ម៉ាឡេស៊ី ផ្តល់ព័ត៌មាន ផ្នែកបច្ចេកទេស ទាក់ទង នឹងការធ្លាក់យន្តហោះ MH 370
កូឡាឡាំពួរ៖ រដ្ឋមន្ត្រីផ្នែកដឹកជញ្ជូនរបស់ប្រទេស ម៉ាឡេស៊ី លោក Hishammunddin Hussein បានឲ្យដឹង កាលពីថ្ងៃអង្គារកន្លងទៅនេះថា ក្រុមស៊ើបអង្កេតផ្នែកឧប្បត្តិហេតុដែនអាកាស របស់ចក្រភពអង់គ្លេស ដែលហៅកាត់ថា AAIB បានផ្តល់នូវព័ត៌មានបន្ថែមទាក់ទង នឹងកាលវិភាគនៃការធ្លាក់យន្តហោះ។
ភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤នេះបានលើកឡើងនូវសំដីរដ្ឋមន្ត្រីរូបនេះថា ក្រុមហ៊ុនទូរគមនាគមន៍ផ្កាយរណបរបស់ចក្រភពអង់គ្លេស ឈ្មោះថា Inmarsat បានផ្តល់នូវព័ត៌មានទាក់ទងនឹងផ្នែកបច្ចេកទេស ដែលបានវិភាគទាក់ទងនឹងយន្តហោះ។
ប្រភពដដែលបានឲ្យដឹងថា នៅក្នុងពេលដែលយន្តហោះស្ថិតនៅលើដី ក្នុងព្រលានយន្តហោះ កូឡាឡាំពួរ និង អំឡុងនៃការហោះហើរជាលើកដំបូង យន្តហោះMH370 បានបញ្ជូនសារទំនាក់ទំនងចំនួនពីរបីដងផងដែរ។ ក្នុងពេលនោះ ទីតាំងរបស់យន្តហោះ និងផ្កាយរណបអាចត្រូវបានគេស្គាល់ ហេតុនេះក្រុមការងារអាចនឹងគណនាពីប្រព័ន្ធនៃលក្ខណៈរបស់យន្តហោះ ផ្កាយរណប និងទីតាំងរបស់វានៅលើផ្ទៃដីបាន។
ការវិភាគដែលធ្វើឡើងដោយ Inmarsat ជាមូលដ្ឋានសម្រាប់ការសិក្សាស្រាវជ្រាវ ក្នុងគោលដៅស្វែងរកទីតាំងចុងក្រោយរបស់យន្តហោះ។ យោងតាមការស៊ើបអង្កេត របស់ប្រទេស ម៉ាឡេស៊ី បានបង្កើតក្រុមការងារអន្តរជាតិ ដោយបញ្ជូលអ្នកជំនាញផ្នែកផ្កាយរណប និងការបើកបរយន្តហោះ ក្នុងក្រុមការងារ ដើម្បីបន្តការងារស្រាវជ្រាវតទៅមុខទៀត។
ក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ដោយយោងតាមលទ្ធផលនៃការវិភាគ ការងារស្រាវជ្រាវ និងប្រតិបត្តិការជួយសង្រ្គោះ ក្នុងតំបន់ភាគខាងជើងសមុទ្រត្រូវបានបញ្ឈប់។ ជាមួយគ្នានេះដែរ ក្រុមការងារក៏បានបញ្ឈប់ ការស្រាវជ្រាវនៅផ្នែកខាងជើង នៃតំបន់ភាគត្បូងដែលស្ថិតនៅជិតប្រទេស ឥណ្ឌូនេស៊ីផងដែរ។
ប្រភពដដែលបានឲ្យដឹងថា ការខិតខំប្រឹងប្រែងក្នុងការស្រាវជ្រាវនេះផ្តោតការងារ ទៅលើតែភាគខាងត្បូង នៃទីតាំងដែលយើងសង្ស័យប៉ុណ្ណោះ ដោយតំបន់ស្រាវជ្រាវនេះមានផ្ទៃក្រឡាចំនួន៤៦៩.៤០៧ម៉ាយការ៉េ ។
លោក Hishammuddin បានចង្អុលបង្ហាញ បន្ថែមថា រហូតមកទល់ពេលនេះ ពុំមានយន្តហោះណាមួយ ចុះបំពេញការងារស្រាវជ្រាវរបស់ខ្លួនឡើយ ដោយសារអាកាសធាតុមិនអំណោយផល។ ក្នុងពេលថ្មីៗនេះ នាវាប្រទេស ចិន ចំនួនប្រាំមួយគ្រឿងកំពុងស្ថិតនៅតំបន់ស្រាវជ្រាវ ហើយត្រូវបានគេរំពឹងថា នឹងមកដល់បរិវេណនៃទីតាំងរបស់យន្តហោះនៅថ្ងៃពុធខាងមុខនេះ។
លោក Hishammuddin បាននិយាយថា គណៈប្រតិភូជាន់ខ្ពស់របស់ប្រទេស ម៉ាឡេស៊ី នឹងចាកចេញពីទីក្រុងប៉េកាំងនារាត្រីថ្ងៃអង្គារនេះ។ ដោយឡែកលោក Ahmad Jauhari Yahya មន្ត្រីប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បាននិយាយថា គណៈប្រតិភូ នឹងផ្តល់នូវព័ត៌មានលម្អិតដល់ក្រុមគ្រួសារជនរងគ្រោះ ទាក់ទងនឹងសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលបានលើកឡើងទាក់ទង នឹងយន្តហោះ កាលពីថ្ងៃចន្ទកន្លងទៅនេះ៕