កម្មករ៖ កម្លាំងប្រដាប់អាវុធប្រមាន៦០នាក់ ដាក់ពង្រាយមុខរោងចក្រពេលកម្មករផ្ទុះបាតុកម្ម
កម្មករផ្នែកអ៊ុត នៅរោងចក្រឌូហឺស្តលោក សៅ ចាន់សុខ ឲ្យ VOD ដឹងថា កម្មករនៅរោងចក្រនេះ បានតវ៉ាជាង១០ថ្ងៃហើយ ជំទាស់និងថៅកែរោងចក្រ ដែលកាត់ប្រាក់ឈ្នួលពួកគេ នៅពេលឲ្យកម្មករឈប់សម្រាក ដោយសារពួកគេតវ៉ារឿងអាហារដែលក្រុមហ៊ុនផ្តល់ឲ្យគ្មានអនាម័យ។
បុរសរូបនោះឲ្យដឹងថា ថៅកែរោងចក្រមិនបានចេញមុខដោះស្រាយករណីនេះទេ ហើយបែរជាបានបញ្ជូនកម្លាំងចម្រុះប្រដាប់ដោយអាវុធអាការ មកដាក់ពង្រាយក្នុងបរិវេណជិតកន្លែងតវ៉ាទៅវិញ។
VOD មិនអាចស្វែងរកប្រភពពីភាគីរោងចក្របានទេ នៅរសៀលថ្ងៃពុធនេះ។ ប៉ុន្តែអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួ មិនអត្ថាធិប្បាយពីការដាក់ពង្រាយកម្លាំងប្រដាប់អាវុធក្នុងរោងចក្រ នេះទេ ដោយគ្រាន់តែអះអាងថាមន្ត្រីការងារកំពុងចុះដោះស្រាយករណីនេះ។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូ លោក អំ សំអាត យល់ថា វិធានការដាក់ពង្រាយកងកម្លាំងនោះ ជារូបភាពគំរាមកំហែងសេរីភាពបញ្ចេញមតិ។
តាមកម្មករឲ្យដឹងថា កាលពីថ្ងៃទី១ខែមីនា កម្មករ ហូបបាយដែលរោងចក្រផ្តល់ឲ្យ ប្រទះឃើញជន្លេននៅក្នុងសម្ល បន្ទាប់មក តំណាងកម្មករផ្ទុះការតវ៉ា សួរនាំមូលហេតុនេះ។
ក្រោយពីជំនួប ថៅកែរោងចក្រ បានឲ្យកម្មករ ត្រឡប់ទៅផ្ទះដោយសម្រេចផ្អាកការងារ មួយរយៈ ប៉ុន្តែក្រោយមកភាគីរោងចក្រ បានសម្រេចកាត់ប្រាក់ឈ្នួលពួកគេ ទើបផ្ទុះការតវ៉ារហូត។
កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ កម្មករយ៉ាងតិច៥នាក់ត្រូវកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល បាញ់សម្លាប់ និងប្រមាណជា៤០នាក់រងរបួស នៅផ្លូវវ៉េងស្រេង រាជធានីភ្នំពេញ ខណៈកម្មករតវ៉ាទាមទារប្រាក់ឈ្នួល១៦០ដុល្លា៕
សូមសរសេរមកកញ្ញា ម៉ៅ ចរិយា តាមរយៈ chariyamao168@gmail.com
ប្រភពពី vodhotnews.com