អាជ្ញាធររារាំងមិនឲ្យមន្ត្រី សហជីពចូលជួបកម្មករ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត
00:00
មន្ត្រីសម្ព័ន្ធសហជីពចលនាកម្មករ លោក មាស សុខណា ថ្លែងនៅថ្ងៃទី២៦ មីនា ថា លោកធ្វើដំណើរជាមួយសាច់ញាតិរបស់កម្មករ ដើម្បីទៅមើលអ្នកជំងឺនៅខាងក្នុងរោងចក្រ ប៉ុន្តែពេលទៅដល់ខាងមុខតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ភ្លាមនោះកម្លាំងសន្តិសុខ និងអាជ្ញាធរប៉ូលិស ក៏បានស្ទុះមករារាំងមិនឲ្យចូលទៅជួបកម្មករដែលមានជំងឺនៅខាង ក្នុងរោងចក្រ តាមការគ្រោងទុកនោះទេ។
លោក មាស សុខណា បានចាត់ទុកសកម្មភាពរបស់ក្រុមអាជ្ញាធរ និងសន្តិសុខនេះថា ជាការរារាំងរឹតត្បិតសិទ្ធិសេរីភាពរបស់សម្ព័ន្ធសហជីពចលនាកម្មករ៖ «គេ ឃើញគេរៀបចំកម្លាំងគេប្រហែលជា ១៥នាក់ ប្រហែលជា ៧-៨ម៉ូតូ មកព័ទ្ធពួកខ្ញុំ។ គេប្រុងចាប់ពួកខ្ញុំដាក់ប៉ុស្តិ៍ប៉ូលិសដាក់សាលាក្រុងអីអ៊ីចឹង បង។ វាប៉ះពាល់ដល់កម្មករ ចុះបើគ្នាឈឺមានបញ្ហាយើងចូលយក គេមិនឲ្យគ្នាចូល ចុះបើគាត់មានបញ្ហាអីកើតឡើង គាត់ដួលសន្លប់គាត់គ្រោះថ្នាក់ដល់ជីវិត ខ្ញុំសួរអ្នកណាទទួលខុសត្រូវ?»។
រីឯសាច់ញាតិរបស់កម្មករ លោក ចាន់ សំណាង ថ្លែងថា លោកធ្វើដំណើរជាមួយមន្ត្រីសម្ព័ន្ធសហជីពចលនាកម្មករ ដើម្បីទៅយកបងជាកម្មករដែលមានជំងឺនៅខាងក្នុងរោងចក្រ ត្រឡប់មកផ្ទះវិញ។ ប៉ុន្តែ ការធ្វើដំណើរនោះត្រូវកម្លាំងសន្តិសុខ និងអាជ្ញាធរ ដែលដាក់ការពារនៅខាងមុខតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន បានមករារាំងមិនឲ្យចូលទៅទទួលអ្នកជំងឺបានឡើយ។ លោក ចាន់ សំណាង សោកស្ដាយ និងអន់ចិត្តចំពោះសកម្មភាពរបស់កម្លាំងដែលរារាំងដំណើរនេះ៖ «បាទ! ខ្ញុំពឹងគាត់ឲ្យជូនខ្ញុំទៅ។ ខ្ញុំអត់សូវស្គាល់រោងចក្រហ្នឹងផង! ស្រាប់ទៅដល់មានអីគេមកស្គោកយើងដូចអ្នកទោសតាំងពីអង្កាល់អ៊ីចឹង បង!»។
មន្ត្រីសម្ព័ន្ធសហជីពចលនាកម្មករបញ្ជាក់ថា កម្លាំងសន្តិសុខ និងអាជ្ញាធរ រារាំងពួកគេនេះជាសិទ្ធិអំណាចរបស់មន្ទីរការងារ ខេត្តស្វាយរៀង ដើម្បីទប់ស្កាត់មិនឲ្យកម្មករប្រមូលផ្ដុំគ្នាធ្វើកូដកម្ម។
ឆ្លើយតបនឹងបញ្ហានេះ អនុប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តស្វាយរៀង លោក អ៊ូ សុខឿន មានប្រសាសន៍ថា លោកពុំទទួលបានព័ត៌មានទាក់ទងនឹងការរារាំងមន្ត្រីសម្ព័ន្ធសហជីព ចលនាកម្មករ មិនឲ្យចូលជួបកម្មករនៅខាងក្នុងរោងចក្រនោះទេ។ លោកថា រូបលោកក៏ពុំបានពាក់ព័ន្ធនឹងករណីទៅរារាំងដំណើរនេះដែរ៖ «តាម រោងចក្រ គឺក្នុងតំបន់ហ្នឹងគេសន្តិសុខឯកជន គេយាម តែមិនមានកម្លាំងសមត្ថកិច្ចប្រចាំនៅហ្នឹងទេ។ អ៊ីចឹងអាការរឹតបន្តឹងកម្លាំងសន្តិសុខអីយ៉ាងម៉េចយ៉ាងណាហ្នឹង ខ្ញុំមិនដឹងស៊ីជម្រៅរឿងរបស់គេទេ ព្រោះការងារដាច់ដោយឡែករបស់គេណាស់។ ប៉ុន្តែកន្លងមក ខ្ញុំតែងតែមានការសម្របសម្រួល បើសិនបងប្អូនសហជីពទៅដល់ហ្នឹង មានគេឃាត់ ឬគេពិបាកអ៊ីចឹង គាត់តែងតែទាក់ទងទៅខ្ញុំ ដើម្បីសុំឲ្យជួយសម្របសម្រួលបានចូលបាទ! ប៉ុន្តែម្ដងហ្នឹងដូចជាមិនឮមានការទាក់ទងអីមក។ ដល់អ៊ីចឹង ខ្ញុំក្ដាប់មិនបានព័ត៌មានហ្នឹងណាស់!»។
យ៉ាងណា មន្ត្រីសម្ព័ន្ធសហជីពចលនាកម្មករឲ្យដឹងថា ចាប់តាំងពីខែមករា មក អាជ្ញាធរតាមដានរាល់សកម្មភាពរបស់ពួកគេជាបន្តបន្ទាប់។ ហើយការតាមដាននេះ គោលបំណងដើម្បីដាក់សម្ពាធទប់ស្កាត់មិនឲ្យពួកសហជីពមានឱកាសដឹកនាំ កម្មករធ្វើបាតុកម្ម៕