ក្រសួងមហាផ្ទៃចោទ បក្សប្រឆាំងថាធ្វើឲ្យខូចខាត ទ្រព្យសាធារណៈជិត៧៣លានដុល្លារ
ការខូចខាតបណ្ដាលមកពីបាតុកម្មដឹកនាំដោយគណបក្សសង្គ្រោះជាតិ ត្រូវបានមន្ត្រីជំនាញក្រសួងមហាផ្ទៃ គុណគូរដោយរាប់បញ្ចូលទាំងការខូចខាតផ្ទៃកៅស៊ូក្រាលបរិវេណមុខសួនកាណាឌីយ៉ា (Canadiana) លើផ្លូវវ៉េងស្រេង មុខសាលារាជធានីភ្នំពេញ ធ្វើឲ្យបាក់ក្បាលរ៉ូប៊ីនេបាញ់ទឹកចំនួន៣៥ នៅសួនច្បារមុខវិមានសន្តិភាព ធ្វើឲ្យខូចខាតផ្កាស្មៅនៅតាមសួនច្បារ និងខូចខាតមន្ទីរពេទ្យឯកជន ជាដើម។
ក្រសួងមហាផ្ទៃ បានរកឃើញថា គណបក្សនេះធ្វើឲ្យខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនសរុបចំនួនជាង ២សែន ៧ម៉ឺនដុល្លារ។ រីឯការខូចខាតទ្រព្យសម្ភារៈរោងចក្រ ដែលរកឃើញដោយសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ផ្តល់ជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួន ៩៥រោងចក្រ រងការខូចខាតសរុបប្រមាណជាង ៧២លានដុល្លារ (៧២.២៣៣.៧០៣ដុល្លារ) ដោយខាងរោងចក្រគិតគូរទាំងការខូចទ្រព្យសម្បត្តិ និងការខូចខាតសង្វាក់ផលិតកម្ម។ នៅឯខេត្តស្វាយរៀង មានរោងចក្រ២ខូចខាតអស់ទឹកប្រាក់ជាង ៥ម៉ឺនដុល្លារ (៥៣.៥០០ដុល្លារ)។ ខេត្តកំពង់ឆ្នាំង ខូចខាតរោងចក្រ៣ សរុបអស់ជិត ២ពាន់ដុល្លារ។
តាមការប៉ាន់ស្មានដោយផ្អែកលើទិន្នន័យចំណូលវិស័យកាត់ដេររបស់ក្រសួងពាណិជ្ជកម្ម និងការវិភាគរបស់អ្នកសេដ្ឋកិច្ចមួយចំនួន បានបង្ហាញថា រោងចក្រមិនដំណើរការមួយថ្ងៃ វិស័យឧស្សាហកម្មកាត់ដេរនេះនឹងខាតបង់ចំណូល ១៧លានដុល្លារ។ ប៉ុន្តែកម្មករវិញ ក៏ខាតបង់ប្រាក់ប្រចាំថ្ងៃប្រមាណ ១លានដុល្លារ ដែលសមាមាត្រកម្មករម្នាក់ៗបាត់បង់ចំណូលប្រមាណ ៥ពាន់រៀល នៅពេលដែលពួកគេចេញធ្វើបាតុកម្មក្នុងមួយថ្ងៃ។
ក្រសួងមហាផ្ទៃ បញ្ជាក់ថា ក្រោយការប្រកាសលទ្ធផលបោះឆ្នោតអាណត្តិទី៥ ថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ ដឹកនាំដោយ លោក សម រង្ស៊ី និងលោក កឹម សុខា បានដឹកនាំធ្វើបាតុកម្មបន្តបន្ទាប់ ដោយញុះញង់ កុហក បោកប្រាស់ពលរដ្ឋក្នុង និងក្រៅប្រទេស ដើម្បីកៀងគរប្រមូលកម្លាំងមនុស្ស និងធនធានហិរញ្ញវត្ថុ ចូលរួម និងគាំទ្របាតុកម្មនៅទីលានប្រជាធិបតេយ្យ។
ក្រសួងនេះក៏បានសន្និដ្ឋានថា បាតុកម្មខុសច្បាប់របស់គណបក្សសង្គ្រោះជាតិ គឺជាសកម្មភាពបង្កហេតុ ដែលមានផែនការគ្រោងទុក និងមានចេតនាផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយធ្វើការញុះញង់បង្កឲ្យកើតមានអំពើហិង្សាយ៉ាងអានាធិបតេយ្យ។ ពេលប៉ះទង្គិចជាមួយកងកម្លាំងសមត្ថកិច្ច បង្កឲ្យមានការបាត់បង់អាយុជីវិតមនុស្ស ៤នាក់ របួសកងកម្លាំងសមត្ថកិច្ច ពលរដ្ឋ និងមានការឃាត់ខ្លួនមនុស្សមួយចំនួន។ ក្រសួងមហាផ្ទៃ ក៏បានវាយតម្លៃថា បាតុកម្មរបស់គណបក្សប្រឆាំងបង្កឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាព សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ផលប្រយោជន៍ពលរដ្ឋ និងវិនិយោគិន ហើយវាជាសកម្មភាពរំលោភសិទ្ធិមនុស្ស វិច្ឆេទកម្មសេដ្ឋកិច្ច និងបង្កគ្រោះមហន្តរាយដល់សន្តិសុខជាតិ បម្រើឲ្យឧបាយកល និងមហិច្ឆតានយោបាយរបស់គណបក្សសង្គ្រោះជាតិ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់ថា ការចេញរបាយការណ៍នៅពេលនេះ គឺជាសារមួយឲ្យសាធារណជនដឹងថា បាតុកម្មកន្លងមករបស់គណបក្សប្រឆាំង គឺធ្វើឲ្យខូចខាតប្រយោជន៍ជាតិ៖ «ក៏ជាមេរៀនមួយសម្រាប់បងប្អូនទាំងអស់ជំនាន់មុនក្តី ជំនាន់ក្រោយក្តី ការធ្វើបាតុកម្មអត់មានស្អីចំណេញដល់ជាតិយើងទេ គឺមានតែការខូចខាត»។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ហាក់មិនភ្ញាក់ផ្អើលចំពោះរបាយការណ៍រកឃើញរបស់ក្រសួងមហាផ្ទៃ ទេ។ លោកបន្តថា ក្រសួងមួយនេះតែងបម្រើឲ្យគណបក្សប្រជាជនកម្ពុជា ដែលតែងតែបង្កើតបញ្ហាមួលបង្កាច់ យករឿងមិនពិតមកចោទលើគណបក្សប្រឆាំង៖ «ខ្លួនឯងអ្នកដឹកនាំរដ្ឋាភិបាល អ្នកប្រើប្រាស់កម្លាំងប្រដាប់អាវុធផ្ទាល់ធ្វើឲ្យប្រជាពលរដ្ឋស្លាប់ ធ្វើឲ្យហិនហោចទ្រព្យសម្បត្តិ បែរជាបង្វិលដាក់គេគ្មាននរណាជឿទេ»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង គិតថា ការផ្អាកធ្វើការងាររបស់កម្មករ ចូលរួមធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែ ទំនងជាអាចឲ្យរោងចក្រខាតបង់ប្រាក់ជាង ៧២លានដុល្លារនោះមែន៖ «រោងចក្រមិនចង់មានការខាតបង់ ទាល់តែរោងចក្រប្រឹងប្រែងបំពេញលក្ខខណ្ឌការងារកម្មករ អាហ្នឹងវាលែងខាតបង់ហើយ»។
លោក យង់ គិមអេង បន្តថា អាជ្ញាធរត្រូវវែកញែកបាតុកម្មរបស់គណបក្សប្រឆាំង និងបាតុកម្មកម្មករជា២ដោយឡែកពីគ្នា។ កន្លងមក បើគ្មានគណបក្សប្រឆាំងធ្វើបាតុកម្មទេនោះ ក៏កម្មករនៅតែធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែគោលដែរ ពិសេសនៅពេលដែលកម្មករធ្វើបាតុកម្មនោះ ពួកគេបញ្ជាក់ថា ធ្វើឡើងដើម្បីទាមទារលក្ខខណ្ឌការងារ និងដំឡើងប្រាក់ខែ មិនមែនធ្វើឡើងដោយសារការញុះញង់របស់គណបក្សប្រឆាំងទេ៕
ប្រភពពី វិទ្យុអាស៊ីសេរី