ការបាត់​ដំណឹងនៃ​ យន្តហោះ​ម៉ាឡេស៊ី អាចជា​ទង្វើដោយ​ចេតនា​ណាមួយ

3/14/2014 0 Comments A+ a-

ប៉េកំាង៖ បណ្តាញសារព័ត៌មានរបស់ ប្រទេសលោកខាងលិច បានចាប់ផ្តើមបង្ហាញ កាលពីថ្ងៃព្រហស្បតិ៍ អំពីការបាត់ដំណឹងរបស់ យន្តហោះដឹកអ្នកដំណើរម៉ាឡេស៊ី MH-370 ថា អាចបណ្តាលមកពីការធ្វើដោយចេតនាណាមួយ ជាជាងគ្រោះមហន្តរាយ ខណៈដែលទីតំាងសំចត នៃយន្តហោះនោះ នៅតែស្ថិតក្នុងភាពអាថ៌កំបំាងនៅឡើយ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០១៤ ដោយផ្អែកតាមការផ្សាយ ព័ត៌មានលោកខាងលិចថា «ដោយឡែក ការបិទប្រព័ន្ធទំនាក់ទំនងចំនួនពីរផ្សេងគ្នា ពីការបាត់ខ្លួននៃយន្តហោះនោះ គឺបានកើតឡើងក្នុងពេលខុសគ្នា ដែលបង្ហាញនូវការបាត់ដំណឹងនោះថា ហាក់ដូចជាបណ្តាលមកពី ទង្វើដោយចេតនាណាមួយ ជាជាងកើតឡើងដោយគ្រោះមហន្តរាយធម្មជាតិ»។
ចំណែកអ្នកស៊ើបអង្កេតរបស់អាម៉េរិកវិញ បានជឿជាក់តាមរយៈការស៊ើបអង្កេតម្តងមួយៗ ហើយមួយក្នុងចំណោមប្រភពទំាងនោះ បានប្រាប់ ABC ថា ឧប្បតិហេតុនេះ មិនមែនកើតឡើងដោយគ្មានហេតុផលនោះទេ។ អ្នកវិភាគអាកាសចរណ៍ ABC លោក ចន ណាន់ បានប្រាប់ស៊ីអិនអិនថា «នេះជាការចាប់ផ្តើមជាមួយគ្នាដើម្បីនិយាយថា ហេតុការណ៍ដែលបានកើតឡើង ជាប្រភេទនៃទង្វើដោយចេតនា»។
ប្រសិនបើការបាត់ដំណឹងរបស់យន្តហោះនោះ កើតឡើងដោយគ្រោះមហន្តរាយមែន វានឹងមានការផ្ទុះកើតឡើង ឬក៏មានដំណើរការម៉ាស៊ីនខុសប្រក្រតី និងប្រព័ន្ធហាក់ដូចជា បញ្ឈប់បញ្ជូនក្នុងពេលតែមួយ ឬក៏ក្នុងរយៈពេលយ៉ាងខ្លី ប៉ុន្តែនេះគឺវាបានពន្យាពេលរហូតដល់ ១៤នាទី។
ជាមួយគ្នានោះដែរ កាសែត វ៉លស្ទីត របស់អង់គ្លេសបានផ្សាយថា ក្រុមអ្នកស៊ើបអង្កេតបានសង្ស័យ ចំពោះការបាត់ខ្លួនយន្តហោះថា យន្តហោះបានហោះ អស់រយៈពេលប្រមាណ ៤ម៉ោង បន្ទាប់ពីវាទៅដល់ទីតំាង ដែលស្គាល់ចុងក្រោយ។ ទំាងនេះហើយជាហេតុដែលក្រុមស្រាវជ្រាវ និងសង្គ្រោះ គួរតែពង្រីកការរុករករបស់ខ្លួន ទៅដល់សមុទ្រឥណ្ឌា៕