ចាប់ខ្លួន វ៉ន ពៅ និងបក្ខពួកជាង ១០ នាក់ បូករួមទាំងព្រះសង្ឃ រកឃើញខោខ្លី ស្រោមអនាម័យ ព្រមទាំងថ្នាំសម្រើប

1/02/2014 0 Comments A+ a-

ផ្តល់សិទ្ទិដោយ៖dap-news.com
-ភាគីពាក់ព័ន្ធ កំពុងដោះស្រាយ បញ្ហាដើម្បីបញ្ចប់

ភ្នំពេញ ៖ ក្រោយការប៉ះទង្គិចគ្នាមួយ ប្រាវ រវាងក្រុមលោក វ៉ន ពៅ ប្រធានសមា គមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាមួយកម្លាំង យោធា អង្គភាពឆ័ត្រយោង ៩១១ ស្ថិតនៅ ក្បែរតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សង្កាត់ កំបូល ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃ ទី០២ ខែមករា ឆ្នាំ២០១៤ នេះ មនុស្ស ជាង ១០នាក់ បូករួមទាំង ព្រះសង្ឃក្នុងនោះ ក៏មានលោក វ៉ន ពៅ ផងដែរ ត្រូវបានចាប់ ខ្លួន យកទៅសួរនាំពីបទ ដើរអុកឡុកតាម បណ្ដារោងចក្រ សហគ្រាស ឱ្យកម្មករចេញ មកតវ៉ាជាមួយខ្លួន ព្រមទាំងបិទផ្លូវលំបង្ក ឱ្យកកស្ទះចរាចរណ៍ ។
យោងតាមសេចក្ដីរាយការណ៍ ពីមន្ដ្រី យោធា អង្គភាព ៩១១ បានឱ្យដឹងថា ក្នុងចំណោមជនដែលត្រូវចាប់ខ្លួននោះ កម្លាំង សមត្ថកិច្ច ស្រាប់តែរកឃើញខោខ្លី ស្រោម អនាម័យ និងថ្នាំសម្រើបនៅលើខ្លួនព្រះសង្ឃទាំងនោះ ដូច្នេះពួកគេទំនងជាសង្ឃ ក្លែងក្លាយ ហើយចូលមកចូលរួមតវ៉ាជាមួយ ក្រុមបាតុករដែលដឹកនាំដោយ វ៉ន ពៅ ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០២ ខែ មករា នោះ លោកវ៉ន ពៅ បានដឹកនាំសកម្ម ជនរបស់ខ្លួន រួមមានកម្មករ ព្រះសង្ឃ និង សមាជិក សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រមាណ ៥០០នាក់ បិទផ្លូវលំ ស្ថិតក្នុងភូមិ ត្រសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ បណ្ដាលឱ្យកកស្ទះចរាចរណ៍ ក្នុងគោលបំណង តវ៉ាទាមទារប្រាក់ខែ ព្រមទាំងធ្វើសកម្ម ភាពដើររំខានតាមបណ្ដារោងចក្រមួយចំនួន ក្នុងគោលបំណងឱ្យកម្មករ ដែលកំពុងធ្វើ ការនៅតាមបណ្ដារោងចក្រ សហគ្រាសទាំង នោះចេញមកតវ៉ាជាមួយពួកគេ ។
ដោយសារតែមានសកម្មភាពខាងលើនេះ អាជ្ញា ធរ និងសមត្ថកិច្ចព្រមទាំងមន្ដ្រីអង្គការ សហប្រជាជាតិ ប្រចាំនៅកម្ពុជាបានចូល ទៅសម្របសម្រួល ឱ្យបើកផ្លូវវិញ ប៉ុន្ដែពួក គេមិនព្រមបើក ថែមទាំងគប់ដុំថ្ម និងដបទឹកសុទ្ធ មកលើកម្លាំងយោធា ជាហេតុធ្វើ ឱ្យមានការប៉ះទង្គិច រហូតដល់មានការចាប់ ខ្លួនតែម្ដងទៅ ។រហូតមកដល់វេលាម៉ោង ១ និង៣០នាទីរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤ នេះ លោក វ៉ន ពៅ និងបក្ខពួក មិនទាន់ត្រូវបានដោះលែងនៅឡើយទេ ដោយរង់ចាំការសួរនាំបន្ដទៀត ។
ក្រោយពីមានការចាប់ខ្លួន ក្រុមលោក វ៉ន ពៅ ខាងលើនេះ គេសង្កេតឃើញមាន វត្ដមានអ្នកនយោបាយមកពីគណបក្ស សង្គ្រោះជាតិ និងលោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ បានទៅទីនោះក្នុង គោលបំណង ជួយសម្របសម្រួល ។
ជាមួយគ្នានេះ ភាគីពាក់ព័ន្ធ បាននិងកំពុងដោះស្រាយ បញ្ហានេះ ក្នុងគោលបំណងឲ្យស្ថានការណ៍ខាងលើនេះ មានភាពធូរស្រាលឡើងវិញ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤ នេះ ក្រុមកម្មករតាមបណ្ដារោង ចក្រមួយចំនួន បាននាំគ្នាបិទផ្លូវជាតិសំខាន់ៗ ដូចជា បិទផ្លូវជាតិលេខ១ ត្រង់ក្លោងទ្វារ ចូលទៅវត្ដកៀនស្វាយក្នុង ផ្លូវជាតិលេខ២ បិទមុខរោងចក្រ តេរ៉ាតិច ផ្លូវជាតិលេខ ៥ បិទខាងជើងស្ថានីយប្រេង សូគីម៉ិច សង្កាត់ គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ និងបិទ ផ្លូវលំ ក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។
ជាមួយគ្នានេះសេចក្ដីរាយការណ៍មួយ ចំនួនបានឱ្យដឹងថា ក៏មានមនុស្សមួយក្រុម ក្នុងនោះមានទាំងព្រះសង្ឃផង ជិះម៉ូតូ និង ម៉ូតូកង់បី ទៅរំខានអុកឡុក និងចាក់ទម្លុះ ទ្វាររោងចក្រមួយចំនួន នៅម្ដុំសួនកាណាឌី យ៉ា និងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុង ខណ្ឌពោធិ៍សែនជ័យ ក្នុងគោលបំណងឱ្យ កម្មករដែលកំពុងធ្វើការនោះ ចេញមកតវ៉ា ជាមួយពួកគេ ។
យ៉ាងណាក៏ដោយរហូត មកដល់រសៀលថ្ងៃដដែលនេះ កំណាត់ផ្លូវ ជាតិលេខ១ និងលេខ២ ត្រូវបានបើកចរាចរណ៍ឡើង វិញ រីឯផ្លូវជាតិលេខ ២ មិនទាន់បើកចរាចរឡើងវិញនៅឡើយទេ ៕