សម្លាប់ស្រ្តី ជនជាតិហូឡង់ និងកូនស្រី អាយុជាង១ឆ្នាំ រងរបួសធ្ងន់ មិនទាន់ដឹង មូលហេតុ

4/29/2014 0 Comments A+ a-

ភ្នំពេញ ៖ ស្រ្តីជនជាតិ ហូឡង់ម្នាក់ ត្រូវបានអ្នកបម្រើ ប្រទះឃើញ ដេកស្លាប់ នៅក្នុងផ្ទះជួល ដោយមានឈាមហូរដាប ហើយកូនប្រុស អាយុជាង១ខួប បានរងរបួសធ្ងន់ កាលពីវេលាម៉ោង ប្រមាណ៩ព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤នេះ ស្ថិតនៅ ផ្ទះជួលរបស់ ជនរងគ្រោះលេខ ១៧២ Z2 ភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយមិនទាន់ដឹងមូលហេតុ ច្បាស់នៅឡើយទេ។
សាក្សីនៅកន្លែង កើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ខណៈស្រ្តីអ្នក បម្រើមកបើកទ្វារ ដើម្បីចូលទៅ បោសសំអាត ស្រាប់តែប្រទះឃើញ ជនរងគ្រោះដេកស្លាប់ បាត់ទៅហើយ ដោយឡែក កូនស្រីអាយុជាង១ឆ្នាំ ដែលនៅមានដង្ហើមនៅឡើយនោះ ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ។
យ៉ាងណាក៏ដោយ ហេតុការណ៍នេះ បានកើតឡើង ខណៈប្តី របស់ស្រ្តីរងគ្រោះ កំពុងជាប់បំពេញ ការងារ នៅខេត្តព្រះសីហនុ ហើយត្រូវបាន ប្រជាពលរដ្ឋ នៅក្បែរផ្ទះ ជនរងគ្រោះអះអាងថា ធ្វើការជាមន្រ្តី យូអិន ។
សាក្សីនៅកន្លែង កើតហេតុ បានឲ្យដឹងថា ផ្ទះកើតហេតុ រាល់ថ្ងៃគេឃើញ ជនរងគ្រោះ និងក្រុមគ្រួសារ មានប្តី និងកូនប្រុសអាយុជាង១ឆ្នាំ រស់នៅ ហើយរាល់ ពេលព្រឹកចេញទៅធ្វើការបាត់ ដែលអ្នកខ្លះអះអាងថា ធ្វើការនៅស្ថាប័នយូអិន។
យ៉ាងណាក៏ដោយ ក្រោយកើតហេតុ ភ្លាមៗ កម្លាំងនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំង នគរបាលមូលដ្ឋាន ខណ្ឌចំការមន ដឹកនាំដោយ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាល រាជធានីភ្នំពេញ និងមន្រ្តីស្ថានទូតហូឡង់ បាននិងកំពុងចុះត្រួតពិនិត្យ នៅកន្លែងកើតហេតុ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល