គ្រូបង្រៀនម្នាក់ និងបក្ខពួក ម្នាក់ទៀត ដើរចែកចាយ ថ្នាំញៀន ត្រូវជាប់ខ្នោះ នគរបាល
កោះកុង ៖ គ្រូបង្រៀនម្នាក់
និងបក្ខពួកម្នាក់ទៀត ជំនាញខាងដើរចែកចាយថ្នាំញៀន ធ្វើឱ្យយុវវ័យមួយ ចំនួន
វង្វេងដើរមិនចូលសាលា ដោយសារ លោកគ្រូម្នាក់នេះ ដើរលក់ថ្នាំញៀន
ឱ្យទៅយុវវ័យទាំងនោះ ប្រើប្រាស់ ។
ប្រតិបត្ដិការណ៍ ចុះបង្ក្រាបគ្រូបង្រៀននេះ
ត្រូវបានធ្វើឡើង នៅរសៀលវេលាម៉ោង ៥,០០នាទីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤
ស្ថិតនៅចំណុចភូមិ៤ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង ។ ដោយជន
សង្ស័យទាំង២នាក់ មាន ១- ឈ្មោះ ឯវ ឥស្សរ៉ា ភេទប្រុស អាយុ ៣១ឆ្នាំ
មានទីលំនៅភូមិ៤ សង្កាត់ដង ទង់ ក្រុងខេមរភូមិន្ទ មានមុខរបរ
គ្រូបង្រៀននៅអនុវិទ្យាល័យដងទង់ ២-ឈ្មោះ ម៉ុល សំណាង ភេទប្រុស អាយុ ៣១ឆ្នាំ
មានទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ មានមុខរបរ
ជាកូនដៃធ្វើលូឱ្យគេ ហើយសមត្ថកិច្ច រឹបអូសបាននៅវត្ថុតាង បានថ្នាំញៀនចំនួន
៣៣គ្រាប់ ទូរស័ព្ទដៃ២គ្រឿង ។
ការចុះប្រតិបត្តិការនេះ មានដឹកនាំដោយ
លោកវរសេនីយ៍ទោ យឹម ផេង ស្នងការរង និងជាប្រធានការិយា
ល័យកណ្ដាលប្រឆាំងបទល្មើសខេត្ដ ព្រមទាំង មន្ដ្រីនៅក្រោមឱវាទជាច្រើននាក់ ។
លោកវរសេនីយ៍ទោ យឹម ផេង ស្នងការរង
និងជាប្រធានការិយាល័យកណ្ដាល ប្រឆាំងបទល្មើស បាន មានប្រសាសន៍ថា
ការឈានទៅធ្វើការឃាត់ខ្លួន គ្រូបង្រៀន និងបក្ខពួកខាងលើនេះ កម្លាំងលោកតាម
ស៊ើបសង្កេតជាយូរណាស់មកហើយ ហើយជនសង្ស័យទាំង២នាក់នេះ
បានធ្វើសកម្មភាពប្ដូរទីតាំង រហូត ដែលធ្វើឱ្យសម្ថតិកិច្ចឈឺក្បាលជាខ្លាំង ។
តែដោយកម្លាំងសមត្ថកិច្ចមានជំនាញច្បាស់លាស់ ទើបឈាន ទៅធ្វើការឃាត់ខ្លួនបាន
ជនសង្ស័ទាំង២នាក់ ហើយរឹបអូសបានថ្នាំញៀនចំនួន ៣៣គ្រាប់ និងទូរស័ព្ទ ចំនួន
២គ្រឿងទៀតផង ហើយមុននឹងចាប់ជនសង្ស័យទាំង ២នាក់បាន គឺពិបាកខ្លាំងណាស់
ពីព្រោះជន សង្ស័យបានដឹងខ្លួន រត់ចូលទៅក្នុងព្រៃ តែសមត្ថកិច្ច
នៅតែតាមប្រមាញ់ទាល់តែបាន ។
បើតាមការសួរនាំជនសង្ស័ឈ្មោះ ម៉ុក សំណាង នេះ
គឺធ្លាប់ជាប់គុក ៥ដង ហើយ នៅព្រៃស តែនៅមិន រៀងចាល នៅតែប្រព្រឹត្ដដដែល ។
លោកបាន បញ្ជាក់ថា មុនឈានទៅធ្វើឃាត់ខ្លួន ជនសង្ស័យខាងលើ នេះ លោកបានឆ្លងយោបល់
លោកស្រី ម៉ាក នី ព្រះរាជអាជ្ញារង សាលាដំបូងខេត្ដ និងលោក ស្នងការ រួច ហើយ
ទើបចុះប្រតិបត្ដិការ ។ ហើយលោកទទួលបទបញ្ជា ពីអគ្គនាយកដ្ឋាន និងលោកស្នងការ
ដើម្បីការ ពារភូមិ ឃុំ មានសុវត្ដិភាព ជូន ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន
ឱ្យមានសុវត្ថិភាពល្អទៅថ្ងៃមុខ ។ ចំពោះ ជន សង្ស័យទាំង២នាក់ខាងលើ
លោកកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវ
ច្បាប់ ។
ប្រជាពលរដ្ឋដែលដឹង នូវហេតុការណ៍នេះ បាននិយាយថា
លោកមានការសប្បាយចិត្ដខ្លាំងណាស់ ដោយ កម្លាំងសមត្ថកិច្ច
ចាប់គ្រូបង្រៀននេះបាន ហើយមិនដឹងសិស្សប៉ុន្មាននាក់ ដែលត្រួវគ្រូបង្រៀនរូបនេះ
ពង្វក់ឱ្យប្រើប្រាស់ ពីព្រោះគាត់ជាគ្រូស្រាប់
តែលោកសូមឱ្យខាងប្រព័ន្ធផ្នែកតុលាការ ផ្ដន្ទាទោសឱ្យបាន យូរ កុំដោះលែងឱ្យសោះ
ពីព្រោះជនទាំងនេះជាជនមើលឃើញតែប្រយោជន៍ខ្លួនឯង មិនគិតពីអនាគត
យុវវ័យជំនាន់ក្រោយឡើយ ៕
