ចាស់អាយុ ៨៦ឆ្នាំហើយនៅដើរសុំទានចិញ្ចឹមចៅ ម្ដាយគេម្ដាយឯងនរណាមិនស្រណោះនោះ?
ម៉ូតូឡានចាប់វិលកង់បោលចេញទៅប្រុយៗ ទាន់ពេលស្តុបនៅភ្លើងខៀវនៅឡើយ។ នៅពេលដែលភ្លើងស្តុបបានជំនួសវិញដោយភ្លើងក្រហម យានជំនិះដទៃបានរុលខ្លួនមកឈប់នៅមុខគំនូសសនៃស្តុបយ៉ាងត្រៀបត្រា។ ក្រោមពន្លឺអំពូលបំភ្លឺផ្លូវជះពណ៌ក្រហមស្រាលៗ អ្នកធ្វើដំណើរមួយចំនួនបានចោលភ្នែករហង់ ទៅកាន់យុវជនវ័យ២០ឆ្នាំប្លាយម្នាក់ ដែលកាច់ចង្កូតម៉ូតូអែបដងផ្លូវ លូកដៃចូលហោប៉ៅខោក្រោយយកលុយលុយមួយចំនួន ហុចទៅឲ្យដូនចាស់ម្នាក់ដែលកំពុងអង្គុយទទ្រោនក្បែរដើមឈើដ៏ធំជាប់ស្តុបនោះ។
គាត់គឺអ៊ុំស្រី ម៉ី ទួន មានស្រុកកំណើតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ដូនចាស់វ័យ៨៦ឆ្នាំ ថាគាត់បានឡើងមកកាន់ភ្នំពេញសុំទានតាមស្តុបដើម្បីចិញ្ចឹមជីវិតប្រមាណ៣ឆ្នាំចុងក្រោយនេះ ដោយសារក្រីក្រ ហើយនៅស្រុកពុំមានរបរអ្វីធ្វើ។ អ៊ុំ ទួន និយាយខ្សាវៗត្អូញត្អែរថា គាត់មានដីស្រែ៥០អាដែរ តែធ្វើមិនបានទេ ដោយសារគ្មានទឹករាល់តែឆ្នាំ។ ប្ដីរបស់គាត់បានចែកឋានច្រើនឆ្នាំហើយ ហើយកូនប្រុសម្នាក់បានការប្រពន្ធស្រុកឆ្ងាយ ខណៈកូនស្រីបានឡើងមកភ្នំពេញទាំងគ្រួសារដើររើសអេតចាយយូរគ្រាន់បើដែរហើយ ដូច្នេះគាត់ក៏សម្រេចចាកចោលផ្ទះខ្ទមឯស្រុកមកភ្នំពេញជាមួយកូនស្រី និងបានដើរសុំទានគ្រាន់បានលុយកាកខ្លះ។
កាន់ថង់មួយណែនជាប់នឹងដៃអ៊ុំបន្លឺដោយទឹកមុខរាបស្មើ៖ “ខ្ញុំមានកូន៤នាក់ តែពលពតវាយសម្លាប់អស់ពីរនាក់ នៅឯស្រុកនៅតែឯងខ្ញុំចាស់ពពីមពពើមមិនងាយទេ ក៏មកភ្នំពេញនៅជាមួយកូនស្រីជួលផ្ទះគេម្ដុំស្ទឹងមានជ័យមួយខែ៨ម៉ឺនរៀល ហើយនៅស្រុកខ្ទមតូចមួយគ្មានអីគេត្រូវលួចទេ”។
អ៊ុំស្រី ម៉ី ទូន (រូបភាពថតដោយទូរសព្ទដៃ)
គាត់តែងចេញសំចតតាមស្តុបនានាសុំទាន ចាប់ពីម៉ោងប្រមាណ៧ព្រឹករហូតដល់យប់ទើបត្រលប់ទៅផ្ទះជួលវិញ។ យ៉ាងណាក្ដីអ៊ុំថាត្រូវបានអង្គការមួយផ្គត់ផ្គង់៧ខែមកហើយ ដោយមួយអាទិត្យឧបត្ថម្ភប្រាក់៣ម៉ឺនរៀល តែគាត់ថាត្រូវតែដើរសុំគេបន្ថែមទើបអាចជួយចិញ្ចឹមចៅបាន។
“អ្នកខ្លះគេចិត្តធម៌ គេអាណិតអាសូរ គេឲ្យប្រាក់ខ្លះហើយទិញបាយ ចំណីឲ្យ។ មិនដឹងថាពេលណាទើបឈប់ទេ រាល់ថ្ងៃនេះឈឺឆ្អឹងឆ្អែងខ្លាំងណាស់ តែចេះតែទ្រាំដើរគ្រាន់បានលុយឲ្យចៅៗហូបចុក រៀនសូត្របានខ្លះ ព្រោះបើពឹងតែម្ដាយឪពុកវាមិនគ្រាន់ទេ”។
អត្ថបទ៖ ប៉ែន សុផាន់ណា