អាងខ្លួនជាមន្រ្តី នគរបាល ជិះម៉ូតូបុកគេ ពេលអ្នកកាសែត ចុះទៅថតយកព័ត៌មាន ដេញវាយអ្នកកាសែតទៀត

3/06/2014 0 Comments A+ a-

ផ្តល់សិទ្ទិដោយ៖dap-news.com
ភ្នំពេញ ៖ បុរសម្នាក់ ដែលស្ថិតនៅ ក្នុងអាការៈស្រវឹងស្រា បានបើកម៉ូតូ ទៅបុកគូទម៉ូតូរបស់គេ ហើយពេល អ្នកកាសែត ចុះយកព័ត៌មាន ដើម្បីផ្តិតយករូបភាព តែត្រូវបុរសរូបនោះអះអាងថា ខ្លួនជាមន្ត្រីនគរបាល ក្រសួងមហាផ្ទៃ បានចាប់វាយ និងឃាត់អ្នកកាសែត ទាំងអស់នោះមិនឲ្យថត បណ្តាលឲ្យធ្លាក់ទូរស័ព្ទដៃ និងកាមេរ៉ា ត្រូវបានសមត្ថកិច្ចនគរបាល ខណ្ឌទួលគោក បានឃាត់ខ្លួនភ្លាមៗផងដែរ។
ហេតុការណ៍ បង្កឲ្យមានភាពភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ១១យប់ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅចំណុចទល់មុខសាលាតិចណូ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។
បុរសដែលអះអាងថា ខ្លួនជាមន្ត្រីនគរបាល នៅក្រសួងមហាផ្ទៃ នោះឈ្មោះ ភួន សោភ័ណ្ឌ អាយុប្រហែល៣០ឆ្នាំ បម្រើការងារ នៅអង្គភាពបេឡា ជិះម៉ូតូមួយគ្រឿង មានពាក់ស្លាកលេខ នគរបាល ។ រីឯអ្នក កាសែត ដែលបុរសរូបនោះវាយមានគ្នា៣នាក់ មានទូរទស្សន៍បាយ័ន, ទូរទស្សន៍ CNC និងអ្នកយកព័ត៌មាន ទូរទស្សន៍ប៉ុស្តិ៍លេខ៩ ចំណែកសម្ភារៈ ខូចខាតមានទូរស័ព្ទដៃមួយគ្រឿង ម៉ាកអាយហ្វូន និងកាមេរ៉ា។
តាមប្រភពព័ត៌មាន ពីអ្នកនៅកន្លែងកើត ហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសជាមន្ត្រីនគររូបនោះ បានជិះម៉ូតូទៅបុកគូទម៉ូតូ របស់ភាគីម្ខាងទៀត ពេលនោះអ្នកកាសែត បានចុះទៅផ្តិតយករូបភាពដើម្បីផ្សព្វផ្សាយ ប៉ុន្តែពេលដែលកំពុងថត ស្រាប់បុរសរូបនោះបានចាប់កាមេរ៉ា ទូរស័ព្ទមិនឲ្យថត និងវាយទៅលើអ្នកកាសែត បណ្តាលឲ្យរបួសរបួស ព្រមទាំងខូចខាតទូរស័ព្ទនិងកាមេរ៉ាផងដែរ ។
ក្រោយកើតមានហេតុការណ៍នេះ ឡើងមន្ត្រីនគរបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនបុរសខាងលើ មកកាន់អធិការដ្ឋាន នគរខណ្ឌទួលគោក ដើម្បីសាកសួរនិងដោះស្រាយ ។ ចំណែកអ្នកកាសែត ដែលរងនូវអំពើហិង្សាខាងលើនោះ ក៏បានដាក់ពាក្យបណ្តឹងប្តឹង ទៅលើបុរសរូបនោះរួចរាល់ហើយដែរ ៕