រោងការ ក្លាយជារោងកម្ម ដោយសារក្រុមយុវជន ២ក្រុម វាយគ្នា ក្នុងពេលរាំធុងបាស បណ្តាលឲ្យ ស្លាប់ម្នាក់របួស ធ្ងន់ស្រាល២នាក់

3/24/2014 0 Comments A+ a-

die on weddingផ្តល់សិទ្ទិដោយ៖dap-news.com
ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើល ឆោឡោមួយ បានកើតឡើង នៅក្នុងពិធីរៀប អាពាហ៍ពិពាហ៍ មួយកន្លែង ស្ថិត តាមបណ្តោយផ្លូវបេតុង ក្នុងភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ ដោយសារ តែក្រុមយុវជន ២ក្រុម មានគ្នាប្រមាណជាង ១០នាក់ បានដេញវាយកាប់ចាក់គ្នាយ៉ាងអាណាធិតេយ្យ បណ្តាលឲ្យយុវជនម្នាក់ ត្រូវស្លាប់នៅ នឹងកន្លែងកើតហេតុ នឹង ២នាក់រងរបួសធ្ងន់ស្រាល ចំណែកយុវជនផ្សេងទៀត បានរត់ គេចខ្លួនបាត់អស់ កាលពីវេលាម៉ោង ២១ និង ៣០ នាទីយប់ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៤ ។
យោងតាមប្រភពព័ត៌មាន ពីសាក្សីដែលបានឃើញ ហេតុការណ៍ខាងលើនេះ បានឲ្យដឹងថា មុនពេល កើតហេតុ ប្រជាពលរដ្ឋជាច្រើននាក់ រួចជាមួយនឹងយុវជន ២ក្រុមខាងលើបាននាំគ្នាទៅចូលរួមរាំកម្សាន្ត អប់អរ សាទរចំពោះគូរស្វាមីភរិយា ដែលកំពុងរៀបអាពាហ៍ពិពាហ៍ នឹងបានស្រែកហូរកញ្រៀវ យ៉ាងសប្បាយ លុះដល់ ម៉ោងកើតហេតុ យុវជន ២ក្រុមខាងលើនេះ ដោយម្ខាងមានគ្នា ៣ទៅ ៤នាក់នឹង ម្ខាងទៀតមានគ្នា ៧ ទៅ៨នាក់ បានចូលរាំឌឺដងពាក្យ សម្តីនឹងចាក់ក្បាច់រាំឌឺគ្នា ពេញក្នុងរោង លុះបាន ប្រហែលជា ១០នាទី យុវជនទាំង ២ក្រុម បានដើរចេញពីរោងការបានចម្ងាយជាង ១០០ ម៉ែត្រ ពួកគេ ក៏ដេញវាយគ្នាយ៉ាងប្រសាចពេញភូមិព្រះធាតុ ដោយខ្លះកាន់ដាវសាំម៉ូរ៉ៃ នឹងខ្លះកាន់ដំបងឈើ ដុំថ្ម កាប់ ចាក់គ្នា បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងភូមិ នាំគ្នា ឆោឡោចេញមករោមមើល ។
ទាក់ទិននឹងករណីដេញ កាប់គ្នាខាងលើនេះគឺបណ្តាលឲ្យយុវជនម្នាក់ឈ្មោះ ឌីណា ភេទប្រុស អាយុ ២៥ ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ មុខរបរជាជាងផ្សារដែក ត្រូវភាគីម្ខាងទៀតយក ដំបងវាយចំក្បាល ពីខាង ក្រោយបែកលលាដ៏ ស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុនឹង យុវជន ២នាក់ ត្រូវរង របួសធ្ងន់ស្រាល ។ ចំណែកបក្ខពួកផ្សេងទៀត ក្រោយបង្កភាពអណាធិបតេយ្យ ហើយនោះ ពួកគេរត់គេច ខ្លួនបាត់ស្រមោល ។
ចំពោះអំពើហឹង្សា ដែលបណ្តាលឲ្យមនុស្ស ស្លាប់បាត់បង់ជីវិតខាងលើនេះ សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌ ដង្កោ សហការជាមួយនគរបាល ប៉ុស្តិ៍រលួសចេញប្រតិបត្តិការណ៍ ស៊ើបអង្កេតយ៉ាង យកចិត្តទុកដាក់បំផុត ដូច្នេះ គេសង្ឃឹមថាសមត្ថកិច្ច នឹងអាចកំណត់មុខសញ្ញា តាមក្រុមជនបង្កយកមកផ្តន្ទាទោស តាមផ្លូវច្បាប់ ឲ្យបានឆាប់ រហ័សជាមិនខានឡើយ ។ បច្ចុប្បន្នសាកសព ត្រូវប្រគល់ឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី នៅស្រុកកំណើត ៕