អង្គការអន្តរជាតិជំរុញឲ្យរដ្ឋាភិបាលចាប់អ្នកបាញ់មនុស្សស្លាប់នៅវ៉េងស្រេង
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការ ឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លោក ប៊្រែដ អាដាម (Brad Adams) បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា នាំខ្លួនជនដៃដល់ដែលបាញ់សម្លាប់កម្មករចំនួន ៤នាក់ កាលពីដើមខែមករា យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ហើយទាមទារឲ្យដោះលែងមនុស្សចំនួន ២៣នាក់ ដែលសមត្ថកិច្ចកំពុងឃុំខ្លួននៅគុកត្រពាំងផ្លុង ខេត្តកំពង់ចាម ឲ្យមានសេរីភាពឡើងវិញ។
លោក ប៊្រែដ អាដាម៖ «រដ្ឋាភិបាលត្រូវតែដោះលែងពួកគេជាបន្ទាន់ ពីព្រោះអ្នកដែលត្រូវបានគេឃុំខ្លួន នោះសុទ្ធតែជនស្លូតត្រង់។ មានសេចក្ដីរាយការណ៍មកថា ពួកគេត្រូវបានឃុំខ្លួនក្នុងមន្ទីរឃុំឃាំងមួយក្នុងខេត្តកំពង់ចាម ក្បែរព្រំដែនវៀតណាម ដែលជាកន្លែងមួយលំបាកចូលទៅដល់។ ហេតុអ្វីបានជាកន្លងមកអាជ្ញាធរលាក់កំបាំងពួកគេ? ដោយសារអ្នកទាំងនោះទទួលរងនូវអំពើទារុណកម្ម ឬមួយការធ្វើបាបផ្សេងៗ ដែលយើងមិនបានដឹង?»។
ក្នុងចំណោមមនុស្សទាំង ២៣នាក់ ដែលកំពុងឃុំឃាំងនៅក្នុងគុកត្រពាំងផ្លុង មានអ្នកការពារសិទិ្ធមនុស្សចំនួន ៣នាក់ គឺលោក វន់ ពៅ លោក ថេង សាវឿន និងលោក ច័ន្ទ ពុទ្ធិស័ក។ មនុស្សចំនួន ៨នាក់ក្នុងចំណោម ២៣នាក់ រួមទាំងអនីតិជនដែលសមត្ថកិច្ចកំពុងឃុំខ្លួននៅមណ្ឌលកែប្រែ ម៣ ឬហៅថាគុកត្រពាំងផ្លុង ក្នុងស្រុកពញាក្រែក ខេត្តកំពង់ចាម ជាប់ទល់ដែនវៀតណាមនោះ កំពុងមានសុខភាពទន់ខ្សោយ ស្លេកស្លាំងយ៉ាងទ្រុឌទ្រោម។ អាជ្ញាធរទើបតែអនុញ្ញាតឲ្យគ្រួសាររបស់ពួកគេចូលសួរសុខទុក្ខបន្ទាប់ ពីបានឃុំខ្លួនជិតមួយអាទិត្យមកហើយនោះ។
សូមរង់ចាំអានព័ត៌មានពិស្ដារនៅពេលបន្តិចទៀត….
ប្រភពពី វិទ្យុអាស៊ីសេរី