នាយករដ្ឋមន្រ្តីបញ្ជាឲ្យ លុបចោលគម្រោងវិនិយោគ ដីសម្បទាន ដែលមិនគោរពកិច្ចសន្យា
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០១៣-២០១៤ និងទិសដៅការងារឆ្នាំ ២០១៤-២០១៥ កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៤ នៅសាលសន្និសីទចតុម្មុខ លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ ត្រូវបញ្ឈប់ជាដាច់ខាតការកាប់រាន ដុត ហ៊ុំព័ទ្ធ រំលោភយកដីព្រៃឈើធ្វើជាកម្មសិទ្ធិ ដែលបានកើតឡើងក្រោយថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០១២ បើមិនដូច្នេះទេត្រូវទទួលទោសតាមច្បាប់ស្ដីពីព្រៃឈើ ។
ប្រមុខរដ្ឋាភិបាលបានលើកឡើងថា ទន្ទឹមនិងនេះក៏ត្រូវបន្តអនុវត្តន៍ឲ្យមានប្រសិទ្ធភាពនូវបទបញ្ជា ដែលខ្ញុំបានដាក់នាពេលថ្មីៗនេះ អំពីការបង្ក្រាបបទល្មើសព្រៃ ឈើគ្រប់ប្រភេទ ។ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រូវបន្តចុះពិនិត្យផ្ទៀងផ្ទាត់ជាប់ ប្រចាំចំពោះ សកម្មភាព វិនិយោគរបស់ក្រុមហ៊ុននានា ដែលទទួលបានដីសម្បទាន ដើម្បីធានាដល់កិច្ចដំណើរការវិនិយោគ ទប់ស្កាត់នូវភាពអសកម្មផ្សេងៗ ដែលអាចកើតមានទាក់ទងនឹងដីសម្បទាននេះ រួមទាំងការបង់ថ្លៃសម្បទានដី និងកម្រៃសួយសារផ្សេងៗជូនរដ្ឋតាមកិច្ចសន្យា ។
លោកនាយករដ្ខមន្ត្រី ហ៊ុន សែន ក៍បន្ថែមថា យើងត្រូវបន្តជំរុញកំណែទម្រង់ព្រំប្រទល់ដែនព្រៃឈើ ធ្វើចំណាត់ការ និងចុះបញ្ជីសម្បត្តិព្រៃឈើអចិន្ត្រៃយ៍ និងការបន្តកំណត់តំបន់ព្រៃឈើរិចរិល ដើម្បីស្ដារព្រៃដាំដុះឲ្យក្លាយជាតំបន់ព្រៃឈើមានតម្លៃឡើងវិញ៕
ប្រភពពី Free Press Magazine
