សង្គម​ស៊ីវិល​មួយ​ទៀត​ដាក់​កំហុស គ.ជ.ប ពី​«បញ្ហា»​នៃ​បញ្ជី​បោះ​ឆ្នោត

1/08/2014 0 Comments A+ a-

ការធ្វើបញ្ជីឈ្មោះបោះឆ្នោតសារជាថ្មី ជាយន្តការចំបងនិងត្រូវរៀបចំបង្កើតឡើង ដោយគណកម្មការមួយឯករាជ្យ ដែលអាចផ្តល់ទំនុកចិត្ត ជាមួយនឹងសមាសភាពចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ការចុះបញ្ជីឈ្មោះជាថ្មីនេះ ដើម្បីបង្កើន​នូវគុណភាព រួមនិងការកាត់បន្ថយនូវផលអវិជ្ជមានឲ្យនៅតិចតួចបំផុត។ នេះជាការលើកឡើងរបស់លោក រស់ សារ៉ុម ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា។

អ្នកបោះឆ្នោតមួយរូប បានបោះសន្លឹកឆ្នោតចូលទៅក្នុងហិបឆ្នោត។ (រូបថត IRI)
បញ្ជីបោះឆ្នោតថ្មី - របាយការណ៍ស្តីពី«លទ្ធផលនៃការធ្វើសវនកម្មបញ្ជីបោះឆ្នោត» ដែលបានដាក់ទៅលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤កន្លង​មក ហើយដែលទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ទើបបានទទួលកាលពីល្ងាចថ្ងៃទី៦ ខែមករាម្សិលម៉ិញនេះ បានធ្វើការសិក្សា ពី«មូលហេតុនៃភាពមិន​ប្រក្រតីនៃ​បញ្ជី​បោះឆ្នោត» ដើម្បីផ្តល់ជាអនុសាសន៍ និងដាក់ជូនទៅរដ្ឋាភិបាល ក៏ដូចជាភាគីពាក់ព័ន្ធនានា ដាក់ចេញជាប្រធានបទ និងលើកយកមកធ្វើ ការពិភាក្សា ក្នុងសិក្ខាសាលាថ្នាក់ជាតិមួយ ស្តីពីការកែទម្រង់ប្រព័ន្ធបោះឆ្នោតនាថ្ងៃទី៩ ខែមករា ខាងមុខនេះ។
ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា​ និងជាតំណាងឲ្យមេភូមិ មេឃុំ និងប្រជាពលរដ្ឋ ក្នុងឃុំគោលដៅគំរូ​នៃ​ការ​ធ្វើសវនកម្មបញ្ជីឈ្មោះបោះឆ្នោតឃុំថ្លាត ស្រុកអន្លងវែង ខេត្តឧត្តមានជ័យ និងឃុំត្បែងពីរ ស្រុកគូលែន ខេត្ត​ព្រះវិហារ បានយកទិន្នន័យពាក់ព័ន្ធ នឹងសុច្ចរិតភាពរបស់បញ្ជីបោះឆ្នោត មកធ្វើការវាយតម្លៃ និងប្រៀបធៀបគ្នាថា តើ​ឃុំ​ដែល​មានមេឃុំ មកពីគណបក្សប្រជាជនកម្ពុជា និងមេឃុំមកពីគណបក្សសង្គ្រោះជាតិ មានការគ្រប់គ្រង និង​រៀបចំ​នៃ​បញ្ជី​ឈ្មោះបោះឆ្នោតមានភាពខុសគ្នាដល់យ៉ាងណា!។
លោកបានបង្ហាញពីសវនកម្មលើឃុំទាំងពីរនេះ ទៅលើករណីប្រាំបួនយ៉ាង រួមមានឈ្មោះស្ទួន មានឈ្មោះឥត​មាន​មនុស្ស (ឈ្មោះខ្មោច) ការធ្វើចំណាកស្រុក ទិន្នន័យខុសពីអត្តសញ្ញាណប័ណ្ណ (ខុសអក្ខរាវិរុទ្ធ) ឈ្មោះអ្នក​រស់នៅ​តំបន់ផ្សេង អ្នកគ្មានអត្តសញ្ញណប័ណ្ណ ការផ្លាស់ប្តូរលំនៅ យោធាប្តូរមូលដ្ឋាន និងអ្នកដែលបានស្លាប់ដោយ​មិនទាន់​លប់ឈ្មោះជាដើម។ លោកបានបន្តរថា តាមសវនកម្មទាំងប្រាំបួនចំណុចខាងលើបានបង្ហាញថា បញ្ជីបោះឆ្នោត​ដែល គ.ជ.ប បានរៀបចំ និងកំពុងប្រើប្រាស់នៅតាមមូលដ្ឋាន ជាក់ស្តែងដូចនៅឃុំត្បែងពីរ ទោះជាមានកម្រិត​លំអៀង​ទាប ក៏នៅតែជះឥទ្ធិពល និងផលប៉ះពាល់ដល់លទ្ធផលបោះឆ្នោតដែរ។
ដូចគ្នានេះក្នុងសន្និសិទសារព័ត៌មាន នៃគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក៏បានលើកឡើងពី ការបន្លំ​សន្លឹក​ឆ្នោតតាមរូបភាពជាច្រើន ដែលចាំបាច់ត្រូវមានការបោះឆ្នោតឡើងវិញ បន្ទាប់ពីមានការកែទម្រង់ការបោះឆ្នោត​ឲ្យ​បានត្រឹមត្រូវ។ លោកបានបញ្ជាក់ថា «មានការបន្លំច្រើន ណាស់ ត្រូវទាមទាឲ្យមានការ​ត្រួតពិនិត្យឡើងវិញ។ (…) កុំឲ្យមានបញ្ហានៃការលួចបន្លំមានតទៅទៀត ត្រូវតែកែទម្រង់ការឆោះឆ្នោត ទាំងប្រព័ន្ធ និងរបៀបនៃការចុះឈ្មោះ​បោះឆ្នោត។»
ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូមិនអាចសុំការបញ្ជាក់ ពីមន្រ្តីកិច្ចការនយោបាយនៃក្រសួងមហាផ្ទៃ មន្រ្តីនៃ​គណបក្ស​ប្រជាជនកម្ពុជា និងមន្រ្តី គ.ជ.ប ពីបញ្ហានៃលទ្ធផលនៃការស្រាយជ្រាវ​ខាងលើនេះបានទេ នាព្រឹកថ្ងៃទីប្រាំពីរ ខែ​មករានេះ។ តែយោងតាមលិខិតជូនដំណឹងចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ របស់ក្រសួងមហាផ្ទៃដែលចុះហត្ថលេខា​ដោយរដ្ឋលេខាធិការលោក ប៉ុល លឹម បានបញ្ជាក់ឲ្យសមាគមជ័យលាភីបញ្ញាជនកម្ពុជា ធ្វើការប្រមូលផ្តុំព័ត៌មាន​នានា ជុំវិញបាតុភាព អវិជ្ជមាន ដែលបណ្តាលឲ្យបញ្ជីបោះឆ្នោតមានភាពមិនពេញលេញ។ ក្នុងលិខិតនោះបន្តរថា លទ្ធផលនៃការស្រាវជ្រាវ និងក្លាយជាអនុសាសន៍សម្រាប់អង្គសិក្ខាសាលា ស្តីពីការកែទម្រង់ការ បោះឆ្នោត​ឲ្យ​កាន់​តែល្អប្រសើរ។
លោក រស់ សារ៉ុម បានធ្វើការសន្និដ្ឋានថា តាមករណីនៃសវនកម្មខាងលើ នឹងមានឃុំជាច្រើន​ទៀតក្នុង​ ប្រទេស​កម្ពុជា មានបញ្ហាចំពោះបញ្ជីបោះឆ្នោតនេះ។ តាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋាន លោកបានចាត់ទុកថាបញ្ហា​ទាំង​នេះ​កើត​ឡើងមកពីកំហុស គ.ជ.ប ព្រោះតែមិនបានយកបញ្ជីបោះឆ្នោត ដែលបានកែដោយរដ្ឋអំណាចមូលដ្ឋាន ផ្ទុយ​មក​វិញ​ គ.ជ.ប នៅតែឲ្យបញ្ជីឈ្មោះដែលខុសនោះត្រឡប់មកសារជាថ្មីដដែល។
លោកក៏បញ្ជាក់ថានឹង​​  មានសន្និសិទសារព័ត៌មានមួយថ្ងៃទី៨ ខែមករា ខាងមុខនេះ ដើម្បីបង្ហាញ ពីលទ្ធផល​ដែល​បានស្រាវជ្រាវនេះ ជាប្រយោជន៍ដល់សាធារណៈ និងជំរុញឲ្យគ្រប់ ស្ថាប័នដែលពាក់ព័ន្ធទាំងអស់ យកចិត្ត​ទុក​ដាក់​ក្នុងការរៀបចំបញ្ជីបោះឆ្នោតយ៉ាងសកម្មដោយ គណកម្មការឯករាជ្យ ប្រកបដោយគុណភាព សុច្ចរិតភាព ជាមួយ​នឹងអព្យាក្រិត្យភាពនៃមន្រ្តី រៀបចំការបោះឆ្នោត៕
---------------------------------------------------------
ប្រភព ពី៖ មនោរម្យព័ងអាំងហ្វូ