ឌុប​គ្នា​ទៅ​ទិញ​ស្រា​មក​ផឹក​បន្ត ជ្រុល​ទៅបុក​ឡានធ្លាយ​ពោះវៀន បែក​ថ្លើម​ស្លាប់​ភ្លាមៗ​

3/24/2014 0 Comments A+ a-


Wat-23033​ រាជធានី​ភ្នំពេញ ៖ យុវ​ជន ២​​នាក់​​បាន​​ស្លាប់​បាត់​​ជី​វិត ម្នាក់​​ស្លាប់​​នៅ​​​នឹង​ក​ន្លែង និង​​ម្នាក់​ទៀត​​ស្លាប់​​ ក្រោយ​​ពេល​​ដឹក​ប​ញ្ជូន ដល់​​មន្ទីរ​ពេទ្យ បន្ទាប់​ពី​​ផឹក​ស៊ី​​ស្រ​វឹង ហើយ​​ជិះ​​ម៉ូ​តូ​ឌុប​​គ្នា ទៅ​រក​​ទិញ​​ស្រា​​មក​​ផឹក​​បន្ត បាន​​ជ្រុល​​ទៅ​បុក​​រថ​យន្ត ដែល​ បើក​ច្រាសទិស​គ្នា កាលពី​វេលា​ម៉ោង ១១​យប់ ថ្ងៃទី​២២ ខែ​មិនា ឆ្នាំ​២០១៤ ស្ថិតនៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៣ មុខផ្ទះ​សំណាក់​ភ្នំ​មាស ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ដែល​ស្លាប់បាត់​ជីវិត ទី​១-​ឈ្មោះ សូត្រ វុទ្ធី ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ស្រុកកំណើត នៅ​ភូមិ​វល្លិ​ន័យ ឃុំ​ស្រែ​ននោង ស្រុក ត្រាំកក់ ខេត្តតាកែវ ជា​អ្នកបើកបរ​ម៉ូតូ ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ។ ទី​២-​ឈ្មោះ ទន់ រ៉ូ​ប៊ែ​រ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១ សំណង់​ស្ថាបត្យកម្ម រស់នៅ​ភូមិ​វត្ត​ស្លែង សង្កាត់ ពងទឹក ខណ្ឌដង្កោ ។​
​សាក្សី​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ យុវជន​រងគ្រោះ​ទាំង ២​នាក់ ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ សេរី​២០០៥ ឡើង​តែម​២០១០ ពណ៌​ក្រហម ពាក់​ស្លាក​លេខ តាកែវ 1E-5993 ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង បើក​យ៉ាង​លឿន ក្នុងស្ថានភាព​ស្រវឹង​ជោគជាំ លុះ​មកដល់​ចំណុចកើតហេតុ បាន​បើក​វា​រថយន្ត​កូរ៉េ ១,៥​តោន មិន​ចាំ​ស្លាក​លេខ បើក​ពី​ត្បូង​ទៅ​ជើង ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​ម៉ូតូ​រេ​ចង្កូត ជ្រុល​ទៅបុក​ចំ​ពីមុខ​រថយន្ត​ម៉ាក ស៊ី​អ័​រ​វី ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2L-7114 ជិះ​ដោយ​ស្ត្រី ៤​នាក់ នាំ​ឲ្យ​អ្នកបើកបរ​ម៉ូតូ បោក​ផ្ទប់​ជាមួយ​កញ្ចក់​រថយន្ត ស្លាប់​ភ្លាមៗ​តែម្តង​។​
​ចំណែក​អ្នករួមដំណើរ បាន​រងរបួស​ធ្ងន់ធ្ង​រ បាក់ជើង​ទាំង​២ មុត​ធ្លាយ​ពោះវៀន និង​ដាច់​ថ្លើម​ខ្ទាត​ចេញមកក្រៅ​មួយ​ដុំ ម៉ូតូ​ផ្លោង​ខ្ទាត​ជាង ១០​ម៉ែត្រ ខ្ទេច​ស្ទើរតែ​ទាំងស្រុង ចំណែក​រថយន្ត រយះ​ខ្ទេច​មុខ​ខាងស្តាំ និង​បែក​កញ្ចក់​។ ក្រោយ​កើតហេតុ ស្ត្រី​ទាំង ៤​នាក់ នាំគ្នា​រត់គេចខ្លួន​បាត់​ស្រមោល​។ សាកសព​ជនរងគ្រោះ​ទាំង ២​នាក់ ក្រោយពេល​សមត្ថកិច្ច​ជំនាញ ធ្វើការ​ពិនិត្យ​រួចរាល់​ហើយ​នោះ បានប្រគល់​ឲ្យ​ក្រុមគ្រួសារ ដឹកយក​ទៅធ្វើ​បុណ្យ តាម​ប្រពៃណី​នៅផ្ទះ​រៀងៗ​ខ្លួន​៕
ប្រភពពី វត្តភ្នំ