រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងទទួលរង្វាន់ ពីប្រទេសបារាំង និងអាល្លឺម៉ង់ នៅខែមីនា

2/28/2014 0 Comments A+ a-

ភ្នំពេញ: អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​អះអាងថា នៅក្នុង​ខែមីនា ឆ្នាំ​២០១៤ ខាងមុខនេះ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ត្រៀម​នឹង​ទទួល​ពានរង្វាន់ ចំនួន ២​បន្ថែមទៀត ពី​ប្រទេស​បារាំង និង​ប្រទេស​អាល្លឺម៉ង់ ខណៈដែល​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បានទទួល​ពានរង្វាន់​ចំនួន ៥ រួចមកហើយ ពី​គុណភាព​ទឹកស្អាត​។​
​ក្នុង​ដំណើរ​ទស្សនកិច្ច របស់លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឩ​ស្សា​ហក​ម្ម និង​សិប្បកម្ម  នៅ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​រាជធានី​ភ្នំពេញ លោក ស៊ឹម ស៊ីថា អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​ឲ្យ​ដឹង​ទៀតថា នៅក្នុង​ខែមីនា ឆ្នាំ​២០១៤ ខាងមុខនេះ រដ្ឋាករទឹក​ស្វយ័ត​ក្រុង ភ្នំពេញ ត្រៀម​នឹង​ទទួល​ពានរង្វាន់ ចំនួន ២​បន្ថែមទៀត ពី​ប្រទេស​បារាំង និង​ប្រទេស​អាល្លឺម៉ង់ ខណៈដែល​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បានទទួល​ពានរង្វាន់​ចំនួន ៥ រួចមកហើយ ពី​គុណភាព​ទឹកស្អាត​។​
​លោក​បាន​បញ្ជាក់ថា ពានរង្វាន់​ចំនួន ២ ដែល​ត្រៀម​នឹង​ទទួល​នោះ រួមមាន ៖ ១. ពានរង្វាន់​អន្តរជាតិ សម្រាប់​គុណភាព នឹងត្រូវ​ទទួល​នៅ​ថ្ងៃទី​១០ ខែមីនា នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ចំពោះ​ការគ្រប់គ្រង​គុណភាព លក្ខណៈ​អន្តរជាតិ និង​មាន​សិទ្ធិ​ចូល​ជា​សមាជិក នៃ​សមាជិក​ក្លឹប​ពាណិជ្ជកម្ម​សកល និង​ពានរង្វាន់​ទី​២ នឹងត្រូវ​ទទួល​នៅ​ថ្ងៃទី​៣១ ខែមីនា នៅ​ទីក្រុង​ប៊ែ​រ​ឡាំង ប្រទេស​អាល្លឺម៉ង់ ចំពោះ​ការគ្រប់គ្រង​គុណ ភាព​សរុប ដោយ​រាប់បញ្ចូល​នូវ​គុណភាព​សេវា ដែល​អតិថិជន​ទទួលស្គាល់ និង​ទទួល យកបាន​។
​ឆ្លៀត​ក្នុងឱកាស​នោះ លោក ស៊ឹម ស៊ីថា បាន​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​រង្វាន់ ៥ ដែល​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ទទួលបាន​កន្លងមក មានដូចជា ១. ពានរង្វាន់​ទឹកស្អាត​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​។ ២. ពានរង្វាន់ Ramon Magsaysay សម្រាប់​សេវា​រដ្ឋាភិបាល​។ ៣. ពានរង្វាន់​ឱស្សាហ​កម្ម​ទឹកស្អាត​ទីក្រុង​ស្តុក​ហូ​ម​។ ៤. ពានរង្វាន់​ពី​អង្គការ JICA  និង​ទី ៥. ពានរង្វាន់ The Majestic Five Continents សម្រាប់​គុណភាព​ល្អ ចំពោះ​ការគ្រប់គ្រង​គុណភាព​សរុប ដោយ​រាប់បញ្ចូល​នូវ​គុណភាព ក្នុងការ​បម្រើ​អតិថិជន​។​
​នៅក្នុង​ពិធី​នោះ លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​មានប្រសាសន៍​ផ្តាំផ្ញើ ដល់​មន្ត្រី​បុគ្គលិក រាជការ​នៃ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ថា ត្រូវមាន​ការប្រុងប្រយ័ត្ន​ជានិច្ច ចំពោះ​គុណភាព​ទឹក តម្លៃ និង​សេវាកម្ម​ទឹកស្អាត ជាពិសេស​ត្រូវ​ពង្រីក​ទឹកស្អាត​បន្ថែម ទៀត ឲ្យ​មាន​គ្រប់​តំបន់ នៅ​ទូទាំងប្រទេស តាម​ដែល​អាចធ្វើ​ទៅបាន​។
​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ក្រើនរំលឹក ដល់​មន្ត្រី បុគ្គលិក ទាំងអស់​ផងដែរ​ថា ត្រូវ​តាម ដាន​ឲ្យ​ជាប់​ជានិច្ច ជាមួយនឹង​ទឹកស្អាត​នេះ ព្រោះ​ទឹក​សំខាន់​ណាស់ ចំពោះ​មនុស្ស​គ្រប់រូប ដែល​បាន​ប្រើប្រាស់​វា​។
​នាឱកាស​នោះដែរ លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​អ​ញ្ជើញ​ចុះ​ទស្សនា​រោងចក្រ​ចំនួន ៤ របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ផងដែរ ក្នុងនោះ​រួមមាន រោងចក្រ​ទឹកស្អាត​ភូមិ​ព្រែក រោងចក្រ​ទឹកស្អាត​ជ្រោយចង្វារ រោងចក្រ​ទឹកស្អាត​និរោធ និង​រោងចក្រ​ទឹកស្អាត​ចំការមន​៕V/s
លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ អ​ញ្ជើញ​ចុះ​ទស្សនា​រោងចក្រ​ចំនួន ៤ របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ