អ.ប.ព បង្ហាញមុខមន្ត្រី ៣នាក់ ដែល​​មិនព្រម ប្រកាសទ្រព្យ សម្បត្តិ និងបំណុល

3/27/2014 0 Comments A+ a-

untitled2រាជធានីភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើពុករលួយហៅកាត់ថា (អ.ប.ព) បានបង្ហាញ​មុខ​អតីត​ទីប្រឹក្សាលេខាធិការដ្ឋាន​ព្រឹទ្ធសភា ចំនួន​០២នាក់ និង​អតីត​សមាជិក​ក្រុមប្រឹក្សា សង្កាត់​ទឹកថ្លា ​ម្នាក់ ដែល​បាន​គេចវេះ មិន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ឡើយ។​
បើតាម​សេចក្តីជូនដំណឹង របស់ ​អ.ប.ព ចុះ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៤បានសរសេរថា រហូត មកដល់​ពេលនេះ បុគ្គល​ចំនួន​០២នាក់ គឺ​លោក ​វង្ស សុភាព អតីត​ទីប្រឹក្សា​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា ឋានៈ​ស្មើ​រដ្ឋលេខាធិការ និង​លោក​ឃាង លាភ អតីត​ទីប្រឹក្សា​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភាឋានៈ​ស្មើ​អគ្គនាយក មិន​បានមក ​បំពេញ​កា​ត​ព្វ​កិច្ច ក្នុង​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ឡើយ​។
អ.ប.ព ក៏ដូចជា ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើពុករលួយប្រចាំ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា បាន​ខិតខំ​ទំនាក់​ទំនងជា​ច្រើនសា ប៉ុន្តែ​បុគ្គល​ទាំង០២នាក់ បាន​ព្យាយាម​គេចវេះ និង​ផ្តាច់ទំនាក់ទំនង​ទៅវិញ​។ ប្រការ នេះ បង្ខំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ត្រូវធ្វើ​ការផ្សព្វផ្សាយ​ជា​សាធារណៈ​ម្តងទៀត ដោយ​អញ្ជើញ​បុគ្គល​ទាំងពីរ ចូលមក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ឲ្យ​បាន​មុន​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៤ ជា​កំហិត​។​
សេចក្តីជូនដំណឹង បាន​ឲ្យ​ដឹង​ទៀតថា ដោយឡែក ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់ សមាជិក​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៣ ក្នុង​ឆ្នាំ​២០១២ នៅ​បុគ្គលម្នាក់ ដែល​មិនបាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​។ អ.ប.ព ក៏ដូចជា ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើពុករលួយ ប្រចាំ​នៅ​ក្រសួងមហាផ្ទៃ ផ្នែក​រដ្ឋបាល​ស៊ីវិល បាន​ខិតខំ​ទំនាក់ទំនង​បុគ្គល​នេះ ជាច្រើនលើក​ច្រើនសា ប៉ុន្តែ​បុគ្គល​នេះ បាន គេច​វេះ និង​ផ្តាច់ទំនាក់ទំនង​ផងដែរ​។​​
អ.ប.ព បាន​បញ្ជាក់ថា អ្នក​ដែល​មិន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុលនឹងត្រូវ​ផ្តន្ទាទោសតាម​មាត្រា​៣៨ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ ដែល​បានកំណត់​ជាប់ពន្ធនាគារ ពីមួយ​ខែទៅមួយ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០ ម៉ឺន​រៀល ទៅ ២ លាន ហើយ​ត្រូវ​បង្ខំ​ឲ្យ​ធ្វើការ​ប្រកាស​ទ្រព្យសម្បត្តិជូន​អង្គភាព​ប្រឆាំង​ អំពើពុករលួយ ហើយ​បើ​រឹងរូស​មិន​ព្រម​ប្រកាស​ទ្រព្យសម្បត្តិ​ទៀត ត្រូវ​ផ្តន្ទាទោស​ទ្វេដង​៕untitled212
ប្រភពពី Free Press Magazine