បើកម៉ូតូឡើងជែងមិនប្រយ័ត្ន ដួលខ្ទាតចូលក្រោមឡានធំ កិនស្លាប់ម្នាក់ របួសស្រាលម្នាក់
សាក្សីបានឱ្យដឹងថា មុនដំបូងគេឃើញម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1J-1510 ប៉ោះពួយយ៉ាងលឿន ពីទិសពីជើងទៅត្បូង ។ លុះដល់ចំណុចកើតហេតុ បានបើកជែងរថយន្ដ ម៉ាកហ្វ៊ុយសូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-3300 បណ្ដាលឱ្យម៉ូតូដួល ចូលក្រោមរថយន្ដ កិនមនុស្សម្នាក់ ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល។ ដោយឃើញសភាពមិនស្រួល អ្នកបើកបររថយន្ដ បានរត់គេចខ្លួនបាត់ស្រមោល ។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកម៉ូតូឈ្មោះ ប៉ុក មករា ភេទប្រុស អាយុ ១៩ឆ្នាំ រងរបួសស្រាលនិងអ្នករួមដំណើរឈ្មោះ ប៉ុក គឹមលី ភេទប្រុស អាយុ ២២ឆ្នាំ បានស្លាប់នៅ នឹងកន្លែងកើតហេតុ ។ អ្នកទាំង២ ត្រូវជាបងប្អូនបង្កើត រស់នៅភូមិ ក្រមល់១ ឃុំរហាត់ទឹក ស្រុកមង្គលបុរី ចំណែកអ្នកបើកបររថយន្ដ ពុំទាន់ដឹងអត្ដសញ្ញាណនៅឡើយទេ ហើយរថយន្ដ និងម៉ូតូជនរង គ្រោះ ត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាននគបាល ស្រុកមង្គលបុរី ដើម្បីរង់ចាំ ភាគីទាំង សងខាងមក ដោះស្រាយនៅពេលក្រោយ៕
_______________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ
ប្រភពព័ត៌មានពី៖ វត្តភ្នំ
