អ្នកឃ្លាំមើល៖ រដ្ឋាភិបាលកម្ពុជាត្រូវដោះស្រាយបញ្ហាសិទ្ធិតាមអនុសាសន៍របស់UN​

1/30/2014 0 Comments A+ a-

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស ចាត់ទុក​ការប្រើប្រាស់​កម្លាំង​សមត្ថកិច្ច​ហួសហេតុ ការ​រិត​ត្បិត​សេរីភាព​បញ្ចេញមតិ និង​ភាព​មិន​ឯករាជ្យភាព​នៃ​ប្រព័ន្ធតុលាការ ជា​បញ្ហា​ចម្បង​ក្នុង​បច្ចុប្បន្នភាព ដែល​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវតែ​ដោះស្រាយ​ជាបន្ទាន់ បន្ទាប់ពី​ត្រូវ​បាន​លើកឡើង​ក្នុង​ដំណើរការ​ត្រួតពិនិត្យ​ជា​សាកល​ តាម​ពេលវេលា​កំណត់ (UPR)​។​
កាលពី​យប់​ថ្ងៃ​អង្គារ ទី​២៨ ខែ​មករា ក្នុង​ដំណើរការ​វាយតម្លៃ​ស្ថានភាពសិទ្ធិមនុស្ស​នៅ​កម្ពុជា ​ដែល​ត្រូវបាន​ផ្សាយ​បន្ត​ផ្ទាល់ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ និង​រដ្ឋ​ជា​សមាជិក បានសម្រេច​ផ្តល់​អនុសាសន៍​កែលម្អ​ចំនួន ១៣៨​ចំណុច ទៅលើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា រួមមាន​បញ្ហា​ការប្រើប្រាស់​កម្លាំង​សមត្ថកិច្ច​ហួសហេតុ ការ​រិត​ត្បិត​សេរីភាព​បញ្ចេញមតិ និង​ភាព​មិន​ឯករាជ្យភាព​នៃ​ប្រព័ន្ធ​តុលាការ​ជាដើម​។​
​អ្នកគ្រប់គ្រង​បច្ចេកទេស ​ឃ្លាំមើល​ការរំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត យល់ថា បញ្ហា​រំលោភ​សិទ្ធិមនុស្ស រួម​មាន​ការប្រើ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​លើ​បាតុករ ការ​ហាមប្រាម​ការប្រមូលផ្តុំ បញ្ចេញមតិ ការ​មិន​អាច​ទទួលបាន​យន្តការ​ដោះស្រាយ​ជម្លោះ​ដោយ​យុត្តិធម៌ និង​បញ្ហា​ដីធ្លី គឺ​សុទ្ធ​ជា​ចំណុចរសើប ដែល​កិច្ច​ពិភាក្សា​នៃ UPR បានលើកឡើង ហើយ​រាជរដ្ឋាភិបាល គួរ​ចាត់វិធានការ​បន្ទាន់​។ លោក​ថា បើ​រាជរដ្ឋាភិបាល នៅតែ​មិន​មាន​ការកែប្រែ ឬ​ឆ្លើយតប​ជា​វិជ្ជមាន​នោះ ស្ថានភាព​ប្រទេស​កម្ពុជា នឹង​កាន់តែ​ដុនដាប​នៅលើ​ឆាក​អន្តរជាតិ ដោយសារ​តែ​អនុសាសន៍​កាន់តែ​កើនឡើង​ «​ប្រទេស​កម្ពុជា​យើង ឥឡូវ​យើង​កំពុងតែ​ជួប​វិបត្តិ អញ្ចឹង​ហើយ​បើ​យើង​មិន​កែ​ទេ ស្ថានភាព​វា​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​។ សម្រាប់​យើង យើង​ចង់បាន​ប្រទេស​យើង​ឲ្យ​ជាប្រទេស​ប្រកាន់​លទ្ធិប្រជាធិប្បតេយ្យ សេរី​ពហុបក្ស ពិតប្រាកដ ក៏​មិន​ចង់​មាន​តែ​ក្នុង​រដ្ឋធម្មនុញ្ញ​ឬក៏​នៅលើ​ក្រដាស​នោះទេ​»​។​
នាយិកា​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា កញ្ញា ចក់ សុភាព យល់ថា ទង្វើ​ខុសឆ្គង​របស់​រាជរដ្ឋាភិបាល ដែល​កើតឡើង​ថ្មី​នេះ រួមមាន ការបង្ក្រាប​ដោយ​ហិង្សា​ពី​កម្លាំង​សមត្ថកិច្ច មិន​មាន​អត្តសញ្ញាណ និង​ជំនាញ​ច្បាស់លាស់ ការឃុំ​ខ្លួន​សកម្មជន​សិទ្ធិមនុស្ស ដើម្បី​បំបាក់​ការតស៊ូ​របស់​ពលរដ្ឋ ក៏​ជា​ផ្នែក​មួយ​ដែល​រដ្ឋាភិបាល គប្បី​ឆ្លើយតប​ជា​បន្ទាន់​ផង​ដែរ​ «​ជា​ពិសេស​ការចាប់ខ្លួន​របស់​បាតុករ ក្នុងនោះ​មាន​សកម្មជន​សិទ្ធិ​មនុស្ស​ផង​ដែរ​នោះ ហើយ​មាន​ការដាក់​និទណ្ឌភាព ការផ្តោត​ទៅលើ​សកម្មជន​សិទ្ធិ​មនុស្ស​ឬ​មួយ​ក៏​ពលរដ្ឋ នៅពេល​ដែល​គាត់​ចេញ​តវ៉ា គឺ​នៅតែ​ជា​បញ្ហា​»​។​
VOD មិនអាច​សុំ​ការឆ្លើយតប​ពី​ប្រធាន​គណៈ​កម្មាសិទ្ធិ​មនុស្ស លោក ឱម យ៉ិនទៀង បានទេ ដោយ​ទូរស័ព្ទ​ចូល​តែ​មិន​មាន​អ្នក​លើក​។ សម្រាប់​អ្នកនាំពាក្យ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផា​ន មានប្រសាសន៍ថា ដំណើរការ​វាយ​តម្លៃ​នេះ ជា​កិច្ចការងារ​អន្តររដ្ឋាភិបាល និង​ការចែករំលែក​បទពិសោធ​ន៍ ដើម្បី​បង្កើន​គុណភាព​ដល់​ការគោរព​សិទ្ធិមនុស្ស ក្នុងន័យនេះ ភាគី​នីមួយៗ​មាន​ឋានៈ​ស្មើគ្នា​។ លោក​ចាត់​ទុក ការកើនឡើង​នៃ​ចំនួន​អនុសាសន៍ មិនមែន​ជា​រឿង​អវិជ្ជមាន​ឡើយ ប៉ុន្តែ​វា​បាន​ឆ្លុះបញ្ចាំង​ពី​ភាព​ចាស់ទុំ និង​តម្រូវការ​សង្គម ឆ្លើយតប​នឹង​ស្ថានភាព​រីកចម្រើន​នាពេល​បច្ចុប្បន្ន​ «​ការជួបជុំ​គ្នា​ នេះ គឺ​គ្មាន​អ្នកណា​ជា​នគរបាល គ្មាន​អ្នកណា​ជា​ចៅក្រម ក្នុង​ការវិនិច្ឆ័យ​ទៅលើ​តួ​នៃ​រដ្ឋាភិបាល​ណាមួយ​។ ថ្វី​ត្បិត​អង្គការសហប្រជាជាតិ ជា​អង្គការ​អន្តរ​រដ្ឋភិបាល ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​ភាព​ជា​ដៃគូ​តែប៉ុណ្ណោះ ហើយ​អ្វី​ដែល​ជា​ការលើកឡើង ជា​ការសិក្សា ជាការ​សំនូមពរ របស់គេ អាច​ចែក​ទៅដល់​លទ្ធភាព​ដទៃទៀត តើ​យើង​អាចបំពេញ​ពីអ្វី​ដែល​ជា​កាតព្វកិច្ចរ​បស់​យើង ដែល​យើង​បាន​សច្ចា​ថា យើង​បាន​ចូលរួម​ទៅ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ហើយ​គោរព​សិទ្ធិមនុស្ស​នៅ​ កម្ពុជា​»​។​
​ប្រទេស​កម្ពុជា ត្រូវបាន​វាយតម្លៃ​ដោយ​ក្រុមការងារ​អង្គការសហប្រជាជាតិ​លើកដំបូង កាលពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០០៩ ដោយ​គ្រានោះ​UN បាន​ផ្តល់​អនុសាសន៍​កែលម្អ​ចំនួន ៩១​ចំណុច ហើយ​រដ្ឋាភិបាល បាន​ប្រកាស​ទទួល​យក​អនុសាសន៍​ទាំងអស់នោះ ហើយ​ត្រូវបាន​វាយតម្លៃ​ជា​ថ្មី កាលពី​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៤​នេះ ដោយ​ក្រុមការងារ​របស់​អង្គការសហប្រជាជាតិ និង​រដ្ឋ​ជា​សមាជិក​។ ការវាយតម្លៃ​ជាថ្មី​នេះ ត្រូវបាន​ក្រុម​ការងារ​អង្គ​សហប្រជាជាតិ និង​រដ្ឋ​ជា​សមាជិក បន្ថែម​អនុសាសន៍​ថ្មី​លើ​អនុសាសន៍​ចាស់​ចំនួន ៤៧​ទៀត ដែល​សរុប​មាន​ចំនួន ១៣៨​ចំណុច​៕