ពលរដ្ឋ​មាន​ជម្លោះ​ជាមួយ​ ក្រុមហ៊ុន​ចិន​រស់​នៅ​ លើ​ទូក​ដើម្បី​ទាមទារ​ នៅ​ទីតាំង​ចាស់

2/10/2014 0 Comments A+ a-

កោះកុងៈ សម្បុរ​ខ្មៅ​ស្រអែម​ពាក់​អាវ​រហែក​រយ៉ីរ​យ៉ៃ​ឈរ​និយាយ​នៅ ​ខាង​មុខ​ទូក ដែល​លាក់​នៅ​មាត់​សមុទ្រ​កណ្តាល​ព្រៃ បាន​ចាត់​ទុក​ថា​ជា​ផ្ទះ​ថ្មី​របស់​ខ្លួន បន្ទាប់​ពី​ក្រុមហ៊ុន​ចិន​សហការ​ជាមួយ​កម្លាំង​ទាហាន ដុត​បំផ្លាញ​កាល​ពី​ចុង​ខែ មករា ឆ្នាំ ២០១៤ លោក តេង ខន អាយុ ៥៥ឆ្នាំ បាន​សម្រេច​ចិត្ត​នាំ​សមាជិក​គ្រួសារ ១០ នាក់​របស់​គាត់​មក​រស់​នៅ​លើ ទូក​ដើម្បី​ចៀស​ផុត​ពី​ការ​ដុត​បំផ្លាញ​ម្តង​ទៀត។
និយាយ​ទាំង​ទឹក​មុខ​មុត​មាំ​បើ​ទោះ​ជា​ផ្ទះ​ត្រូវ​បាន​ក្រុមហ៊ុន យូញៀន ឌីវើឡុបមេន គ្រុប បាន ដុត​ឲ្យ​រាប​ដល់​ដី​នៅ​សល់​តែ​ផេះ គល់​ស្វាយ និង​ដើម​ត្នោត​ដែល​បាន​បន្សល់​តាំង​ពី​ដូន​តា​មក​នោះ​លោក តេង ខន បាន​បន្លឺ​សំឡេង​របស់​លោក​ថា៖ «ខ្ញុំ​គ្មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ចិន​ដុត​ផ្ទះ​សម្បែង​ទេ យើង​អស់​ផ្ទះ​មក​រស់​នៅ​ក្នុង​ទូក ហើយ​ពួន​នៅ​ក្រោយៗ​ព្រៃ​បើ​ពេល​ណា​ចិន​មក​យើង​រុញ​ទូក​ចេញ​ទៅ​សមុទ្រ»។
លោក​ឲ្យ​ដឹង​ថា លោក​មក​រស់​នៅ​លើ​ទូក​នេះ​ដើម្បី​រក​ស៊ី​នេសាទ​ចិញ្ចឹម​ជីវិត​គ្រួសារ​ដែល មាន​កូន​ចំនួន ១០ នាក់ បន្ទាប់​ពី​ចិន​បាន​ដុត​ផ្ទះ​អស់។ លោក​ថ្លែង​ថា៖ «បើ​គេ​ហ៊ាន​តែ​ដុត​ទូក​របស់​ខ្ញុំ​អាច​នឹង​មាន​ហិង្សា​កើត​ឡើង វា​អាច​មាន​អ្នក​ស្លាប់​និង​មាន​អ្នក​រស់»។
ជាប់​នៅ​នឹង​ទូក​មាន​ចម្ការ ស្វាយ​ចន្ទី​និង​ដើម​ដូង ឆ្នាំង​បាយ ធុង​ទឹក និង​ខោ​អាវ​ហាល​នោះ​លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​រស់​នៅ​លើ​ទូក​វា​លំបាក តែ​មិន​ដឹង​ថា​ធ្វើ​យ៉ាង​ម៉េច​នោះ​ទេ ពេល​ខ្លះ​ក៏​នឹក​ឃើញ​តូច​ចិត្ត​ដែរ តែ​បើ​គេ​ដុត​ហើយ ហើយ​បើ​សង់​នៅ​លើ​ដី​ទៀត​ខ្លាច​គេ​នឹង​មក​ដុត​ទៀត​ដូច្នេះ​មាន​តែ​ទ្រាំ​រស់ ​នៅ​លើ​ទូក​មួយ​រយៈ​សិន​ដើម្បី​ឲ្យ​ស្ថានភាព​ស្ងប់​ស្ងាត់​រួច​ត្រឡប់​ទៅ​ ធ្វើ​ផ្ទះ​នៅ​លើ​ដី​កន្លែង​ចាស់​វិញ។
លោក​ថា៖ «យើង​រស់​នៅ​លើ​ទូក​ងាយ​ស្រួល​នឹង​គេច​ជាមួយ​ចិន»។
លោក​ឲ្យ​ដឹង​ថា លោក​មិន​ទាន់​បាន​វាស់​វែង​ដី​ឬ​ក៏​ទទួល​សំណង​មួយ​កាក់​មួយ​សេន​ពី​ ក្រុមហ៊ុន​ទេ ហើយ​នៅ​ពេល​ចៅហ្វាយ​ស្រុក​មក​ដេញ​ឲ្យ​ទៅ​នៅ​ផ្ទះ​ថ្មី​គេ​ឲ្យ​តែ​ផ្ទះ មួយ​និង​ដី​ព្រៃ​សរុប ៣ ហិកតា តែ​លោក​មិន​ចង់​បាន​គឺ​ចង់​រស់​នៅ​កន្លែង​ដដែល​ឬ​ក៏​អាច​ផ្តល់​ជា​សំណង​ឲ្យ​ ពួក​លោក​បើ​គេ​ចង់​បាន​ដី។ លោក​ថា៖ «បើ​ខ្ញុំ​ទៅ​រស់​នៅ​ដី​ថ្មី​មាន​តែ​ដាច់​ពោះ​ស្លាប់ អ្នក​ដែល​ទៅ​នៅ​កន្លែង​ថ្មី​ភាគ​ច្រើន​រត់​មក​ក្រោម​វិញ​អស់​ហើយ គេ​សង់​ខ្ទម​នៅ​លើ​ដី​ស្រែ​ចាស់​របស់​ពួក​គេ​វិញ»។
ជក់​បារី​បង្ហើរ​ផ្សែង​បណ្តើរ​និយាយ​បណ្តើរ​ថា នៅ​ពេល​គេ​ចុះ​មក​ដុត​ផ្ទះ​របស់​លោក​នៅ​ថ្ងៃ ទី២៤ ខែ មករា គេ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ត្រូវ​យក​របស់​របរ​ចេញ​នោះ​ទេ​គឺ​គេ​មក​ដល់​ ដុត​តែ​ម្តង យើង​យក​អី​បាន​ប៉ុន្មាន​ក៏​យក​ទៅ។ លោក​ឲ្យ​ដឹង​ថា៖ «នៅ​ពេល​ខ្ញុំ​ដេក​ក្នុង​ទូក​ពេល​យប់​ខ្ញុំ​ស្រណោះ ណាស់​មិន​នឹក​ស្មាន​ថា​ពួក​យើង​រស់​នៅ​កន្លែង​នេះ​តាំង​ពី​កំណើត​មិន​គួរ​ ចិន គេ​មក​យក​ដី​និង​ផ្ទះ​របស់​យើង​អស់​យើង​ជា​ម្ចាស់​ដី​បែរ​ជា​មក​នៅ​ក្នុង​ ទូក»។
លោក​ឲ្យ​ដឹង​ថា ប្រសិន​បើ​ជា​គេ​ឲ្យ​ដី​នៅ​កន្លែង​ថ្មី ៥ ហិកតា​ក៏​លោក​មិន​អាច​ទទួល​យក​បាន​ទេ​ពីព្រោះ​ដី​នោះ​ជា​ដី​ព្រៃ​ភ្នំ​មិន​ អាច​ដាំ​ដំណាំ​កើត ម្យ៉ាង​ទៀត​គឺ​វា​គ្មាន​មុខ​របរ​តែ​ម្តង លោក​ចាស់​ណាស់​ទៅ​ហើយ​មិន​អាច​កាប់​គាស់​ព្រៃ​ធ្វើ​ចម្ការ​ដូច​កាល​ពី​ក្មេង ​ទៀត​ទេ។ លោក​ថា៖ «យើង​ដាំ​បាយ​ពួន​នៅ​កន្លែង​ព្រៃ​នេះ បើ​ចិន​គេ​មក​នាំ​កូន​រត់​ចូល​ទូក»។
មិន​ខុស​ពី​គ្រួសារ​លោក ខន ប៉ុន្មាន ដាក់​ទូក​នៅ​ជិត​គ្នា​អង្គុយ​និយាយ​ក្នុង​អង្រឹង​ក្រោម​ដើម​ស្វាយ​ចន្ទី អ្នក​ស្រី នាង ណាក់ អាយុ ៣៣ ឆ្នាំ មាន​កូន ៤នាក់ ដែល​បាន​សម្រេច​ចិត្ត​មក​រស់​នៅ​ក្នុង​ទូក​ជាមួយ​ប្តី​និង​កូន​តូចៗ បន្ទាប់​ពី​ផ្ទះ​របស់​គាត់​ត្រូវ​បាន​ដុត​នៅ​ថ្ងៃ ទី៣០ ខែ មករា បាន​ឲ្យ​ដឹង​ថា ការ​រស់​នៅ​លើ​ទូក​មិន​ដូច​រស់​នៅ​លើ​គោក​ទេ​ពិបាក​ក្នុង​ការ​ធ្វើ​អាហារ​ ហូប ពិបាក​រក​ទឹក​ប្រើ​ប្រាស់ បើ​នៅ​លើ​គោក​វា​ងាយ​ស្រួល​ជាង អ្នក​ស្រី​គ្រោង​នឹង​ធ្វើ​ផ្ទះ​នៅ​កន្លែង​ចាស់​វិញ​នៅ​ពេល​ដែល​ស្ងប់​ ស្ងាត់។
អ្នក​ស្រី​ថា៖ «តាំង​ពី​ក្រុមហ៊ុន​ចិន​ចុះ​មក​ដល់​កន្លែង​នេះ​ពេល​ណា​ពលរដ្ឋ លំបាក​ពី​ពេល​នោះ គឺ​ពួក​គេ​គំរាម​ប្រជា​ពលរដ្ឋ​ឲ្យ​ទៅ​រស់​នៅ​កន្លែង​ថ្មី ហាម​មិន​ឲ្យ​ប្រជា​ពលរដ្ឋ​ចេញ​ចូល​ដោយ​សេរី​ដូច​ពី​មុន។ ការ​អភិវឌ្ឍ​របស់​គេ​មាន​តែ​ធ្វើ​ឲ្យ​យើង​វេទនា»។
អង្គុយ​យោល​អង្រឹង បណ្តើរ​និយាយ​បណ្តើរ ថា៖ «យើង​ធ្លាប់​តែ​រស់​នៅ​រក​ស៊ី​សមុទ្រ តែ​ឲ្យ​យើង​ទៅ​រស់​នៅ​ខាង​ដី​ថ្មី​មាន​តែ​ដាច់​បាយ​ស្លាប់ ពីព្រោះ​យើង​ធ្លាប់​ទៅ​រស់​នៅ​ខ្លះ​បាន​រក​ស៊ី​កាប់​ឈើ​ដុត​ធ្យូង​បាន ២ ឆ្នាំ ក្រោយ​មក​ក៏​អស់​ព្រៃ​ក៏​បាន​នាំ​គ្នា​ចុះ​មក​សមុទ្រ​វិញ​អស់»។
អ្នក​ស្រី​ថា ចំពោះ​ក្រុមហ៊ុន​ចិន​បើ​ទោះ​បី​ជា​ពលរដ្ឋ​មិន​យល់​ព្រម​យក​ផ្ទះ​នៅ​កន្លែង​ ថ្មី​ក៏​គេ​យក​ដី​យើង​ដែរ ហើយ​ចាប់​តាំង​ពី​គេ​មក​កូនៗ​របស់​អ្នក​ស្រី​មិន​ដែល​បាន​រៀន​ត្រឹម​ត្រូវ​ នោះ​ទេ ដោយ​សារ​តែ​ក្រុមហ៊ុន​គេ​ចេះ​តែ​រំខាន​អ្នក​ស្រី។
បើ​តាម​ការ​អះអាង​របស់​លោក នាង បូរ៉ាទីណូ មន្ត្រី​សម្រប​សម្រួល​សមាគម អាដហុក បាន​ឲ្យ​ដឹង​ថា នៅ​ដើម​ឆ្នាំ ២០១៤ នេះ ក្រុមហ៊ុន​ចិន​បាន​ដុត​ផ្ទះ​និង​រុះរើ​បំផ្លាញ​ផ្ទះ​ប្រជា​ពលរដ្ឋ​នៅ​ស្រុក បទុម​សាគរ អស់ ៤៥ ខ្នង ដោយ​មិន​បាន​ផ្តល់​សំណង​អ្វី​ទេ ដើម្បី​បណ្តេញ​ពួកគេ​ចេញ​ពី​ទី​តាំង​ដែល​គាត់​រស់​នៅ​ច្រើន​ឆ្នាំ។
អ្នក​ស្រី ភិន ថា អាយុ ៣៦ ឆ្នាំ រស់​នៅ​ក្នុង​ភូមិ ពាមកាយ ឃុំ កោះ​ស្តេច ដែល​ផ្ទះ​ត្រូវ​បាន​គេ​ឈូស​នៅ​ថ្ងៃ​សែន​ចូល​ឆ្នាំ ចិន-វៀតណាម បាន​និយាយ​ដោយ​ឱប​កូន​ស្រី​តូច​អាយុ​ប្រមាណ​ជា ៣ឆ្នាំ ថា គេ​ផុត​ផ្ទះ​របស់​អ្នក​ស្រី ហើយ​គេ​មិន​បាន​ដោះស្រាយ​ឲ្យ​ទេ​គឺ​មាន​តែ​បញ្ឈឺ​ថែម គេ​មិន​ដែល​គិត​ថា​យើង​វេទនា​នោះ​ទេ។
អ្នក​ស្រី​ថ្លែង​ថា៖ «គេ​ចាប់​ឆ្កាង​ដៃ​ខ្ញុំ​ឡើង ហើយ​យក​កាំភ្លើង​ភ្ជង់​សូម្បី​តែ​កូន​ខ្ញុំ​តូចៗ​យំ​ស្រែក​ពេញ​ព្រៃ ក៏​ពួក​វា​ធ្វើ​មិន​ដឹង​ដែរ គឺ​គេ​ដឹង​តែ​ពី​រុះរើ​ផ្ទះ។
នាង​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «គេ​ទាត់​ខ្ទេច​ទាត់​ខ្ទី ខ្ញុំ​គ្មាន​ថ្ងៃ​មាន​សេចក្តី​សុខ​នោះ​ទេ​គឺ​មាន​តែ​វេទនា​ពី​ម៉ែ​ទៅ​ដល់​ កូន តើ​អនាគតកូ​ន​ខ្ញុំ​សង្ឃឹម​អី កេរ​ដំណែល​ដែល​គេ​ទទួល​បាន​ពី​ម្តាយ​គឺ​ក្រ​តពូជ»។
អ្នក​ស្រី​ថ្លែង​ថា៖ «វា​ធ្វើ​ដូច​ចោរ សព្វ​ថ្ងៃ​នេះ​ខ្ញុំ​បោះ​តង់​រស់​នៅ​ក្នុង​ដី​ចាស់​ដដែល ពីព្រោះ​យើង​គ្មាន​ដី​ថ្មី​ទេ»។
នៅ​មិន​ឆ្ងាយ​ពី​គ្នា​ប៉ុន្មាន​លោក វេន ហួត អាយុ ៤៤ ឆ្នាំ ដែល​ផ្ទះ​របស់​គាត់​ត្រូវ​បាន​គេ​ដុត​រាប​ស្មើ​ដី​ដែរ​នោះ នៅ​តែ​ទទូច​សូម​ឲ្យ​អាជ្ញាធរ​កាត់​វៀល​ដី​ចេញ​ឲ្យ​ប្រជា​ពលរដ្ឋ។
លោក​ថា៖ «យើង​សូម​ឲ្យ​តែ​វៀល​ដី​ទុក​ឲ្យ​យើង ហើយ​សូម​ឲ្យ​រដ្ឋាភិបាល​មេត្តា​បើក​ភ្នែក​មើល​ពួក​យើង​ផង ខ្ញុំ​លែង​ខ្លាច​ហើយ ខ្ញុំ​បន្ត​នៅ​កន្លែង​ដដែល​ពីព្រោះ​កន្លែង​នេះ​ខ្ញុំ​អាច​នេសាទ​ចិញ្ចឹម​ គ្រួសារ​ខ្ញុំ​បាន បើ​ទៅ​រស់​នៅ​ដី​គេ​ឲ្យ មាន​តែ​ដាច់​ពោះ​ស្លាប់»។
ចំពោះ​ការ​ចេញ​ចូល​ទៅ​ជួប​ប្រជា​ពលរដ្ឋ​ដែល​បដិសេធ​មិន​ព្រម​ទទួល​យក​ សំណង​ពី​ខាង​ក្រុមហ៊ុន​នោះ​ត្រូវ​បាន​គេ​ដាក់​សន្តិសុខ​ឯកជន​ស្លៀក​សម្លៀក​ បំពាក់​ទាហាន​យាម​កាម​មិន​អនុញ្ញាត​ឲ្យ​អ្នក​ចម្លែក​ចេញ​ចូល​បាន​ឡើយ។
សន្តិសុខ​ដែល​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​និង​បម្រើការ​ឲ្យ​ក្រុមហ៊ុន​ សន្តិសុខ គីម ឲ្យ​ដឹង​ថា លោក​ធ្វើ​តាម​តែ​បញ្ជា​របស់​ក្រុមហ៊ុន ប្រសិន​បើ​គេ​អនុញ្ញាត ឲ្យ​ចូល​លោក​នឹង​ឲ្យ​ចូល។
លោក​ថា៖ «ចិន​គេ​ថា​គេ​បង់​លុយ​ឲ្យ​អស់​ហើយ ដូច្នេះ​គេ​មិន​ខ្វល់​ទេ ដី​នេះ​គឺជា​របស់​គេ ដូច្នេះ​ខ្ញុំ​ធ្វើ​តាម​តែ​បញ្ជា ចំណែក​ការ​ដុត​ផ្ទះ​គឺជា​ការងារ​របស់​ក្រុមហ៊ុន​ខ្ញុំ​មិន​ពាក់​ព័ន្ធ​ទេ»។
យោង​ទៅ​តាម​របាយ​ការណ៍​អង្កេត​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល គណៈកម្មាធិការ​ប្រព្រឹត្តកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស កម្ពុជា​និង​បណ្តាញ​សិទ្ធិ​ដីធ្លី​និង​លំនៅឋាន​របស់​វេទិកា​នៃ​អង្គការ​មិន​ មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​បាន​រក​ឃើញ​ថា ប្រជាជន​សរុប​ចំនួន ១១៤៣ គ្រួសារ​ស្ថិត​ក្នុង​ឃុំ​ចំនួន ៥ នៃ​ស្រុក​ចំនួន​ពីរ​គឺ​ស្រុក គិរីសាគរ និង​ស្រុក បទុម​សាគរ ដែល​រស់​នៅ​ក្នុង​ទសវត្សរ៍ ៦០ និង ៨០ មាន​វត្ត​ចំនួន​បី និង​សាលា​បឋមសិក្សា​មួយ​បាន​រង​នូវ​ផល​ប៉ះពាល់​ដោយ​ត្រូវ​ផ្លាស់​ប្តូរ​ ទីតាំង​ចេញ​ពី​តំបន់​នោះ។ ប្រជា​ពលរដ្ឋ​ចំនួន ៨០០ គ្រួសារ​ស្មើ​នឹង ៧១ ភាគរយ​បាន​បង្ខំ​ចិត្ត ផ្តិត​មេដៃ​យល់​ព្រម​ទៅ​រស់​នៅ​ក្នុង​ទីតាំង​ថ្មី។ ចំណែក​ប្រជា​ពលរដ្ឋ​មិន​ព្រម​យក​សំណង ៣៤៣ គ្រួសារ​ស្មើ​នឹង ២៩ ភាគរយ​សូម​ឲ្យ​រដ្ឋាភិបាល​វៀល​ដី​របស់​គាត់​ចេញ​ពី​ក្រុមហ៊ុន​ក្នុង​ករណី​ មិន​អាច​វៀល​បាន​សុំ​ឲ្យ​មាន​ដំណោះ​ស្រាយ​សំណង​សមរម្យ។
នៅ​ក្នុង​របាយ​ការណ៍​នោះ​ឲ្យ​ដឹង​ថា ការ​តាំង​លំនៅឋាន​នៅ​ទីតាំង​ថ្មី​គឺ​ប្រជា​ពលរដ្ឋ​ប្រមាណ ៧០ ភាគរយ​ជា​អ្នក​ប្រកប​របរ​នេសាទ​បាន​វិល​ត្រឡប់​ទៅ​ទីតាំង​ចាស់​វិញ និង ១០ ភាគរយ​ជា​អ្នក​ចម្ការ​បាន​វិល​ត្រឡប់​ទៅ​ទីតាំង​ចាស់​របស់​ខ្លួន​វិញ​ដើម្បី ប្រមូល​ផល​ដំណាំ​។ មាន​តែ​ប្រជា​ពលរដ្ឋ ១ ភាគរយ​ប៉ុណ្ណោះ​ដែល​មាន​មុខ​របរ​លក់​ចាប់​ហួយ​ឬ​គ្រឿង​ឧបភោគ​បរិភោគ​មាន​ ជីវភាព​ល្អ​ប្រសើរ​ជាង​មុន។
អ្នក​ស្រី ស៊ុន វណ្ណី អាយុ ៤៩ឆ្នាំ បាន​មក​រស់​នៅ​ក្នុង​តំបន់​ថ្មី​នៅ​ក្នុង​ភូមិ តានួន ឃុំ តានួន ប្រមាណ​ជា ៤ឆ្នាំ កំពុង​តែ​អង្គុយ​ពុះអុស ដែល​ដំណាំ​របស់​អ្នក​ស្រី​បាន​ងាប់​ស្លឹក​ឡើង​ក្រហម​នោះ បាន​ថ្លែង​ថា អ្នក​ស្រី​ត្រូវ​បាន​ចិន​ដេញ​ឲ្យ​មក​នៅ​ក្នុង​តំបន់​នេះ​បើ​ទោះ​បី​ជា​គាត់​ មិន​ព្រម​ចេញ​ក៏​ដោយ ហើយ​ផ្ទះ​ថ្មី​នេះ​រស់​នៅ​បាន​តែ​មួយ​ឆ្នាំ​ក៏​ពុក​អស់​ទៀត។
អ្នក​ស្រី​បាន​ថ្លែង​ឲ្យ​ដឹង​ថា ការ​មក​រស់​នៅ​ក្នុង​តំបន់​ថ្មី​នេះ​គឺ​ធ្វើ​ឲ្យ​ជីវភាព​របស់​គាត់​ប្រឈម នឹង​ការ​លំបាក​ក្នុង​ជីវភាព​បំផុត​ដែល​ពេល​ខ្លះ​បណ្តាល​ឲ្យ​គ្រួសារ​អ្នក​ ស្រី ដែល​មាន​កូន ៧ នាក់​ដាច់​បាយ ពីព្រោះ​ពុំ​មាន​ការងារ​ធ្វើ ហើយ​ការ​ដាំ​ដុះ​ក៏​មិន​បាន​ទៀត។ អ្នក​ស្រី​ថ្លែង​ថា៖ «ខ្ញុំ​នៅ​កន្លែង​ចាស់​មិន​ដែល​ដាច់​បាយ​ទេ ពីព្រោះ​បេះ​ផ្លែ​ចន្ទី​លក់ តែ​កន្លែង​ថ្មី​ដាច់​បាយ ពីព្រោះ​ដាំ​ដំណាំ​មិន​បាន»។
អ្នក​ស្រី​ថ្លែង​ឲ្យ​ដឹង​ថា ដោយ​សារ​តែ​ការ​លំបាក​នោះ​ធ្វើ​ឲ្យ​ពលរដ្ឋ​ជាច្រើន​បាន​ចាក់​សោ​ផ្ទះ​ទុក​ ចោល​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស ថៃ ឬ​ក៏​ទៅ​ធ្វើ​ជា​កម្មករ​នៅ ភ្នំពេញ។ អ្នក​ស្រី​ថ្លែង​ថា​៖ «យើង​មើល​តាម​ផ្ទះ​មួយៗ​ចាក់​សោ​ចោល​ដូច​ផ្ទះ​ខ្មោច ប្រសិន​បើ​ជា​ការ​មក​នៅ​កន្លែង​ថ្មី​នេះ​ជីវភាព​ធូរធារ ម៉្លេះ​ប្រជាជន​នៅ​កុះ​ករ​ហើយ មិន​មែន​អ្នក​ខ្លះ​លក់​ផ្ទះ​ទៅ​រក​ការងារ​នៅ​ថៃ​ទេ»។
លោក ខឹម ឫទ្ធី ប្រធាន​ភូមិ ពាមកាយ ដែល​បាន​មក​រស់​នៅ​ក្នុង​តំបន់​ថ្មី​នៅ​ឆ្នាំ ២០១០ បាន​ឲ្យ​ដឹង​ថា លោក​ឡើង​មក​រស់​នៅ​ក្នុង​តំបន់​នេះ​ដោយ​សារ​តែ​ប្រជាជន​គាត់​ឡើង​មក ហើយ​បច្ចុប្បន្ន​នេះ​មាន​ប្រជា​ពលរដ្ឋ ១៩ គ្រួសារ​ទៀត​ពុំ​ព្រម​មក​រស់​នៅ​តំបន់​ថ្មី​ដែល​ពួក​គាត់​ទាមទារ​រស់​នៅ​ កន្លែង​ចាស់​របស់​ពួក​គេ។
លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «ផ្ទះ​មួយ​ចំនួន​ដែល បិទ​ទ្វារ​ដោយ​សារ​តែ​ប្រជា​ពលរដ្ឋ​គាត់​ចាក​ចេញ​ទៅ​រក​ស៊ី​នៅ​ខាង​ក្រៅ​ ប្រទេស​ក៏​ដូចជា នៅ​ភ្នំពេញ​ឯ​កម្មករ​ទៅ​នេសាទ​នៅ​កន្លែង​ចាស់ ដោយសារ​តែ​ពួក​គាត់​គ្មាន​មុខ​របរ​ចិញ្ចឹម​ជីវិត។ ពលរដ្ឋ​មួយ​ចំនួន​ធំ​គឺ​គាត់​វិល​ត្រឡប់​ទៅ​នេសាទ​កន្លែង​ចាស់​របស់​ពួក​ គាត់​វិញ​ដោយ​សារ​តែ​ពួក​គាត់​មិន​មាន​ទម្លាប់​ធ្វើ​កម្មករ​ឲ្យ​ចិន»។
អភិបាល​ស្រុក គិរីសាគរ លោក ឃឹម ច័ន្ទឌី បាន​ធ្វើ​ការ​អះអាង​ថា អាជ្ញាធរ​ដែនដី​ក៏​ដូច​រដ្ឋាភិបាល​មិន​បាន​គាំទ្រ​ឲ្យ​មាន​ការ​បណ្តេញ​ ពលរដ្ឋ​ចេញ​ដោយ​បង្ខំ​ទេ ប៉ុន្តែ​លោក​ថា អាជ្ញាធរ​កំពុង​ចុះ​សិក្សា​ករណី​បណ្តេញ​ចេញ​នេះ តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន។
លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «ថ្មីៗ​នេះ​ខ្ញុំ​បាន​ទទួល​ដំណឹង​ថា ប្រជា​ពលរដ្ឋ​ត្រូវ​ទទួល​ការ​ឲ្យ​ចេញ ហើយ​ត្រូវ​រុះរើ​ផ្ទះ​សម្បែង​នេះ ខ្ញុំ​បាន​ចាត់​សហការី​ខ្ញុំ​នេះ ឲ្យ​ពិនិត្យ​អត្ត​សញ្ញាណ​របស់​ពួក​គាត់ ហើយ​យើង​នឹង​ធ្វើ​ការ​សម្រប​សម្រួល​ជាមួយ​គណៈកម្មការ​អន្តរ​ក្រសួង​ដើម្បី​ រក​ផ្ទះ និង​រក​ទីតាំង​ថ្មី​ដើម្បី​ឲ្យ​គាត់​បាន​ទៅ​ស្នាក់នៅ។ ខ្ញុំ​បាន​គិត​គូរ​ចាត់​ចែង​ហើយ ពី​ការងារ​នេះ»។
សូម​រំឭក​ផង​ដែរ​ថា នៅ​ថ្ងៃ ទី៩ ខែ ឧសភា ឆ្នាំ ២០០៨ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ជួល​សម្រាប់​រយៈ​ ពេល ៩៩ឆ្នាំ ជាមួយ​ក្រុមហ៊ុន យូញៀន ឌីវើឡុបមេន គ្រុប សម្រាប់​ការ​សាងសង់​តំបន់​អភិវឌ្ឍន៍​ពាណិជ្ជកម្ម និង​រមណីយដ្ឋាន​ទេសចរណ៍​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​និង​ការ​វិនិយោគ​ បន្ថែម​ទៀត​លើ​ផ្ទៃ​ដី​ដែល​មាន​ទំហំ ៣៦០០០ ហិកតា នៅ​ក្នុង​ស្រុក គិរីសាគរ និង​ស្រុក បទុមសាគរ ហើយ​នៅ​ខែ សីហា ឆ្នាំ ២០១១ រាជ​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ស្តី​ពី​ការ​កំណត់​ផ្ទៃ​ដី​ទំហំ ៩១០០ ហិកតា​ទៅ​ជា​តំបន់​ប្រើ​ប្រាស់​ដោយ​ចីរភាព​និង​បាន​ផ្តល់​ដី​សម្បទាន​ជា​លើក ទី២ ឲ្យ​ទៅ​ក្រុមហ៊ុន​នេះ​ដើម្បី​ធ្វើ​អាង​ស្តុក​ទឹក​និង​វារី​អគ្គិសនី ហើយ​នៅ​ក្នុង​កិច្ចសន្យា​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​កាប់​ឆ្ការ​ព្រៃឈើ​ ដើម្បី​អភិវឌ្ឍ​ទីតាំង​វិនិយោគ​តាម​ប្លង់​មេ ប៉ុន្តែ​ត្រូវ​ឲ្យ​ក្រុមហ៊ុន​បង់​សួយសារ​និង​បុព្វលាភ ចំពោះ​ឈើ​ដែល​មាន​តម្លៃ​សេដ្ឋកិច្ច​ដែល​ខ្លួន​កាប់​ប្រើ​ប្រាស់​ឬ​លក់។
លោក យី សុខសាន្ត មន្ត្រី ស៊ើប​អង្កេត​ជាន់​ខ្ពស់​សមាគម​សិទ្ធិមនុស្ស អាដហុក ដែល​បាន​ចុះ​ទៅ​ធ្វើ​ការ​ស៊ើប​អង្កេត​ផ្ទាល់​នៅ​កន្លែង​កើត​ហេតុ​បាន​ថ្លែង​ ឲ្យ​ដឹង​ថា ចំពោះ​ការ​ដោះស្រាយ​ដី​មួយ​ចំនួន​គឺ​គ្មាន​ភាព​ជាក់​លាក់​សោះ ពីព្រោះ​ពួក​គាត់​មាន​ដី​ភូមិ ដី​ស្រែ​និង​ចម្ការ ប៉ុន្តែ​រដ្ឋាភិបាល​និង​ក្រុម​អន្តរ​ក្រសួង​បាន​ដោះស្រាយ​ឲ្យ​ត្រឹម​តែ​ដី ភូមិ ចំពោះ​ដី​ចម្ការ​ដែល​សន្យា​ឲ្យ​ពីរ​ហិកតា​គឺ​សុទ្ធ​តែ​ជា​ដី​ព្រៃ​ស្ថិត​នៅ​ ក្នុង​តំបន់​ព្រះ​រាជក្រឹត្យ​ទាំង​អស់។
លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «រដ្ឋាភិបាល​ហាក់​ដូច​ជា​មាន​អាថ៌កំបាំង​មួយ​បិទ​បាំង​មិន​ឲ្យ​ពលរដ្ឋ​ដឹង​ ពី​ដំណើរការ​នៃ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​តាំង​ពី​ដំបូង​រហូត​មក​ដល់​ពេល​ នេះ។ នេះ​ហើយ​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​រស់​នៅ​ក្នុង​ស្ថានភាព​លំបាក​ដដែល។ ចំណែក​ឯ​ខាង​ក្រុមហ៊ុន​គឺ​បាន​ប្រើ​ប្រាស់​អាជ្ញាធរ​ឲ្យ​ដោះស្រាយ​ជាមួយ​ ប្រជា​ពលរដ្ឋ​ដែល​សំណង​អាជ្ញាធរ​ជា​អ្នក​ចេញ ដូច្នេះ​ហើយ​បាន​ជា​ពលរដ្ឋ​ទទួល​បាន​តែ​ស្នាម​ផ្តិត​មេដៃ​នៃ​ការ​ផ្តល់​ដី ប៉ុន្តែ​លទ្ធផល​ដែល​ក្រុមហ៊ុន​ដោះស្រាយ​ឲ្យ​ពួក​គាត់​គឺ​គ្មាន»។
លោក​បាន​ឲ្យ​ដឹង​ថា ចំពោះ អ្នក​ដែល​មក​ទទួល​ដី​ថ្មី​នោះ​គឺ​ពុំ​ទាន់​ស្រប​ច្បាប់​នោះ​ទេ ពីព្រោះ​រហូត​មក​ដល់​ពេល​នេះ​អ្នក​ខ្លះ​ទើប​តែ​មាន​លិខិត​ស្នាម​ផ្ទេរ​តែ ប៉ុណ្ណោះ ចំណែក​ឯកសារ​ផ្លូវ​ច្បាប់​គឺ​ពុំ​ទាន់​មាន​ទេ ហើយ​ពួក​គាត់​អាច​ប្រឈម​មុខ​នឹង​ការ​បណ្តេញ​ចេញ​បន្ត​ទៅ​ទៀត។
លោក​បាន​បញ្ជាក់​ថា៖ «ថ្មីៗ​នេះ​គេ​បាន​យក​កម្លាំង​ប្រដាប់​អាវុធ​ដែល​ជា​កម្លាំង​ការពារ​ផល​ ប្រយោជន៍​ប្រជាជន​និង​ជាតិ ប៉ុន្តែ​នៅ​ពេល​នេះ​គេ​បែរ​ជា​ប្រើ​ប្រាស់ កម្លាំង​ទ័ព​ការពារ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើ​បាប​ប្រជាជន​ទៅ​វិញ។ តាម​យើង​សង្កេត​ឃើញ​នា​ពេល​កន្លង​មក រាល់​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដល់​កន្លែង​ណា ​គឺ​តែង​ធ្វើ​ឲ្យ​ពលរដ្ឋ​ជួប​ទឹក​ភ្នែក​នៅ​កន្លែង​នោះ»។
លោក លី តឹកហៃ តំណាង​ក្រុមហ៊ុន ចិន ដែល​ពលរដ្ឋ​បាន​អះអាង​ថា ជា​អ្នក​ចេញ​មុខ​បញ្ជា​ឲ្យ​កម្លាំង​ទាហាន​ដុត​ផ្ទះ​ពលរដ្ឋ​មិន​អាច​សុំ​ការ​ ឆ្លើយ​តប​បាន​ទេ ដោយ​ទូរស័ព្ទ​របស់​លោក​មិន​មាន​អ្នក​ទទួល៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍