នាំគ្នារត់ពីខេត្ត បន្ទាយមានជ័យ មកលាក់ខ្លួន នៅស្រុកកោះធំ ត្រូវក្រុមគ្រួសារខាងស្រី ឃាត់ឲ្យសមត្ថកិច្ច
កណ្តាលៈ យុវជនម្នាក់ ត្រូវបាននគរបាល ស្រុកកោះធំ ក្រោមការដឹកនាំ បញ្ជាដោយ ផ្ទាល់ពី លោក ស្នងការ នគរបាលខេត្តកណ្តាល បានឃាត់ខ្លួន បន្ទាប់ពីមាន ពាក្យ បណ្តឹងរបស់ ក្រុមគ្រួសារ នារីរងគ្រោះ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ២៣និង១០នាទី យប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ ស្ថិត ក្នុងភូមិព្រែក តាសេក ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។
នគរបាល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហ ស ដ ឆ្នាំអាយុ១៤ឆ្នាំ រស់នៅក្នុង ភូមិខ្វាវលិច ឃុំស្វាយ ចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ រីឯជនសង្សយ័ ដែលត្រូវជាគូរស្នេហ៍នាងនោះឈ្មោះ ឃាម ផាន្នី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិចារថ្មី ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
នគរបាលបន្តថា មុនពេលកើតហេតុកាលពីថ្ងៃទី៧ ខែកម្ភៈ ឆ្នាំ២០១៤ ជនសង្សយ័ បានលួងលោម ជនរងគ្រោះ រត់ចេញពីផ្ទះទៅដល់ខេត្តកំពត ក្រោយមកម្តាយ របស់ក្មេងស្រីរងគ្រោះ បានហៅកូនត្រឡប់ ទៅផ្ទះវិញ នៅឯខេត្តបន្ទាយមានជ័យ រហូតដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៤ ម្តាយជនរងគ្រោះ បានយក កូនស្រីឈ្មោះ ហ ស ដ មកស្នាក់នៅជាមួយ ក្មួយស្រីឈ្មោះ ប៉ុន ស្រីណែត ទីលំនៅ ភូមិដំណាក សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ លុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៤ ជនសង្ស័យក៏បាន លោងលោម ជនរងគ្រោះ រត់ចេញពីផ្ទះម្តងទៀត មកស្នាក់នៅភូមិព្រែកតាសេក ឃុំជ្រោយតាកែវ ស្រុកកោះធំ រហូតដល់ថ្ងៃ២០ ខែមីនា ឆ្នាំ២០១៤ ម្តាយជនរងគ្រោះ បានប្តឹងមកអធិការ ដ្ឋាននគរបាល ស្រុកកោះធំ ដើម្បីឲ្យជួយ ស្រាវជ្រាវរកកូនរបស់គាត់ លុះដល់ម៉ោង២៣ និង០០នាទី កម្លាំងនគរបាលស្រុក ក៏រកឃើញ ជនរងគ្រោះ និងជនសង្សយ័កំពុងស្នាក់នៅផ្ទះឈ្មោះ ផៃ ធីម នៅភូមិ ព្រែកតាសេក ឃុំជ្រោយតាកែវ ស្រុកកោះធំ ក្រោយមកនគរបាលស្រុកកោះធំ ដឹកនាំដោយលោកស្នងការ នគរបាលខេត្តកណ្តាល បានចុះទៅរំដោះ ជនរងគ្រោះចេញមក និងបាននាំជនសង្ស័យរួមនឹងជន រងគ្រោះ មកកាន់អធិការដ្ឋាន ស្រុកកោះធំ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាម នីតិវិធីច្បាប់ ។
ក្នុងនោះដែរលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ សូមថ្លែងអំណរគុណ យ៉ាងជ្រាល ជ្រៅ ដល់លោកស្នងការខេត្តកណ្តាល ដែលបានចុះជួយអន្តរាគមន៍ ដល់ក្មួយស្រីរបស់លោក បានទាន់ ពេល វេលា និងសូមថ្លែងអំណរគុណ ដល់លោកអធិការ ស្រុកកោះធំផងដែរ ដោយលោកខិតខំ ធ្វើការ ស្រាវជ្រាវ យ៉ាងញាប់ដៃញាប់ជើង បន្ទាប់ពីទទួលបានពាក្យបណ្តឹង គឺលោកខិតខំធ្វើការស្រាវជ្រាវ រហូតឃើញ ដូច្នេះនេះគឺជាការយកចិត្តដាក់ខ្ពស់បំផុត របស់នគរបាល ចំពោះប្រជាពលរដ្ឋ ហើយប្រជា ពលរដ្ឋ ក៏ទទួលបានភាពកក់ក្តៅផងដែរ ពីនគរបាល ៕