លោក ​រ៉ុង ​ឈុន​៖ ​កម្មករ​​​នៅ​​​តែ​​​បន្ត​​​ទាម​​ទារ​​​ប្រាក់​​ខែ​​​ឲ្យ​​បាន​​​១៦០​​​ដុល្លារ​​​

1/01/2014 0 Comments A+ a-

ក្រុម​​កម្មករ​​កម្មការិនី​​រោងចក្រ​​កាត់​ដេរ​​នៅ​​ថ្ងៃ​ទី​ ០១​ មករា ​ឆ្នាំ​២០១៤​​នេះ​ បាន​នាំ​គ្នា​​ផ្អាក​​ការ​ធ្វើ ​បាតុកម្ម​​កូដកម្ម ​ព្រោះ​​ដោយ​សារ​​តែ​​ជា​​ថ្ងៃ​​ឈប់​​សម្រាក​​។ ​តែ​​យ៉ាង​ណា​ក៏​ដោយ​​ក្រុម​​កម្មករ​​ទាំង​​នេះ​ នឹង​​បន្ត​ការ​ធ្វើ​បាតុកម្ម​​កូដកម្ម​​សារ​ជា​​ថ្មី​​នៅ​ថ្ងៃ​ទី ​០២​ មករា ​នៅតាម​​បណ្តា​មុខរោង​ចក្រ​​​ទាំងអស់ ​ដើម្បី​​ធ្វើ​​យ៉ាង​​ទាម​ទារ​​ប្រាក់​ខែ​​គោល​​ឲ្យ​បាន​​១៦០​​ដុល្លារ​​។ ​នេះ​​បើ​​តាម​​ការបញ្ជាក់​​ពី​​សំណាក់​​លោក​ រ៉ុង ​ឈុន ​ប្រធាន​​​​សមាគម​​គ្រូបង្រៀន​​កម្ពុជា​ឯករាជ្យ ​និង​​ជា​អ្នក​ដឹកនាំ​​បាតុកម្ម​​។​​
​ដោយ​ឡែក​​ចំពោះ​​ក្រុម​បាតុករ​​គណបក្ស​សង្គ្រោះ​ជាតិ​​​កាល​ពី​យប់​​ ថ្ងៃទី ​៣១​ ខែ​ធ្នូ ​ឆ្នាំ​២០១៣ ​បាន​នាំគ្នា​​រាំ​ច្រៀង​​យ៉ាង​​សប្បាយ​​រីករាយ​ ដើម្បី​​​អបអរ​សាទរ​​ពិធី​​ឆ្លង​​ឆ្នាំ​​ចាស់​​ផ្លាស់​ចូល​​ឆ្នាំ​ថ្មី​​ ឆ្នាំ​​២០១៤ ​នៅ​​ឯ​ទីលាន​​ប្រជាធិប​តេយ្យ​​ បន្ទាប់​ពីថ្នាក់​ដឹកនាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ផ្អាក​ការ​ដើរ​ហែរ​ ក្បួន​បាតុកម្ម​រយៈ​ពេល​មួយ​សប្តាហ៍​។​
​តែ​​យ៉ាង​ណា​​ក៏​ទាក់​ទង​​នឹង​​ការធ្វើ​​បាតុកម្ម​កូដកម្ម​​របស់​កម្មករ ​​នៅ​ថ្ងៃ​ទី​ ០២​ មករា ​ដែល​​មាន​​ការប្តូរ​​ទីតាំង​​ធ្វើ​បាតុកម្ម​​ពីមុខ​​ក្រសួង​​ការងារ​ ទៅ​​មុខ​រោងចក្រ​វិញ​នោះ ​ត្រូវបាន​​លោក ​កែម ឡី ​អ្នក​តាម​ដាន​​ស្ថាន​ការណ៍​​សង្គម​ បាន​លើកឡើង​ថា​ ការធ្វើ​បាតុកម្ម​កូដកម្ម​មិនមែន​ជា​បច្ច័យ​​ល្អ​សម្រាប់​សង្គម​ជាតិ​នោះ​ទេ ​ មិន​ថា​តែ​ធ្វើ​នៅ​ទីតាំង​ណា​នោះ​ទេ​ គឺ​អាច​មាន​ការប៉ះពាល់ ​ជាពិសេស​រវាង​ក្រុមបាតុករ ​និង​មន្ត្រី​អា​ជ្ញាធរ​។​ ​ដូច្នេះ​ដើម្បី​ដោះស្រាយ​គួរ​ណាស់​តែ​មាន​ការរៀបចំ​យន្តការ​ដោះស្រាយ​ ឲ្យបាន​ជាក់លាក់​។​
​គួរ​បញ្ជាក់​ថា​ នៅ​ថ្ងៃ​ទី ​០២ មករា​ ឆ្នាំ​២០១៤ ​ជា​ថ្ងៃ​ដែល​ក្រសួង​ការងារ​ បាន​ស្នើ​អោយ​កម្មក​រ​តាម​រោង​ចក្រ​វិលត្រឡប់ ​ចូលធ្វើ​ការងារ​វិញ និង​​បាន​បង្គាប់​​អោយ​និយោជក​ទាំងអស់​ បើក​ដំណើរការ​សកម្មភាព ​រោង​ចក្រ​សារ​ឡើងវិញ​ផងដែរ​។​ ​ដោយឡែក ​កាលពី​ថ្ងៃ​ទី​៣១ ធ្នូ​ ក្រសួង​​​ការងារ​​ ក៏​បាន​និរាករណ៍​សេចក្តីប្រកាស​ចាស់ ​អំពី​ប្រាក់​កំណត់​ថ្លៃឈ្នួល​អប្បបរមា​កម្មករ ដោយ​សេចក្តីប្រកាស​ថ្មី បានបញ្ជាក់​ថា​ប្រាក់​ឈ្នួល​អប្បបរមា ​ចំពោះ​កម្មករ​ឡើង​រហូត​ដល់ ​១០០​ដុល្លារ ​នៅ​ឆ្នាំ​២០១៤​នេះ​​៕(ដោយៈសៅ វិសាល)
___________________
ប្រភពពី វាយោ FM