មន្ត្រី​សុខាភិបាល​បន្លំ​ ប្រាក់​មូលនិធិ​សកល​មិន ​ត្រូវ​បាន​ផ្ដន្ទាទោស

3/24/2014 0 Comments A+ a-


image (9)រដ្ឋាភិបាល ​កម្ពុជា សម្រេច​មិន​ដាក់​ទោស​មន្ត្រី​ក្រសួង​សុខាភិបាល ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុករលួយ​ក្នុង​រឿង​បាត់​ប្រាក់​របស់​មូលនិធិ​ សកល (Global Fund) ឡើយ។ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា អង្គភាព​នេះ​បាន​បង្គាប់​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​សុខាភិបាល សង​ប្រាក់​ទៅ​ឲ្យ​មូលនិធិ​សកល​វិញ។
សំណុំ​រឿង​បន្លំ​លួច​លុយ​របស់​មូលនិធិ​សកល ក្នុង​ក្រសួង​សុខាភិបាល ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បិទ​បញ្ចប់​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ហើយ។ ប៉ុន្តែ​មន្ត្រី​មួយ​ចំនួន​ដែល​ជាប់​ពាក់ព័ន្ធ​មិន​ត្រូវ​បាន​ដាក់​ទោស​នោះ​ ទេ តែ​ត្រូវ​បង្ខំ​ឲ្យ​សង​លុយ​ទៅ​ម្ចាស់​ជំនួយ​វិញ​ឲ្យ​បាន​គ្រប់​ចំនួន ដើម្បី​បើក​ផ្លូវ​ឲ្យ​មូលនិធិ​សកល​ផ្ដល់​ជំនួយ​មក​ឲ្យ​កម្ពុជា ជា​ថ្មី​ទៀត។
ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​ប្ដឹង​មន្ត្រី​ក្រសួង​សុខាភិបាល​ដែល​មូលនិធិ​ពិភពលោក​រក​ឃើញ ​ថា ប្រព្រឹត្ត​ពុករលួយ​ទៅ​កាន់​តុលាការ​ឡើយ ដោយសារ​តែ​គុណសម្បត្តិ​របស់​ក្រសួង​សុខាភិបាល​ជុំវិញ​ការ​កម្ចាត់​ជំងឺ​ គ្រុន​ចាញ់ និង​ជំងឺ​អេដស៍​នៅ​កម្ពុជា។ លោក​បន្ត​ថា អង្គភាព​នេះ​បាន​បង្ខំ​ឲ្យ​មន្ត្រី​ដែល​ជាប់​ពាក់ព័ន្ធ​សង​ប្រាក់​ទៅ​ឲ្យ​ មូលនិធិ​សកលលោក​វិញ ហើយ​ដំណើរការ​សង​ប្រាក់​ក៏​ជិត​រួច​រាល់​ហើយ​ដែរ។
លោក ឱម យ៉ិនទៀង៖ «វា​មិន​មាន​ភស្តុតាង​ទេ ជា​ការ​សន្និដ្ឋាន​ការ​សន្មត​មែន តែ​យើង​ទទួល​ខុស​ត្រូវ បង្ខំ​ឲ្យ​សាមីខ្លួន​ធ្វើ​ការ​សង មក​ដល់​ពេល​នេះ​មន្ត្រី​ខាង​អេដស៍​សង​គ្រប់​ចំនួន​ហើយ។ មន្ត្រី​ខាង​គ្រុនចាញ់​សង​បាន​មួយ​ចំនួន​ដែរ​ហើយ គេ​សង​បី​ជំហាន តែ​ឥឡូវ​សង​បាន​ពីរ​ជំហាន​ហើយ»
មូលនិធិ​សកល​បាន​ចេញ​របាយការណ៍​ស៊ើប​អង្កេត​មួយ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ដោយ​បង្ហាញ​ភស្តុតាង​ជា​ច្រើន​ទាក់ទង​នឹង​បណ្ដាញ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ក្នុង​ក្រសួង​សុខាភិបាល។
របាយការណ៍​ស៊ើប​អង្កេត​កម្រាស់ ៨៣​ទំព័រ របស់​មូលនិធិ​សកល រក​ឃើញ​ថា អតីត​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជំងឺ​គ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និង​បាណកសាស្ត្រ លោក ដួង សុជាតិ និង​សហការី​ម្នាក់ បាន​ទទួល​ប្រាក់​សគុណ​ចំនួន​ជិត ៥​សែន​ដុល្លារ ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​មុង​ចំនួន​ពីរ​នៅ​បរទេស។ ក្រុមហ៊ុន​ទាង​ពីរ​ផ្ដល់​ប្រាក់​សគុណ​ជូន​មន្ត្រី​ទាំង​នេះ​ជា​ថ្នូរ​នឹង​ កិច្ចសន្យា​ជាមួយ​ក្រសួង​សុខាភិបាល។
ចំពោះ​មន្ត្រី​ជាន់​ខ្ពស់​នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើ​ស្បែក និង​កាមរោគ ដែល​ទទួល​បន្ទុក​គ្រប់គ្រង​ការ​ដេញ​ថ្លៃ​គម្រោង​មួយ ក៏​ត្រូវ​អង្គភាព​សវនកម្ម​របស់​មូលនិធិ​សកល​រក​ឃើញ​ថា បាន​ទទួល​ប្រាក់​សគុណ​ប្រមាណ ៤​ម៉ឺន​ដុល្លារ​ពី​ភាគី​ក្រុមហ៊ុន​មួយ​ចំនួន គឺ​ស្មើ ១៥% នៃ​ទឹក​ប្រាក់​គម្រោង​ចំនួន​ជិត ៣​សែន ២​ម៉ឺន​ដុល្លារ។
ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​បណ្ដាញ​រួបរួម​ដើម្បី​គណនេយ្យភាព​សង្គម អាស៊ី​បូព៌ា និង​អាស៊ី​ប៉ាស៊ីហ្វិក លោក សន ជ័យ មាន​ប្រសាសន៍​ថា ការ​ពិន័យ​រដ្ឋបាល ហើយ​មិន​ចាត់ការ​បទល្មើស​ព្រហ្មទណ្ឌ​ទៅ​លើ​មន្ត្រី​ក្រសួង​សុខាភិបាល ជា​គំរូ​អាក្រក់​មួយ​ដែល​បង្ហាញ​ពី​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៅ​កម្ពុជា។
លោក សន ជ័យ៖ «វា​មិន​អី​ទេ ការ​សម្របសម្រួល​បែប​នេះ បើ​សិន​ជា​នៅ​កម្ពុជា មិន​មាន​ច្បាប់​ព្រហ្មទណ្ឌ មិន​មាន​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ។ ការ​អនុវត្ត​បែប​នេះ នឹង​នាំ​មក​នូវ​ការ​វាយ​តម្លៃ​ទាប​លើ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ»
អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ធ្លាប់​បាន​សម្របសម្រួល​ក្នុង​ករណី​ ពុករលួយ​នៅ​ក្រសួង​សង្គមកិច្ច កាល​ពី​ឆ្នាំ​២០១១ ដោយ​បង្ខំ​ឲ្យ​ក្រសួង​សង្គមកិច្ច សង​ប្រាក់​ដែល​កិបកេង​ពី​រដ្ឋ​ជាង ៥​លាន​ដុល្លារ​ទៅ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​វិញ។ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា បាន​ចាប់​ខ្លួន​អធិការ​នគរបាល​ស្រុក​បន្ទាយមាស ខេត្ត​កំពត និង​គូកន​ម្នាក់​ទៀត ពី​បទ​ពុករលួយ​ក្នុង​រង្វង់​ទឹក​ប្រាក់​ជាង ២០០​លាន​រៀល។ អធិការ​ម្នាក់​នោះ​ក៏​ត្រូវ​រក​ឃើញ​ថា បាន​ទិញ​ឈ្មោះ ទិញ​សក្ដិ​ផង​ដែរ។
លោក ឱម យ៉ិនទៀង ចាត់​ទុក​ថា ករណី​ទិញ​ឋានន្តរសក្ដិ ទិញ​ឈ្មោះ​នេះ ជា​អំពើ​ពុករលួយ។ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា តើ​អ្នក​ដែល​លក់​សក្ដិ​ឲ្យ​លោក​អធិការ​នោះ នឹង​ជាប់​ទោស​ដែរ ឬ​យ៉ាង​ណា​នោះ​ទេ?
ប្រភពពី វិទ្យុអាស៊ីសេរី