ពី​អាមេរិក លោក កឹម សុខា បង្ហាញ​ជំហរ​រឹងត្អឹង​

4/10/2014 0 Comments A+ a-


kem-sokha_cenភ្នំពេញ: លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បានបញ្ជាក់​មកពី​សហ​រដ្ឋ​អាមេរិក​ថា លោក​មិន​ព្រម​ទទួលយក​ការកែសម្រួល​ថ្ងៃ​បោះឆ្នោត​ពី​ខែកក្កដា​មក​ធ្វើ​នៅ​ ខែកុម្ភៈ ឆ្នាំ​២០១៨ ដែល​សម្តេច​ហ៊ុនសែន បាន​ជជែក​ជាមួយ​លោក​សមរង្ស៊ី​នោះទេ​។ លោក កឹម សុខា បានផ្តល់​បទសម្ភាសន៍​ដល់​អ្នកកាសែត នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៤ ថា លោក​បានដឹង​ពី​ការជជែក​តាម​ទូរស័ព្ទ​រវាង​លោក​សមរង្ស៊ី និង​សម្តេច​ហ៊ុនសែន ព្រមទាំង​ក្រុមការងារ​គណបក្ស​ទាំងពីរ និង​បាន​ផ្តល់យោបល់​ជា​បន្តបន្ទាប់​។ លោក​បញ្ជាក់ថា ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ដដែល នោះ​គឺ​ការទាមទារ​បោះឆ្នោត​ឡើងវិញ និង​ការផ្លាស់ប្តូរ កែទម្រង់​គ​.​ជ​.​ប ជា​ស្ថាប័ន​ធម្មនុញ្ញ និង​មាន​សមាសភាព ដែល​គណបក្ស​ទាំងពីរ បាន​ព្រមព្រៀងគ្នា​។​
​    ​លោក កឹម សុខា បាន​គូសបញ្ជាក់ថា លោក​មិន​យល់ព្រម ទៅនឹង​ការកំណត់​ការបោះឆ្នោត មុន​កាលកំណត់ នា​ខែកុម្ភៈ ឆ្នាំ​២០១៨ ដែល​សម្តេច​ហ៊ុនសែន និង​លោក​សមរង្ស៊ី បាន​ជជែក​ពិភាក្សាគ្នា កាលពី​ថ្ងៃទី​៩​មេសា​នោះទេ​។ លោក​កឹម​សុខា បាន​ពន្យល់ថា ការកែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប រួមទាំង​ការចុះឈ្មោះ​អ្នកបោះឆ្នោត​ឡើងវិញ ជាដើម គឺ​ត្រូវការ​ពេលវេលា​តែ​១​ឆ្នាំ​ប៉ុណ្ណោះ អាចធ្វើ​បាន​ហើយ​។ ដូច្នេះ​ការបោះឆ្នោត​នោះ មិនត្រូវ​ចាំ​ដល់​ឆ្នាំ​២០១៨ ឡើយ​។​
​យ៉ាងណាក៏ដោយ លោក​កឹម​សុខា បានបញ្ជាក់​ពី​បំណង​របស់លោក ថា​ចង់​ដោះស្រាយ​បញ្ហា ហើយ​បាន​អំពាវនាវ​ដល់​មេដឹកនាំ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ ឲ្យ​រក​ចំណុចកណ្តាល​មួយ ដើម្បី​ស្រុះស្រួល​គ្នា ឈានទៅ​បញ្ចប់​ជម្លោះ​បោះឆ្នោត​។​
​លោក កឹម សុខា បានបញ្ជាក់ “​ខ្ញុំ​មិន​ប្រឆាំងនឹង​ការជជែក​ចរចា​គ្នា​នោះទេ​។ តែ​ការជជែក​នោះ ត្រូវតែ​ធ្វើឡើង ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​ផលប្រយោជន៍​ជាតិ​ជាធំ​”​។​
​លោក កឹម សុខា ក៏បាន​ឲ្យ​ដឹងថា តាម​ផែនការ លោក​នឹងត្រូវ​វិល​ត្រលប់​មកពី​អាមេរិក​វិញ នៅ​ថ្ងៃទី​២៣​មេសា ប៉ុន្តែ​បើ​មានការ​ចាំបាច់ ពោលគឺ​ការ​ព្រមព្រៀងគ្នា​ណាមួយ នោះ​លោក​អះអាងថា នឹង​អាច​វិលត្រឡប់​មកកាន់​កម្ពុជា​វិញ នៅពេល​ណាមួយ​ក៏បាន​ដែរ​។​
​អត្ថាធិប្បាយ​ខាងលើ​របស់លោក​កឹម​សុខា បានធ្វើ​ឡើង​ភ្លាមៗ ខណៈដែល​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​លទ្ធផល​នៃ​កិច្ចពិភាក្សា​តាម​ទូរស័ព្ទ​រយៈពេល ៤៤ នាទី កាលពី​ព្រឹក​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៤ ព្រមទាំង​សេចក្តីព្រាង កិច្ចព្រមព្រៀង ដែលមាន ៣ ចំណុច រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​។​
​កិច្ចពិភាក្សា​នោះ ត្រូវបាន​សម្តេច​ហ៊ុនសែន បញ្ជាក់ថា សម្តេច​បានលើកឡើង​ទៅ​កាន់​លោក​សមរង្ស៊ី អំពី​ការបោះឆ្នោត​មុន​កំណត់ គឺ​ការបោះឆ្នោត​ឃុំ​សង្កាត់ នឹងធ្វើ​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៧ និង​ការបោះឆ្នោត​តំណាងរាស្ត្រ នឹងធ្វើ​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៨​។ ការកែសម្រួល​ថ្ងៃ​បោះឆ្នោត​នេះ ដោយសារតែ​ខែកក្កដា ជា​ខែ​ភ្លៀង ហើយ​ប្រជាកសិករ ត្រូវធ្វើ​ស្រែចំការ ជាដើម​។​
​សម្តេច ហ៊ុន សែន បាន​ព្រមាន​ទុកជាមុន​ថា បើសិនជា​មេដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មិនអាច​ចុះហត្ថលេខា​លើ​ពង្រាង​កិច្ចព្រមព្រៀង ដែល​សម្តេច​លើក​បង្ហាញ​នៅពេលនេះ​ទេ គឺជា​កំហុស​របស់លោក​កឹម​សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ មិនមែនជា​កំហុស​របស់​សម្តេច លោក​សមរង្ស៊ី ឬក៏​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​៕T​/L
លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ
ប្រភពពី CEN