មេប៉ុស្តិ៍ឃុំគិរីចុងកោះ បាញ់សម្លាប់កំណានចិត្ត ជានារីខារ៉ាអូខេ ព្រោះរឿងប្រច័ណ្ឌ
តាកែវ៖ លោក ស៊ិន ពៅ មេប៉ុស្តិ៍នគរបាលឃុំគិរីចុងកោះ ស្ថិតក្នុងស្រុកគិរីវង់ ខេត្តតាកែវ បានទាញកាំភ្លើងអាកា បាញ់សម្លាប់កំណានចិត្តរបស់ខ្លួន ជានារីខារ៉ាអូខេ ព្រោះប្រច័ណ្ឌនឹងកំណានចិត្តរបស់ខ្លួនត្រូវកៀកកើយជាមួយ បុរសៗតាមក្លឹបខារ៉ាអូខេស្ទើររាល់រាត្រី។
នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ លោក សែម សុជាតិ បាន ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាព្រឹកថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០១៤នេះថា ហេតុការណ៍បាញ់ ប្រហារកើតចេញពីជម្លោះព្រោះភ្លើងប្រច័ណ្ឌនេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង៥០នាទីយប់ថ្ងៃទី២១ ខែ មីនា ឆ្នាំ២០១៤ នៅក្នុងបន្ទប់ផ្ទះជួលរបស់នារីរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
បើតាមលោក សែម សុជាតិ នារីរងគ្រោះ មានឈ្មោះ សន យិន អាយុ ២៨ឆ្នាំ រស់នៅក្នុងបន្ទប់ជួលកន្លែងកើត ហេតុខាងលើ ប្រកបរបរជានារីខារ៉ាអូខេ ដើម្បីជីវិតខ្លួនឯង និងកូនប្រុសម្នាក់ទៀត មានអាយុ ៩ឆ្នាំ។ រីឯលោកម៉េ ប៉ុស្តិ៍ជាជនដៃដល់នោះ មានឈ្មោះ ស៊ិន ពៅ អាយុ ៤៦ឆ្នាំ។ លោកមេប៉ុស្តិ៍ ស៊ិន ពៅ មានប្រពន្ធ និងកូនរួចទៅ ហើយផងដែរ។
បើតាមប្រភពពីប្រជាពលរដ្ឋខ្មែរខាង បានប្រាប់ឲ្យដឹងថា លោកមេប៉ុស្តិ៍ ស៊ិន ពៅ ទោះបីមានប្រពន្ធ និងកូនរួច ទៅហើយក្តី តែរូបលោកបានទាក់នារីរងគ្រោះ សន យិន ធ្វើជានារីកំណានចិត្តជាច្រើនខែមកហើយ ហើយពួកគេ តែងចេញចូលជួបគ្នាជាញឹកញាប់នៅក្នុងបន្ទប់ផ្ទះជួលខាងលើ។
លុះនៅយប់ថ្ងៃកើតហេតុព្រោះតែរឿងប្រច័ណ្ឌនឹងនារីកំណាន ដែលមានមុខរបរជានារីខារ៉ាអូខេ តែងដើរច្រៀង តាមក្លឹបរាត្រីនានា ជាពិសេសត្រូវកៀកកើយជាមួយបុរសដទៃស្ទើររាល់យប់នោះ បានធ្វើឲ្យលោកមេប៉ុស្តិ៍ ស៊ិន ពៅ ផ្ទុះកំហឹងឈ្លោះប្រកែកគ្នា រុញទ្រូងចុះឡើង។ លុះមួយសន្ទុះក្រោយមកលោកមេប៉ុស្តិ៍ទប់កំហឹងលែងបាន ក៏ទាញកាំភ្លើងបាញ់ទៅលើនារីរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗនៅក្នុងបន្ទប់ជួល។
បន្ទាប់ពីបាញ់ប្រហារហើយ លោកមេប៉ុស្តិ៍បានទាញម៉ូតូជិះគេចខ្លួនបាត់ស្រមោល។
នាយនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ លោក សែម សុជាតិ បានបញ្ជាក់ថា នារីរងគ្រោះត្រូវលោកមេប៉ុស្តិ៍ជាបុរស កំណានចិត្តបាញ់ត្រូវក្រោមក្លៀកខាងស្តាំមួយគ្រាប់។
លោក សែម សុជាតិ បានបញ្ជាក់ទៀតថា កម្លាំងនគរបាលខេត្តតាកែវ កំពុងតាមស្វែងរកចាប់ខ្លួនលោកមេប៉ុស្តិ៍ ដៃដល់មកផ្តន្ទាទោសតាមច្បាប់។ ដោយឡែកសពនារីរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕
Photo by DAP-NEWS
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល