ក្មេង​ឈាមរាវ​យក​ផាវ​គ្រាប់បែក ច្នៃ​រំសេវ​ដាក់​កំប៉ុង​លេង ផ្ទុះ​របួសធ្ងន់​ស្រាល ៤​នាក់​

1/25/2014 0 Comments A+ a-

ខេត្តបាត់ដំបង ៖ យុវ​ជន ៤ នាក់​​បែក​គំ​និត​​នាំ​គ្នា លេង​​ផាវ​​គ្រាប់​បែក ហើយ​​ចង់​​ស្តាប់ ស្នូរ​​ផ្ទុះ​​លាន់​ឮ​​ខ្លាំង បាន​​ខ្វះ​​យក​រំ​សេវ កែ​ច្នៃ​​ដាក់​​កំ​ប៉ុង​​លេង ពេល​ដែល​​កំ​​ពុង​បុក​​នោះ ស្រាប់​តែ​​ចេញ​​ផ្កា​ភ្លើង បណ្តាល​​ឲ្យ​​ឆេះ​​ផ្ទុះ រង​របួស​​ធ្ងន់ ២ នាក់​​ស្រាល ​ ២ នាក់ ដឹក​ទៅ​សង្គ្រោះ នៅ​មន្ទី​ពេទ្យ​អេ​មេ​ស៊ិន​ស៊ី ខេត្តបាត់ដំបង កាលពី​ម៉ោង ១១​និង​៣០ នាទី​ព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៤ នៅក្នុង​ភូមិ​ជាម​ន្ត្រី ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។​
​លោក ឃុំ សយ អធិការ​ស្រុក​រតនមណ្ឌល បាន​ឲ្យ​ដឹងថា យុវជន​ដែល រងគ្រោះ​ទាំង ៤​នាក់ រួមមាន​ទី​១-​ឈ្មោះ ចេក ចាន់​ធួន អាយុ ២០​ឆ្នាំ រង​ភ្នែក​សងខាង រង​របួស​​ធ្ងន់ ទី​២-​ឈ្មោះ ចេក ចាន់​រិ​ទ្ធិ អាយុ ១៥​ឆ្នាំ របួស​ដៃ​និង​ទ្រួ​ង របួសស្រាល ទី​៣-​ឈ្មោះ ខុម ចិន អាយុ ១៥​ឆ្នាំ របួស​ដៃ​និង​មុខ របួសធ្ងន់ ទី​៤-​ឈ្មោះ នុយ សុ​ភាព អាយុ ១៨​ឆ្នាំ របួស​សុះ​ជើង​សងខាង របួសស្រាល​។ ទាំង ៤​នាក់​នេះ រស់នៅ​ភូមិ​ជាម​ន្ត្រី ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង កំពុង​សង្គ្រោះ នៅក្នុង​មន្ទី​ពេទ្យ​អេ​មេ​ស៊ិន​ស៊ី ខេត្តបាត់ដំបង នៅឡើយ​។​
​ក្រុមយុវជន​រងគ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ថា ពួកគេ​បាននាំគ្នា ទិញ​ផាវ​គ្រាប់បែក មក​ដុត​លេង ក្រោយមក​ដោយ​ចង់​ស្តាប់ សំឡេង​ផ្ទុះ​អោយ​កាន់តែខ្លាំង ក៏​យក​រំសេវ​​ផាវ ទៅបុក​ដាក់​ក្នុង​កំប៉ុង ហើយ​ពេល​កំពុង​បុក​រំសេវ ដាក់ចូល​ក្នុង​កំប៉ុង​នោះ ស្រាប់តែ​បែក​ផ្កាភ្លើង ឆេះ​ផ្ទុះ​តែម្ដង​។ ប្រជាពលរដ្ឋ រស់នៅ​ក្បែរ​កន្លែងកើតហេតុ បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​ថ្ងៃត្រង់​ថ្ងៃទី​២៤ ខែមករា មាន​ឮ​សំឡេង​ផ្ទុះ ដូច​បែក​កង់ឡាន ហើយ​ឃើញ​ក្រុមយុវជន ៤​នាក់ រត់​ស្រែក​ឲ្យ​គេ​ជួយ ទើប​នាំគ្នា​ភ្ញាក់ផ្អើល ទៅ​មើល​តែម្ដង​។
​ក្រុមគ្រួសារ​រងគ្រោះ បានបញ្ជាក់​ប្រាប់ថា ឈ្មោះ ចេក ចាន់​ធួន អាយុ ២០​ឆ្នាំ រងរបួស​ភ្នែក​នោះ គឺ​ពេទ្យ​ខ្វេះ​យក គ្រាប់ភ្នែក​ខាងស្ដាំ ម្ខាង​ចេញ​ហើយ​។ ចំណែក ៣ នាក់​ទៀត ដែល​រងរបួស​ធ្ងន់​ស្រាល កំពុង​ព្យាបាល​នៅឡើយ​។ ដូច្នេះ​សូម​ប្អូនៗ ឈប់​លេង​គ្រឿងផ្ទុះ​ទៀត ហើយ​សូម អាណាព្យាបាល ជួយ​ណែនាំ​កូនចៅ កុំអោយ​ទិញ​ផាវ យកមក​លេង ផ្តេសផ្តាស ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​៕


ប្រភពពី វត្តភ្នំ