មេធាវី​៖ សាលាឧទ្ធរណ៍ អាច​នឹង​​បើក​សវនាការ​ករណី​សុំ​នៅ​ក្រៅ​ឃុំ​របស់​ជន​ទាំង​២៣​នាក់ នៅ​ថ្ងៃ​ទី​១១​កុម្ភៈ​​

1/30/2014 0 Comments A+ a-

មេធាវី​ការពារ​ក្តី​ជនជាប់ចោទ​២៣​នាក់ ឲ្យដឹងថា សាលាឧទ្ធរណ៍ អាច​នឹង​បើក​សវនាកា​រលើ​សំណុំរឿង​សុំ​ក្រៅ​ឃុំ​របស់​លោក វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ជន​ទាំង​២២​នាក់​ទៀត​នោះ នៅ​ថ្ងៃ​ទី​១១​ខែ​កុម្ភៈ ខាងមុខនេះ​។​
មេធាវីការ​ពារ​ក្តី​​​លោក វ​ន់ ពៅ លោកស្រី សាម សុគន្ធា មានប្រសាសន៍ប្រាប់ VOD នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោកស្រី​រួម​នឹង​សហ​មេធាវី​ផ្សេង​ទៀត នៅ​មិនទាន់​ទទួល​បាន​ដី​កាឲ្យ​ចូលរួម​សវនា​ការ​សម្រេច​ពី​ការដាក់​លោក វ​ន់ ពៅ និង​ជន​២២​ផ្សេង​ទៀត​ឲ្យនៅ​ក្រៅ​ឃុំ​នៅឡើយ​ទេ​។ តែ​លោក​ស្រី​​ថា បើ​តាម​លោក​មេធាវី​ម្នាក់​ដែល​ការពារ​រឿង​ក្តី​របស់​លោក វ​ន់ ពៅ ដែរនោះ បាន​បង្ហើប​ឲ្យដឹងថា សាលាឧទ្ធរណ៍​នឹង​បើក​សវនាការ​សម្រេច​លើ​រឿង​ក្តី​របស់​លោក វ​ន់ ពៅ រួម​នឹង​អ្នក​ដែល​កំពុង​ជាប់​ឃុំ​ទាំង​២២​នាក់​ទៀត នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កុម្ភៈ ខាងមុខនេះ​។​
​វី​អូ​ឌី មិនអាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី លោក ឃុន លាង​ម៉េង ប្រធាន​​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍ បាន​ទេ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​
​ភរិយា​របស់​លោក វ​ន់ ពៅ អ្នកស្រី ប្រាក់ សុ​វណ្ណា​រី ប្រាប់ VOD ថា ស្ថានភាព​របួស​ស្វាមី​អ្នកស្រី​មាន​សភាព​គ្រាន់បើ​ហើយ តែ​លោក វ​ន់ ពៅ តែង​មាន​អាការៈ​ស្ពឹក​ផ្នែក​ខាងក្នុង ជា​ហេតុ​ធ្វើឲ្យ​លោកស្រី​មាន​ការបារម្ភ​ពី​ស្ថាន​ភាព​ជំងឺ​របស់​គាត់ ថា​អាច​នឹង​ស្លាប់​មួយ​ចំហៀង​ខ្លួន​។ អ្នកស្រី បាន​ស្នើ​ឲ្យ​តុលាការ​​សម្រេច​ឲ្យ លោក វ​ន់ ពៅ ស្ថិតនៅ​ក្រៅ​ឃុំ ដើម្បី​ព្យាបាល​ជំងឺ​។​
ទាក់ទង​នឹង​ករណី​នេះ​ដែរ ប្រធាន​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោកស្រី ពុង ឈី​វ​កេក និង​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក យ៉េង វីរៈ ក៏​បាន​ឲ្យ​មេធាវី ត្រៀម​ឯកសា​រដាក់​ទៅ​តុលាការ​ធានា​លោក វ​ន់ ពៅ ឲ្យនៅ​ក្រៅ​ឃុំ​ផង​ដែរ​។ លោកស្រី​ពុង ឈី​វ​កេក មាន​ប្រសាសន៍​ថា មូល​ហេតុ​​ដែល​ពួកគាត់​សម្រេច​ចិត្ត​ធានា លោក វ​ន់ ពៅ ឲ្យ​ស្ថិតនៅ​ក្រៅ​ឃុំ ដោយសារ​តែ​ស្ថានភាព​ជំងឺ​របស់​លោក​មាន​សភា​ព​ធ្ងន់ធ្ងរ ហើយ​ត្រូវ​ការ​​​ការព្យាបាល​​ពី​គ្រូពេទ្យ​ជំនាញ បើ​មិន​ដូច្នោះ​ទេ លោក​អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត​។
​លោក វ​ន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ជន​ទាំង​២២​នាក់​ទៀត ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​០២ ខែ​មករា ឆ្នាំ​២០១៤ ខណៈ​ដែល​ពួកគាត់​បាន​ចូលរួម​បាតុកម្ម​ជាមួយ​កម្មករ តវ៉ា​ទាមទារ​ប្រាក់ខែ​គោល ១៦០​ដុល្លារ​ក្នុង​មួយខែ នៅ​មុខ​រោងចក្រ​យ៉ាក​ជី​ង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ពេលនេះ អ្នក​ទាំង​២៣​នាក់​នេះ កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​កំពង់ចាម ដែល​គិត​មក​ដល់​ពេល​នេះ មាន​រយៈពេល​ជិត​មួយ​ខែ​មក​ហើយ​៕