុមហ៊ុន Apple ត្រូវការ។
តើ​ការ​ឆ្លើយតប​ពី Appleនេះ​មិន​មែន​ជា​អ្វី​ដែល​ប្រិយមិត្ត​កំពុង​រង់ចាំ​ទេ​ឬ?
អត្ថបទ៖ ប៊ុណ្ណារ៉ា