ពលរដ្ឋ​បាត់​ដី​បន្ត​ស្វែង ​រក​អន្តរាគមន៍​ពី​ នាយក​រដ្ឋ​មន្ត្រី

3/11/2014 0 Comments A+ a-

ភ្នំពេញៈ អ្នក​ភូមិ អូរ​អណ្ដូង ចំនួន ១៣ គ្រួសារ ដែល​មាន​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ ជាមួយ​ក្រុមហ៊ុន សូគីម៉ិច កំពុង​ស្វះ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ជា​ថ្មី​ទៀត ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជួយ​ដោះស្រាយ ខណៈ​ភាគី​ក្រុមហ៊ុន​កំពុង​បន្ត​បូម​ខ្សាច់​កប់​ពន្លិច​ដី​ចម្ការ និង​កសិដ្ឋាន​ពួក​គាត់​ទំហំ​ជាង ២១ ហិកតា។
ក្រុម​អ្នក​ភូមិ​បាន​និយាយ​ថា កាល​ពី​ចុង​ខែ កុម្ភៈ ឆ្នាំ ២០១៤ លោក គួច ចំរើន អភិបាល​ខណ្ឌ មាន​ជ័យ បាន​ចេញ​លិខិត​ជូន​ដំណឹង​ដល់​ពួក​គាត់​ចំនួន ១៣ គ្រួសារ​ឲ្យ​រុះរើ​កសិដ្ឋាន​ចិញ្ចឹម ត្រី មាន់ ទា ជ្រូក និង គោ ចេញ​ពីតំបន់​ភូមិ អូរ​អណ្ដូង សង្កាត់ ព្រែក​ប្រា ជា​បន្ទាន់ នឹង​បាន​ព្រមាន​ចាត់​វិធានការ​រដ្ឋបាល​ប្រឆាំង​នឹង​ពួក​គាត់​ក្នុង​ករណី ដែល​ពួក​គាត់​មិន​អនុវត្ត​តាម​សេចក្ដី​ជូន​ដំណឹង​នេះ ដោយ​អះអាង​ថា ទីតាំង​ដី​ដែល​ពួក​គាត់​កំពុង​កាន់​កាប់​និង​ប្រើ​ប្រាស់​អស់​រយៈ​ពេល​ជាង ១០ឆ្នាំ មក​ហើយ​នោះ ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​ក្រុមហ៊ុន សូគីម៉ិច ដែល​ផ្ដល់​ឲ្យ​ដោយ​រដ្ឋាភិបាល​កាល​ពី​អំឡុង​ឆ្នាំ ២០១០។
លោក ឆាយ សុធា តំណាង​ពលរដ្ឋ​ទាំង ១៣ គ្រួសារ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ក្រោយ​ពី​ទទួល​បាន​សេចក្ដី​ជូន​ដំណឹង​នេះ ពួក​គាត់​ទាំង ១៣ គ្រួសារ បាន​នាំ​គ្នា​ធ្វើ​ញត្តិ​ដាក់​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី សូម​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ដល់​ពួក​គាត់ ដែល​ជា​ប្រជា​ពលរដ្ឋ​រងគ្រោះ។ ប៉ុន្តែ​ខណៈ​ពួក​គាត់​កំពុង​រង់ចាំ​ការ​ផ្ដល់​ព័ត៌មាន​ពី​មន្ត្រី​ ខុទ្ទការល័យ​នាយក​រដ្ឋ​មន្ត្រី ស្រាប់​តែ​នៅ​ថ្ងៃ ទី០៣ ខែ មីនា នេះ ក្រុមហ៊ុន សូគីម៉ិច បាន​ធ្វើ​ការ​បូម​ខ្សាច់​កប់​ពន្លិច​ដី​ចម្ការ​និង​កសិដ្ឋាន​ចិញ្ចឹម ត្រី មាន់ ទា ជ្រូក និង គោ របស់​ពួក​គាត់។ ក្នុង​អំឡុង​ពេល​នោះ​ពួក​គាត់​ទាំង ១៣ គ្រួសារ បាន​នាំ​គ្នា​ធ្វើ​ការ​តវ៉ា ទាមទារ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​បូម​ខ្សាច់ ដើម្បី​រង់​ចាំ​ធ្វើ​ការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់។
លោក សុធា ដែល​អះអាង​ថា ដី​កសិដ្ឋាន​ចិញ្ចឹម ត្រី ជ្រូក និង គោ របស់​លោក​ទំហំ ៣,៥ ហិកតា ត្រូវ​បាន​ក្រុមហ៊ុន សូគីម៉ិច បូម​ដី​ព័ទ្ធ​យក​នោះ បាន​ថ្លែង​ថា៖ «យើង​ខ្ញុំ​មិន​បាន​ទៅ​រុក​រាន​រំលោភ​យក​ដី​រដ្ឋ​មក​ធ្វើ​ជា​កម្មសិទ្ធិ​ ផ្ទាល់​ខ្លួន​នោះ​ទេ។ ហេតុ​អ្វី​បាន​ជា​មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំនួន​ឃុប​ឃិត​គ្នា វាស់​កាត់​យក​ដី​យើង​ខ្ញុំ​ទៅ​ឲ្យ​ក្រុមហ៊ុន​ដោយ​គ្មាន​ដំណោះស្រាយ​អ្វី​ ទាំង​អស់​យ៉ាង​នេះ»។
បើ​តាម​លិខិត​ចុះ​ថ្ងៃ ទី១៨ ខែ កុម្ភៈ ឆ្នាំ ២០០៨ របស់​លោក ជួប ស៊ីថា [អតីត] ចៅ​សង្កាត់ ព្រែក​ប្រា ផ្ញើ​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ករណី​វិវាទ​ដីធ្លី​របស់​ប្រជា​ពលរដ្ឋ​ទាំង ១៣ គ្រួសារ​ខាង​លើ​នេះ បាន​កើត​ឡើង​ដោយ​សារ​អាជ្ញាធរ​ថ្នាក់​កណ្ដាល​បាន​អនុវត្ត​មិន​បាន​ត្រឹម​ ត្រូវ​តាម​ខ្លឹមសារ​នៃ​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល ដែល​កាល​ពី​ឆ្នាំ ២០០៧ បាន​បង្គាប់​ឲ្យ​ធ្វើ​ការ​វាស់​វែង​បែង​ចែក​ដី​ទំហំ ៥៥,៤៣ ហិកតា ស្ថិត​ក្នុង​តំបន់​ឃុំ វាល​ស្បូវ ស្រុក កៀន​ស្វាយ ខេត្ត កណ្ដាល និង​ភូមិ តាងូវ សង្កាត់ និរោធ ខណ្ឌ មាន​ជ័យ ឲ្យ​ទៅ​ក្រុមហ៊ុន ផាន អ៊ីម៉ិច និង ក្រុមហ៊ុន សូគីម៉ិច ដើម្បី​បញ្ចប់​វិវាទ​រវាង​ក្រុមហ៊ុន​ទាំង​ពីរ។ លិខិត​បាន​បន្ត​ថា៖ «ប៉ុន្តែ​ការ​វាស់​វែង [នៅ​ពេល​នោះ] បាន​រំលោភ​លើ​ដែន​រដ្ឋបាល​សង្កាត់ ព្រែក​ប្រា យើង​ខ្ញុំ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​ប្រជា​ពលរដ្ឋ​យើង​ខ្ញុំ ចំនួន ១៣ គ្រួសារ​នៅ​ភូមិ អូរ​អណ្ដូង»។
អ្នក​ស្រី ស៊ុន សុគន្ធី តំណាង​ម្នាក់​ទៀត បាន​ថ្លែង​ថា៖ «ព្រោះ​តែ​គាត់ (ជួប ស៊ីថា) ការពារ​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​យើង​ខ្ញុំ​ជា​ប្រជា​ពលរដ្ឋ​ទើប​ បច្ចុប្បន្ន​គាត់​ត្រូវ​បាន​គេ​បញ្ឃប់​ពី​តួនាទី​ជា​ចៅ​សង្កាត់»។
អ្នក​ស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​អំឡុង​ឆ្នាំ ២០១០ ពេល​ដែល​ក្រុមហ៊ុន​បាន​ព្យាយាម​ធ្វើ​ប្លង់​កម្មសិទ្ធិ «រំលោភ​យក​ដី» របស់​ពួក​អ្នក​ស្រី លោក ជួប ស៊ីថា ដែល​កាល​នោះ​នៅ​ជា​ចៅ​សង្កាត់​នៅ​ឡើយ បាន​បដិសេធ​ការ​បោះ​ត្រា​លើ​លិខិត​ស្នើ​សុំ​កាន់​កាប់​ដី​របស់​ក្រុមហ៊ុន សូគីម៉ិច និង​បាន​ធ្វើ​លិខិត​មួយ​ច្បាប់​សុំ​អន្តរាគមន៍​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី ឲ្យ​ជួយ​ដោះស្រាយ នឹង​ផ្ដល់​កម្មសិទ្ធិ​ដល់​ប្រជា​ពលរដ្ឋ​ទាំង ១៣ គ្រួសារ។ អ្នក​ស្រី សុគន្ធី បាន​ឲ្យ​ដឹង​ទៀត​ថា ដី​កសិដ្ឋាន​ចិញ្ចឹម ត្រី និង ជ្រូក របស់​អ្នក​ស្រី​មាន​ទំហំ ៣,២ ហិកតា​នោះ គឺ​អ្នក​ស្រី​បាន​ទិញ​នៅ​ក្នុង​ឆ្នាំ ២០០០ ពី​លោក អែម ហឿង អតីត​មន្ត្រី​ធារាសាស្ត្រ​ក្រុង ភ្នំពេញ ដែល​បាន​កាន់​កាប់​និង​ប្រើ​ប្រាស់​តាំង​ពី​ឆ្នាំ ១៩៨៣ មក។
អ្នក​ស្រី សុគន្ធី បាន​បញ្ជាក់​ថា ចាប់​តាំង​ពី​ឆ្នាំ ២០០០ មក​ពួក​គាត់​បាន​នាំ​គ្នា​បង្ក​បង្កើន​ផល​ស្រូវ និង​ចិញ្ចឹម ត្រី មាន់ ទា។ ក្រោយ​មក​អ្នក​ស្រី​បាន​ចាក់​ដី​ធ្វើ​ជា​កសិដ្ឋាន​ចិញ្ចឹម ជ្រូក គោ ថែម​ទៀត ដោយ​មាន​ការ​ដាំ​ស្មៅ​សម្រាប់ ជ្រូក គោ ស្ទើរ​គ្មាន​សេស​សល់​ដី​បន្តិច​ណា​ឡើយ ហើយ​ក៏​មិន​ដែល​មាន​បញ្ហា​អ្វី​ដែរ។
អ្នក​ភូមិ​ម្នាក់​ទៀត អ្នក​ស្រី លន ពិសី ថ្លែង​ថា៖ «ព្រោះ​តែ​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន ឃុបឃិត​គ្នា​ជាមួយ​ក្រុមហ៊ុន ចុះ​អនុវត្ត​វាស់​វែង​ដីធ្លី រំលោភ​លើ​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល ទើប​រហូត​ដល់​ថ្ងៃ​នេះ យើង​ខ្ញុំ​ទាំង ១៣ គ្រួសារ​នៅ​តែ​ប្រឈម​នឹង​ការ​បាត់​បង់​ដីធ្លី​សម្រាប់​បង្ក​បង្កើន​ផល និង ចិញ្ចឹម​សត្វ»។ អ្នក​ស្រី​បាន​អំពាវនាវ​សុំ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ជួយ​អន្តរាគមន៍​ផ្ដល់​ភាព​យុត្តិធម៌​សម្រាប់​ពួក​គាត់ ដែល​កំពុង​រងគ្រោះ​ដោយ​ការ​បូម​ខ្សាច់​កប់​ពន្លិច​ដី​ស្រែ និង​កសិដ្ឋាន ពី​សំណាក់​ក្រុមហ៊ុន សូគីម៉ិច។
លោក សុខ គង់ ប្រធាន​ក្រុមហ៊ុន សូគីម៉ិច មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បាន​ទេ កាល​ពី​ម្សិលមិញ។ ចំណែក​លោក គួច ចំរើន អភិបាល​ខណ្ឌ មាន​ជ័យ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ឡើយ៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍